ពលរដ្ឋ​ចោទ​មន្ត្រី​មូលដ្ឋាន​ថា​មិន​ឲ្យ​គាត់​បូម​ទឹក​បញ្ចូល​ស្រែ

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ឃុំ​កញ្ជរ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ហាម​ឃាត់​គាត់​មិន​ឲ្យ​បូម​ទឹក​ពី​ប្រឡាយ មក​ដាក់​ស្រែ បណ្ដាល​ឲ្យ​ស្រូវ​គាត់​ខ្វះ​ទឹក និង​ងាប់​ស្រូវ​ជា​បណ្ដើរៗ។

0:00 / 0:00

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ឈាង នី អាយុ ៤១​ឆ្នាំ នៅ​ភូមិ​ពោធិ៍អណ្ដែត ឃុំ​កញ្ជរ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ថា ស្រូវ​គាត់​ជិត​មួយ​ហិកតារ កំពុង​ក្រៀម​ស្វិត ព្រោះ​ខ្វះ​ទឹក​ស្រោច​ស្រព​ជិត​មួយ​ខែ​ហើយ។ គាត់​ថា ទឹក​ក្នុង​ប្រឡាយ​មិន​ខ្វះ​នោះ​ទេ តែ​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កណ្ដៀង គឺ​លោក សំរិទ្ធ ជា មិន​ឲ្យ​គាត់​បូម​ដាក់​ស្រែ ព្រោះ​តែ​គាត់​មិន​មែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

ស្ត្រី​រូប​នេះ​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា ឲ្យ​ពួក​គាត់​បាន​បូម​ទឹក​ពី​ប្រឡាយ​មក​សង្គ្រោះ​ស្រូវ​ផង៖ «ខ្ញុំ​នេះ​អត់​មាន​ទឹក ព្រោះ​ខ្ញុំ​សមាជិក​គណបក្ស សម រង្ស៊ី គេ​មិន​ឲ្យ​បូម​ទេ។ គណបក្ស​ខុស​គ្នា គេ​ប្រកាន់ គេ​អត់​ឲ្យ​ខ្ញុំ​បូម​ទេ ហើយ​ស្រូវ​ងាប់​អស់​ហើយ គេ​ខាង ហ៊ុន សែន គេ​បូម​អស់​ហើយ ចំណែក​ខ្ញុំ សម រង្ស៊ី គេ​អត់​ឲ្យ​បូម​ទេ។ លុះ​ត្រា​តែ​ខ្ញុំ​សារភាព​ចូល​ជាមួយ​គេ ស្បថស្បែ​ឲ្យ​គេ ទើប​គេ​ឲ្យ​បូម»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក សំរិទ្ធ ជា ដែល​អ្នក​ភូមិ​បាន​អះអាង​ថា ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​កណ្ដៀង​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា។

ទាក់​ទិន​ចំពោះ​បញ្ហា​នេះ មេឃុំ​កញ្ជរ គឺ​លោក ខៀវ ណូន ពន្យល់​ថា ដោយ​ម៉ាស៊ីន​បូម​ទឹក​ដែល​ធ្លាប់​ប្រើ​កន្លង​ទៅ មាន​ការ​ខូច​ខាត ត្រូវ​យក​ទៅ​ជួស​ជុល ទើប​បញ្ហា​ខ្វះ​ទឹក​បាន​ចោទ​ឡើង​យ៉ាង​ដូច្នេះ។ ចំពោះ​ករណី​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​វិញ​នោះ លោក​ថា​វា​អាច​មាន​បញ្ហា​ដូច្នេះ​មែន ព្រោះ​ទឹក​ដែល​កំពុង​មាន​ក្នុង​ប្រឡាយ​នោះ គឺ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​កណ្ដៀង បាន​ប្រើ​ម៉ាស៊ីន​ផ្ទាល់​ខ្លួន​បូម​ដាក់​ក្នុង​ប្រឡាយ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ខៀវ ណូន៖ «អាហ្នឹង គាត់​អាច​គិត​អញ្ចឹង​ក៏​ត្រូវ​ដែរ ព្រោះ​ម៉ាស៊ីន​ហ្នឹង ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គេ​រៃ​លុយ​គ្នា​ទិញ​ប្រេង​មក​បូម។ ក្នុង​នាម​អាជ្ញាធរ​ឃុំ ខ្ញុំ​បាន​ដាក់​សំណើ​ទៅ​ថ្នាក់​លើ​សុំ​ប្រេង និង​សុំ​ម៉ាស៊ីន​មក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ហើយ»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​អង្គការ លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ គឺ​លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​ប្រញាប់​រក​មធ្យោបាយ​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ដោយ​មិន​ត្រូវ​គិត​ពី​និន្នាការ​នយោបាយ​នោះ​ទេ។ លោក​ថា សមាជិក​គណបក្ស​ណា​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​ដែរ។

លោក​បន្ត​ថា ទង្វើ​របស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​កណ្ដៀង ជា​យថាហេតុ​កាន់​តែ​ធ្វើ​ឲ្យ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ក្នុង​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​២០១៣ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។