ជំនួប​លោក ហោ ណាំហុង និង​រដ្ឋទូត​នៃ​ប្រទេស​មហាអំណាច​ទាំង​៥

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង ជួប​ប្រជុំ​ជាមួយ​ឯក​អគ្គ​ រដ្ឋ​ទូត នៃ​ប្រទេស​មហាអំណាច​ទាំង​៥ នៅ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២០ ខែ​ មករា ឆ្នាំ​២០១២។

0:00 / 0:00

ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​មហា​អំណាច​ទាំង​៥ ដែល​ត្រូវ​បាន​កោះ​មក​ជួប​ប្រជុំ​នោះ​មាន​ដូច​ជា តំណាង​ទូត​ចក្រភពអង់គ្លេស បារាំង រុស្ស៊ី ចិន និង​ភារធារី នៃ​ស្ថានទូត​សហរដ្ឋអាមេរិក។

ក្នុង​ជំនួប​នេះ លោក ហោ ណាំហុង បាន​ប្រគល់​ឯកសារ​ជា​ផ្លូវការ​ជូន​ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​មហាអំណាច​ទាំង​៥ ដើម្បី​សុំ​ឲ្យ​ប្រទេស​ទាំង​នោះ បញ្ជាក់​ជា​ផ្លូវការ​នូវ​ជំហរ ស្ដីពី​ការ​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ (Nuclear) នៅ​តំបន់​អាស៊ាន ដែល​មាន​រដ្ឋ​ជា​សមាជិក​ចំនួន​១០។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ នេះ ចង់​ឃើញ​ប្រទេស​មហា​អំណាច​ទាំង​៥ នោះ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជា​ផ្លូវការ ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ឆ្នាំនេះ។ ប្រទេស​មហាអំណាច​ទាំង ៥ នោះ គឺ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

អនុរដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍ ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ពី​ជំនួប​នោះ​ថា ឯកសារ​ជា​ផ្លូវការ​នោះ គឺ​មាន​សំណួរ​សំខាន់​ចំនួន ៣។

លោក កុយ គួង៖ «យើង​សុំ​ឲ្យ​មាន​ការ​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ចុះ​ហត្ថលេខា​លើ​ពិធីសារ នៃ​សន្ធិសញ្ញា​ស្ដី​ពី​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ចុះ​ហត្ថលេខា​ពិធីសារ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១២ ក្នុង​ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ពីព្រោះ​ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នៃ​សន្ធិសញ្ញា​នេះ គឺ​រួម​ចំណែក​ដល់​ការ​ពង្រឹង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ ឲ្យ​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ហើយ​ទី​២ ជា​ការ​ពង្រឹង​ដល់​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ»។

ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​មហា​អំណាច​ទាំង​៥ នោះ​មិន​បាន​សន្យា​អ្វី​ភ្លាមៗ ទេ ប៉ុន្តែ​គេ និង​បញ្ជូន​ឯកសារ​នេះ ទៅ​មេ​ដឹកនាំ​របស់​គេ​រៀងៗ​ខ្លួន ដើម្បី​សម្រេច។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​សិន​ណា​ប្រទេស​មហា​អំណាច​ទាំង​៥ ឯកភាព​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជា​ផ្លូវការ​របស់​អាស៊ាន​នោះ អាស៊ាន និង​មាន​សំឡេង​ខ្លាំង​មួយ ដើម្បី​សុំ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «ថា​តើ​ដឹក​សព្វាវុធ​ឆ្លងកាត់ តើ​ត្រូវ​ការ​អនុញ្ញាត ឬ​ក៏​ត្រូវ​ការ​រវាង​តំបន់​អាស៊ាន​ទាំង​មូល​បាទ»។

កាល​ពី​ឆ្នាំ​១៩៩៥ កន្លង​ទៅ អាស៊ាន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​រីក​សាយ អាវុធ​នុយក្លេអ៊ែរ​រួច​ហើយ។ សន្ធិសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​១៩៩៧។

តំណាង​ប្រទេស​មហា​អំណាច​ទាំង​៥ ធ្លាប់​បាន​ឯកភាព​ជា​គោលការណ៍​លើ​ពិធីសារ​របស់​អាស៊ាន ដែល​ហាម​មិន​ឲ្យ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ។

ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន កម្ពុជា​ចង់​ឲ្យ​មាន​ការ​បញ្ជាក់ និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជា​ផ្លូវការ ពី​ប្រទេស​មហា​អំណាច​ទាំង​៥ ចំពោះ​អ្វី​ដែល​បាន​ឯកភាព ជា​គោលការណ៍​កន្លង​មក​រួច​ហើយ​នោះ។

ប្រទេស​កូរ៉េខាងជើង ដែល​កំពុង​តែ​មាន​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ បាន​រង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​ផ្សេងៗ ទៀត​ពី​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក ឲ្យ​បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ដោយឡែក​ក្រសួង​ការបរទេស​នៃ​ប្រទេស​ភូមា ឬ​មីយ៉ានម៉ា ដែល​ជា​រដ្ឋ​ជា​សមាជិក​អាស៊ាន បាន​បដិសេធ​នៅ​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ចំពោះ​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​អារ៉ាប់ ឈ្មោះ អាល់ហ្សា​ហ្ស៊ីរ៉ា (Aljazeera) ដែល​បាន​ផ្សាយ​ចោទប្រកាន់​ថា ប្រទេស​ភូមា ឬ​មីយ៉ានម៉ា សហការ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ព្យាយាម​អនុវត្តន៍​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នេះ៕