អ្នក​វិភាគ៖ កម្ពុជា​គួរ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

ក្រុម​អ្នក​វិភាគ និង​តាមដាន​ដំណើរការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ព្រមាន​ថា ប្រសិនបើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឃុំ សង្កាត់ មិន​ប្រព្រឹត្ត​ទៅ​ដោយ​សមភាព និង​តម្លាភាព​ទេ នោះ​ការបោះឆ្នោត​នឹង​បរាជ័យ ហើយ​ពលរដ្ឋ​ខ្មែរ​ទូទៅ​នឹង​មិន​មាន​ជំនឿ​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត។

0:00 / 0:00

ក្រុម​អ្នកឃ្លាំមើល​ទាំងនេះ​និយាយ​ថា ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​នេះ​មាន​លក្ខណៈ​ស្មើភាព​គ្នា​ពិត​ប្រាកដ កម្ពុជា​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ រួម​និង​ការ​កែលំអ​មាត្រា​មួយ​ចំនួន​ដែល​មាន​ចន្លោះប្រហោង​នោះ។

នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ប្រកាន់យក​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស តែងតែ​បែងចែក​បក្ស និង​រដ្ឋ​ដាច់​ស្រឡះ​ពី​គ្នា។ ចំណែក​កង​ប្រដាប់​អាវុធ មាន​អង្គភាពយោធា និង​នគរបាល​ត្រូវ​បម្រើ​រដ្ឋ និង​ប្រជារាស្ត្រ មិន​មែន​បម្រើ​បក្ស​នយោបាយ​នោះ​ឡើយ។ បញ្ហា​នេះ សម្រាប់​នៅ​កម្ពុជា ក្រោយពី​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ គឺ​ជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​ឃ្លាំមើល​អំពី​ដំណើរ​បោះឆ្នោត​នៅ​កម្ពុជា និយាយ​ថា មាត្រា ១៥​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ឆ្នាំ​១៩៩៧ មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​ធ្វើការ​កែប្រែ​ឡើងវិញ។ មាត្រា ១៥ នៃ​ច្បាប់​នេះ បាន​ចែង​ថា បព្វជិត មន្ត្រី​តុលាការ កងយោធពលខេមរភូមិន្ទ និង​កម្លាំង​នគរបាល​ជាតិ អាច​ចូល​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​នានា​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ហើយ​គណបក្ស​នយោបាយ​ក៏​មិន​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ នៅ​ក្នុង​ស្ថាប័ន​ទាំងនេះ​ដែរ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា មាត្រា ១៥ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ គួរ​មាន​ការ​បន្ថែម​ទណ្ឌកម្ម និង​ការ​ផាក​ពិន័យ​រដ្ឋបាល​ដល់​មន្ត្រី​ណា​ដែល​រំលោភ​ច្បាប់។

សកម្មភាព​របស់​ស្ថាប័ន​មន្ត្រីរាជការ តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ ដែលគេ​ដឹង​ថា ភាគច្រើន​ជា​សមាជិក​គណបក្ស​កាន់អំណាច តែង​ត្រូវ​បាន​ចាត់តាំង​ពី​ថ្នាក់លើ​ឲ្យ​ចុះ​ប្រចាំការ ឬ​ពង្រឹង​សកម្មភាព​បក្ស តាម​មូលដ្ឋាន​ក្នុង​កំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

សកម្មភាព​ទាំងនោះ​រួមមាន ការ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស​កាន់អំណាច។ ការ​ចុះ​ចែក​អំណោយ​ដល់​អ្នកស្រុក​ក្នុង​គោលបំណង​ទិញ​ទឹកចិត្ត ឬ​ជា​ការ​បញ្ចុះបញ្ចូល។ ការ​ចុះ​ឃ្លាំមើល និង​តាមដាន​សកម្មភាព​របស់​គណបក្ស​ដទៃ។ ការ​ចុះ​សម្ដែង​កំប្លែង ឬ​សិល្បៈ​ផ្សេងៗ​របស់​សិល្បករ​ដែល​មាន​តួនាទី​ជា យោធិន ឬ​ជា​នគរបាល ដែល​គាំទ្រ​បក្ស​កាន់អំណាច។ ម្យ៉ាងទៀត​ស្ថាប័ន​របស់ រដ្ឋ​ខ្លះ​បាន​កាត់​ប្រាក់ខែ​បុគ្គលិក​រដ្ឋ​សម្រាប់​ជា​វិភាគទាន​ក្នុង​ការ​ចូល​ជា​សមាជិក​បក្ស ទន្ទឹម​នឹង​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​ទាំង​នោះ​មាន​កម្រិត​ទាប។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សូម្បី​ព្រះសង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​នយោបាយ​ណា​នោះ​ឡើយ។

ទាក់ទិន​ទៅ​នឹង​ភាព​ឆក​ល្វែង​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា (COMFREL) មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ច្បាប់​មួយ​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះ​ត្រា​ក្រុម​អ្នក​កាន់​អំណាច​មាន​ឆន្ទៈ​គោរព​ច្បាប់​ទាំង​អស់​គ្នា។

លោក​ថ្លែង​ថា បើ​ទោះបី​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​មួយ​នេះ មិន​បាន​បញ្ញត្តិ​អំពី​ទណ្ឌកម្ម និង​ការ​ដាក់​ពិន័យ​អ្វី​ក៏ដោយ ក៏​មន្ត្រី​ទាំង​នោះ​ត្រូវតែ​គោរព ដើម្បី​ឲ្យ​ប្រទេស​របស់​ខ្លួន​មាន​នីតិរដ្ឋ​ត្រឹមត្រូវ និង​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

គេហទំព័រ​របស់​អង្គការ​ខុមហ្រ្វែល បាន​ចុះ​ផ្សាយ​របាយការណ៍​នៃ​ការប្រើប្រាស់​ធនធាន​របស់​រដ្ឋ ឃ្លាំមើល​បរិយាកាស​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ក្នុង​ដំណើរការ​បោះ​ឆ្នោត ឃុំ សង្កាត់ សម្រាប់​អាណត្តិ​ទី​៣ ចាប់​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១១ រហូត​ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១២ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ភាព​មិន​ប្រក្រតី រហូតដល់​ជាង ២រយ​ករណី ដែល​មន្ត្រី​រាជការ យោធា និង​នគរបាល បាន​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ និង​ធនធាន​មនុស្ស​សម្រាប់​ប្រយោជន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ភាព​មិន​ប្រក្រតី​ទាំង​នោះ​រួម​មាន ការ​បង្ហាញ​ផ្លាក​សញ្ញា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​មិន​កាន់​អំណាច​នៅ​ទីកន្លែង​សាធារណៈ​មាន​ភាព​មិន​ស្មើ​គ្នា។ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​សម្រាប់​ផ្សាយ​អំពី​ការ​ចែក​អំណោយ។ ការ​ប្រើប្រាស់​ម៉ោង​ការងារ និង​យានយន្ត​របស់​រដ្ឋ ដើម្បី​ចេញ​ឃោសនា​គណបក្ស​រួម និង​ការប្រើប្រាស់​អាគារ​របស់​រដ្ឋ​សម្រាប់​បិទ​បង្ហាញ ផ្លាក​សញ្ញា​គណបក្ស និង​ដើម្បី​សកម្មភាព​ផ្សេងៗ ហើយ​ជាពិសេស​ទៅទៀត គឺ​ការ​ប្រើប្រាស់​ប្រេង​សាំង និង​ថវិកា​រដ្ឋ​សម្រាប់​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច​ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប. មាន​ប្រសាសន៍​ថា រាល់​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ប្ដឹង​អំពី​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ណា​ដែល​កើត​មាន​ក្នុង​កំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​កាន់ គ.ជ.ប. ក្នុង​រយៈពេល ១៥​ថ្ងៃ មុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់។ ប៉ុន្តែ លោក សុន ឆ័យ តំណាងរាស្ត្រ​ពី​ខាង​គណបក្ស សម រង្ស៊ី បាន​បង្ហាញ​ពី​ភាព​គ្មាន​ជំនឿ​ចំពោះ​សមត្ថកិច្ច​របស់ គ.ជ.ប. ពីព្រោះ​ក្រុម​មន្ត្រី​នៃ​ស្ថាប័ន​មួយ​នេះ សុទ្ធ​សឹង​មាន​ការ​តែងតាំង​ដោយ​គណបក្ស​កាន់អំណាច។

ក្រៅ​ពី​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ក៏​មាន​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល មាត្រា ៣៧ បាន​ចែងថា មន្ត្រីរាជការ​ទាំងអស់​ត្រូវ​មាន អព្យាក្រឹតភាព ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ដាច់ខាត នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ ឬ​ប្រឆាំង​នឹង​បេក្ខជន​នយោបាយ​ណាមួយ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ​មិន​លំអៀង​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ហៅ​កាត់​ថា (NECFEC) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​របស់​ខ្លួន ដោយ​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ថែម​ទៀត ដើម្បី​ឲ្យ​មន្ត្រី​ទាំង​នោះ​រាងចាល។

តំណាងរាស្ត្រ​ចាស់​វស្សា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ក្រុម​មន្ត្រី​នៅ​តាម​ស្ថាប័នរដ្ឋ​ចេញ​ធ្វើ​សកម្មភាព​នយោបាយ ប៉ុន្តែ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ច្បាប់ ដើម្បី​គ្រប់គ្រង​អ្នក​ទាំង​នោះ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា ទោះ​បី​មាន​ភស្តុតាង​អំពី​ការ​រំលោភ​ច្បាប់​ទាំង​ឡាយ​ដែល​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក៏ដោយ ក៏​គ្មាន​ស្ថាប័ន​ណា​មួយ​អាច​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​មន្ត្រី​ពី​ខាង​គណបក្ស​កាន់អំណាច​នោះ​ដែរ។

កម្ពុជា​មាន​ភូមិ​ចំនួន ១៣.៨៥០ ភូមិ មាន​ឃុំ/​សង្កាត់​ចំនួន ១.៦៣៣ មាន​ស្រុក/​ខណ្ឌ​ចំនួន ១៩៣ និង ២៤ ខេត្ត/ក្រុង ដែល​គេ​ឃើញ​មាន​ក្រុម​មន្ត្រីរាជការ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ចុះ​ប្រចាំការ​ក្នុង​តំបន់​ទាំង​នោះ សម្រាប់​ប្រយោជន៍​គណបក្ស​កាន់​អំណាច។

អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​បង្កើត​តួនាទី​ជា​ប្រព័ន្ធ​ក្នុង​ជួរ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋបាល​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចាត់​តាំង​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ឲ្យ​ចុះ​ប្រចាំការ ឬ​ចែក​អំណោយ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ខណៈ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ប្រចាំការ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្រុម​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រចាំការ​នៅ​ខេត្ត​តាកែវ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។