ថ្លែងនៅក្នុងសម័យប្រជុំពិសេសរបស់សភាទាំងពីរថ្នាក់ កាលពីរសៀលថ្ងៃអាទិត្យនេះ ព្រឹទ្ធសមាជិកា រ៉ូសាណា តូស៊ីតត្រាគុល បានរិះគន់ថារដ្ឋាភិបាលបានធ្វើឲ្យសភាពការណ៍កាន់តែដុនដាប ដោយសារប៉ូលិសបានប្រើអំពើហិង្សាក្នុងការបង្រ្កាបក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រ។
ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាហ្វ៊ីស៊ីត វីចាឈីវ៉ាក់ បានថ្លែងនៅក្នុងសម័យប្រជុំសភា គឺនៅចំពោះមុខ សាម៉ាក់ ថារដ្ឋាភិបាលរបស់លោក សាម៉ាក់ គឺជាអ្នកបង្កបញ្ហាដល់ប្រទេសជាតិ រាប់ទាំងការយល់ព្រមរបស់រដ្ឋាភិបាលនេះឲ្យកម្ពុជាដាក់ព្រះវិហារជាមរតកពិភពលោកផង។ លោកបានស្នើឲ្យលោក សាម៉ាក់ ចុះចេញពីមុខតំណែងឬរំលាយរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ៈវេត បានប្រតិកម្មភ្លាមៗថាលោកបានបំពេញមុខងារជាប្រមុខរដ្ឋាភិបាល ដែលមានភារកិច្ចត្រូវដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយផ្អែកលើឯកសារកិច្ចព្រមព្រៀងនានារវាងប្រទេសកម្ពុជានិងថៃ តាំងពីរដ្ឋាភិបាលជំនាន់មុនៗមក។
នៅស្របពេលជាមួយគ្នានេះ ក្រុមបាតុករគាំទ្ររដ្ឋាភិបាលជាង១ពាន់នាក់ក៏បានប្រមូលផ្តុំគ្នា នៅខាងមុខវិមានរដ្ឋសភា ទីដែលសភាទាំងពីររបស់ថៃកំពុងធ្វើការជជែកពិភាក្សាគ្នា ដើម្បីលើកទឹកចិត្តឲ្យលោក សាម៉ាក់ បន្តការតស៊ូរបស់លោកទល់នឹងការគាបសង្កត់របស់សភាមកពីគណបក្សប្រឆាំងឲ្យលោកចុះចេញពីតំណែងនោះ៕
