ប៉ូលិស​ដែល​បាញ់​អ្នក​ភូមិ​ឲ្យ​របួស​នៅ​ខែត្រ​រតនគិរី​ត្រូវ​ឃាត់​ខ្លួន

ក្រុម​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ឃាត់​ខ្លួន​ប៉ូលិស​ដែល​បាន​បាញ់​អ្នក​ភូមិ​សាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់ ឲ្យ​រង​របួស។

0:00 / 0:00

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក រ៉ាយ រ៉ៃ បញ្ជាក់​ថា ប៉ូលិស​បាន​ឃាត់​ខ្លួន​អ្នក​បាញ់​នោះ​កាលពី​ថ្ងៃ​ទី​២៣ មិថុនា​ហើយ បច្ចុប្បន្ន​កំពុង​ស៊ើប​អង្កេត​​ទៅ​លើ​ជន​ជាប់​ចោទ ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​លទ្ធផល​នៃ​ការស៊ើប​អង្កេត​នោះ​ទេ។

លោក រ៉ាយ រ៉ៃ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​រាយការណ៍​មិន​បាន​ទេ។ យើង​អនុវត្ត​តាម​វិន័យ​របស់​កម្លាំង​នគរបាល»

ប្រភព​មន្រ្តី​ខេត្ត​ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ឈ្មោះ ហ្វឿវី ជា​ពល​នគរបាល ត្រូវ​បាន​អង្គភាព​ចាត់​ឲ្យ​ទៅ​ការពារ​ការដ្ឋាន​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​ឈ្មោះ ឌីអ៊ឹមហ្រ្គូប នៅ​តំបន់​ចម្ការ​ម៉ៃ ឋិត​ក្នុង​ភូមិ​ភូមិសាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់។ ប៉ូលិស​ឈ្មោះ វី នោះ បាន​បាញ់​អ្នក​ភូមិ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ដោយសារ​មាន​ទំនាស់​ដី​ធ្លី​រវាង​ក្រុមហ៊ុន​ជាមួយ​អុ្នក​ភូមិ។

បច្ចុប្បន្ន​ប៉ូលិស​ឈ្មោះ វី កំពុង​ត្រូវ​ដាក់​ពិន័យ​នៅ​ក្នុង​ស្នងការដ្ឋាន​និង​ត្រូវ​ប្រឈម​មុខ​នឹង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

ជន​រងគ្រោះ​ឈ្មោះ សឿង ច្រាត ត្រូវ​គេ​បាញ់​ធ្លាយ​ភ្លៅ​ពី​ម្ខាង​ទៅ​ម្ខាង បញ្ជាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ មិថុនា ឲ្យ​ដឹង​ថា មេការ​ក្រុមហ៊ុន​ឈ្មោះ មាស ម៉ុន គឺ​ជា​អ្នក​បញ្ជា​ក្នុង​ការបាញ់​ប្រហារ​នេះ។ បន្ទាប់​មក​ពល​ទាហាន​ឈ្មោះ ផល្លី ផ្ទុះ​អាវុធ​ផ្ញុច​ដី​មួយ​គ្រាប់។ ចំណែក​ប៉ូលិស​ឈ្មោះ វី គឺ​ជា​អ្នក​បាញ់​ធ្វើ​ឲ្យ​គាត់​មាន​របួស។

សឿង ច្រាត បាន​បញ្ជាក់​ថា ៖ «ដាក់​មួយ​គ្រាប់ បាញ់​មេ​ជើង បាញ់​ខុស។ ដល់​មួយ​សន្ទុះ ឈ្មោះ តាម៉ុន គេ​កាន់​ដំបង​ឆក់ ហើយ​កូន​ទាហាន​ក៏​បាន... កាំភ្លើង​៥​-​៦​ដើម។ ទាហាន​បាញ់​ពី​ក្រោយ​ត្រូវ​ខ្ញុំ​នេះ»

តំណាង​ក្រុមហ៊ុន​ឌីអឹមហ្រ្គូប លោក សាយ ចំរើន មាន​ប្រសាសន៍​បដិសេធ​នៅ​ថ្ងៃ​ពុធ ទី​២៤ មិថុនា ឆ្នាំ​២០០៩ ថា មេការ​ក្រុមហ៊ុន​មិន​បាន​បញ្ជា​ក្នុង​ការបាញ់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា​អ្នក​ភូមិ​គឺ​ជា​អ្នក​រំលោភ​លើ​ដី​ក្រុមហ៊ុន​ដែល​បាន​ទិញ។

លោក សាយ ចំរើន បាន​មាន​ប្រសាសន៍​ថា ៖ «ក្រុមហ៊ុន​មិន​បាន​បញ្ជា​ទេ គាត់​ដេញ​កាប់​ទាំង​ប្រធាន​ការដ្ឋាន ដេញ​កាប់​ទាំង​កង​កម្លាំង​ហ្នឹង ប៉ុន្តែ​បាន​បាញ់​មួយ​គ្រាប់​ឡើង​ទៅ​លើ​ហ្នឹង​ដើម្បី​ឲ្យ​គាត់​បំបែក​ហ្វូង ហើយ​ដល់​ពេល​មួយ​គ្រាប់​ចុង​ក្រោយ​ហ្នឹង​កៀក​មែនទែន​ដែល​គ្នា​បាញ់​ផ្ញុច​ទៅ​ដី ប្លាត​ត្រូវ»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ទម្លាក់​ការទទួល​ខុស​ត្រូវ​លើ​អាជ្ញាធរ​ខេត្ត​ដែល​អនុញ្ញាត​ឲ្យ​ដាក់​កង​កម្លាំង​យោធា​និង​ប៉ូលិស​ប្រដាប់​អាវុធ​សម្រាប់​ក្រុមហ៊ុន​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន។ លោក​ថា​នឹង​រៀបចំ​ពាក្យ​បណ្តឹង​ជូន​អ្នក​ភូមិ​ទាក់ទិន​ការបាញ់​
ប្រហារ​នេះ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​ឲ្យ​ដឹង​ថា ៖ «សមាគម​អាដហុក​ធ្លាប់​ប្រតិកម្ម​ច្រើន​ដង​ហើយ​ចំពោះ​ការប្រើប្រាស់​កម្លាំង មាន​ប៉ូលិស មាន​ទាហាន​ហ្នឹង ទៅ​កាង​ការពារ​ក្រុមហ៊ុន​ឯកជន»

ប្រភព​ពី​អ្នក​ភូមិ​សាយ៉ោះលើ​ឲ្យ​ដឹង​ថា ដី​ធ្លី​សហគមន៍​ជាង​២០០​ហិកតារ​គ្រប់គ្រង​ដោយ​អ្នក​ភូមិ​សាយ៉ោះលើ​និង​សាយោះក្រោម​ជាង​២០០​គ្រួសារ​ត្រូវ​បាន​មេ​ភូមិ​មេ​ឃុំ​លក់​ដោយ​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ ហើយ​បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា​កង​យោធា​និង​នគរបាល​ប្រដាប់​អាវុធ​ជាង​១០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​បោះ​ទីតាំង​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ឌីអឹមហ្រ្គូប​ក្នុង​ភូមិ​សាយ៉ោះលើ​កាលពី​ខែ​ឧសភា ឆ្នាំ​២០០៩ ដើម្បី​ការពារ​ដី​សម្រាប់​ក្រុមហ៊ុន៕