ក្រុមអាជ្ញាធរខេត្តរតនគិរីបានឃាត់ខ្លួនប៉ូលិសដែលបានបាញ់អ្នកភូមិសាយ៉ោះលើ ឃុំកាឡែង ស្រុកលំផាត់ ឲ្យរងរបួស។
ស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ បញ្ជាក់ថា ប៉ូលិសបានឃាត់ខ្លួនអ្នកបាញ់នោះកាលពីថ្ងៃទី២៣ មិថុនាហើយ បច្ចុប្បន្នកំពុងស៊ើបអង្កេតទៅលើជនជាប់ចោទ ក៏ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយពីលទ្ធផលនៃការស៊ើបអង្កេតនោះទេ។
លោក រ៉ាយ រ៉ៃ បានឲ្យដឹងថា ៖ «ខ្ញុំរាយការណ៍មិនបានទេ។ យើងអនុវត្តតាមវិន័យរបស់កម្លាំងនគរបាល»។
ប្រភពមន្រ្តីខេត្តដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ហ្វឿវី ជាពលនគរបាល ត្រូវបានអង្គភាពចាត់ឲ្យទៅការពារការដ្ឋានដាំកៅស៊ូរបស់ក្រុមហ៊ុនឈ្មោះ ឌីអ៊ឹមហ្រ្គូប នៅតំបន់ចម្ការម៉ៃ ឋិតក្នុងភូមិភូមិសាយ៉ោះលើ ឃុំកាឡែង ស្រុកលំផាត់។ ប៉ូលិសឈ្មោះ វី នោះ បានបាញ់អ្នកភូមិកាលពីថ្ងៃច័ន្ទកន្លងទៅ ដោយសារមានទំនាស់ដីធ្លីរវាងក្រុមហ៊ុនជាមួយអុ្នកភូមិ។
បច្ចុប្បន្នប៉ូលិសឈ្មោះ វី កំពុងត្រូវដាក់ពិន័យនៅក្នុងស្នងការដ្ឋាននិងត្រូវប្រឈមមុខនឹងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជនរងគ្រោះឈ្មោះ សឿង ច្រាត ត្រូវគេបាញ់ធ្លាយភ្លៅពីម្ខាងទៅម្ខាង បញ្ជាក់នៅក្នុងមន្ទីរពេទ្យនៅព្រឹកថ្ងៃអង្គារ ទី២៣ មិថុនា ឲ្យដឹងថា មេការក្រុមហ៊ុនឈ្មោះ មាស ម៉ុន គឺជាអ្នកបញ្ជាក្នុងការបាញ់ប្រហារនេះ។ បន្ទាប់មកពលទាហានឈ្មោះ ផល្លី ផ្ទុះអាវុធផ្ញុចដីមួយគ្រាប់។ ចំណែកប៉ូលិសឈ្មោះ វី គឺជាអ្នកបាញ់ធ្វើឲ្យគាត់មានរបួស។
សឿង ច្រាត បានបញ្ជាក់ថា ៖ «ដាក់មួយគ្រាប់ បាញ់មេជើង បាញ់ខុស។ ដល់មួយសន្ទុះ ឈ្មោះ តាម៉ុន គេកាន់ដំបងឆក់ ហើយកូនទាហានក៏បាន... កាំភ្លើង៥-៦ដើម។ ទាហានបាញ់ពីក្រោយត្រូវខ្ញុំនេះ»។
តំណាងក្រុមហ៊ុនឌីអឹមហ្រ្គូប លោក សាយ ចំរើន មានប្រសាសន៍បដិសេធនៅថ្ងៃពុធ ទី២៤ មិថុនា ឆ្នាំ២០០៩ ថា មេការក្រុមហ៊ុនមិនបានបញ្ជាក្នុងការបាញ់អ្នកភូមិនោះទេ។ លោកថាអ្នកភូមិគឺជាអ្នករំលោភលើដីក្រុមហ៊ុនដែលបានទិញ។
លោក សាយ ចំរើន បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុនមិនបានបញ្ជាទេ គាត់ដេញកាប់ទាំងប្រធានការដ្ឋាន ដេញកាប់ទាំងកងកម្លាំងហ្នឹង ប៉ុន្តែបានបាញ់មួយគ្រាប់ឡើងទៅលើហ្នឹងដើម្បីឲ្យគាត់បំបែកហ្វូង ហើយដល់ពេលមួយគ្រាប់ចុងក្រោយហ្នឹងកៀកមែនទែនដែលគ្នាបាញ់ផ្ញុចទៅដី ប្លាតត្រូវ»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ទម្លាក់ការទទួលខុសត្រូវលើអាជ្ញាធរខេត្តដែលអនុញ្ញាតឲ្យដាក់កងកម្លាំងយោធានិងប៉ូលិសប្រដាប់អាវុធសម្រាប់ក្រុមហ៊ុនប្រើប្រាស់ជាលក្ខណៈឯកជន។ លោកថានឹងរៀបចំពាក្យបណ្តឹងជូនអ្នកភូមិទាក់ទិនការបាញ់
ប្រហារនេះ។
លោក ប៉ែន ប៊ុណ្ណារ៍ បានឲ្យដឹងថា ៖ «សមាគមអាដហុកធ្លាប់ប្រតិកម្មច្រើនដងហើយចំពោះការប្រើប្រាស់កម្លាំង មានប៉ូលិស មានទាហានហ្នឹង ទៅកាងការពារក្រុមហ៊ុនឯកជន»។
ប្រភពពីអ្នកភូមិសាយ៉ោះលើឲ្យដឹងថា ដីធ្លីសហគមន៍ជាង២០០ហិកតារគ្រប់គ្រងដោយអ្នកភូមិសាយ៉ោះលើនិងសាយោះក្រោមជាង២០០គ្រួសារត្រូវបានមេភូមិមេឃុំលក់ដោយប្រើប្រាស់ឯកសារក្លែងបន្លំ ហើយបន្ទាប់ពីអ្នកភូមិតវ៉ាកងយោធានិងនគរបាលប្រដាប់អាវុធជាង១០នាក់ត្រូវបានបញ្ជូនទៅបោះទីតាំងនៅការដ្ឋានក្រុមហ៊ុនឌីអឹមហ្រ្គូបក្នុងភូមិសាយ៉ោះលើកាលពីខែឧសភា ឆ្នាំ២០០៩ ដើម្បីការពារដីសម្រាប់ក្រុមហ៊ុន៕
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
យុវជនម្នាក់នៅព្រៃវែងរងរបួសធ្ងន់ដោយសារក្រុមក្មេងទំនើងលួចកាប់
ប្រធានមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តកណ្តាលត្រូវចាប់ខ្លួនពីបទវាយដំកុមារ
ជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងសម្លាប់មនុស្សត្រូវបានដោះលែង
ទាហានថៃរងការចោទថាប្រើអំពើហិង្សាលើស្រ្ដីខ្មែរម្នាក់ឲ្យរងរបួស