កិច្ច​ប្រជុំ​ក្រុម​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​អាស៊ាន

កិច្ច​ប្រជុំ​ក្រុម​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​អាស៊ាន ក្នុង​កម្មវិធី​កិច្ច​សហប្រតិបត្តិការ ផែន​ការ និង​វាយតម្លៃ​របស់​អាស៊ាន និង​ជប៉ុន នៅ​រាជធានី​ភ្នំពេញ។

កិច្ច​ប្រជុំ ដែល​ធ្វើ​រសៀល​ថ្ងៃ​ទី០៥ ខែ​មេសា បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ ៤។ ទី​១ គឺ​ស្តង់ដារ​សមត្ថភាព​នៅ​ប្រទេស​ជប៉ុន ទី​២ លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត និង​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១១ ទី​៣ គ្រឹះ​ស្ថាន​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រាប់​ការងារ​សមរម្យ​នៅ​ប្រទេស​ជប៉ុន និង​ចំណុច​ទី​៤ ផែនការ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០១៣ និង​ថ្ងៃ​អនាគត។

កិច្ច​ប្រជុំ​នេះ​រៀបចំ​ឡើង​ដោយ​ប្រទេស​ជប៉ុន ក្នុង​គោល​បំណង​​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម ទៅលើ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស។

បច្ចុប្បន្ន​ក្រុម​ការងារ​នេះ​មាន​សមាជិក​ភាពចំនួន ៨ ប្រទេស គឺ​ប្រទេស​កម្ពុជា ឡាវ ភូមា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃឡង់ដ៍ និង​វៀតណាម។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា គឺ​ប្រទេស​មួយ​ដែល​នៅ​មាន​ភាព​អន់ខ្សោយ​ខាង​ផ្នែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជប៉ុន។ ប៉ុន្តែ ប្រទេស​កម្ពុជា​សង្ឃឹម និង​ជឿជាក់​ថា ធនធាន​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​មាន​សក្ដានុពល តាម​រយៈ​ក្រុម​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។