ប្រទេស​កម្ពុជា និង​អាស៊ាន ធ្វើ​ច្បាប់​លើក​កម្ពស់​សិទ្ធិ​ពលករ​ចំណាក​ស្រុក

ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ប្ដេជ្ញា​បង្កើត​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង និង​លើក​កម្ពស់​សិទ្ធិ​ការងារ​ពលករ​ចំណាក​ស្រុក ក្នុង​តំបន់​អាស៊ាន (ASEAN)។

សេចក្ដីព្រាង​នេះ ទើប​ចាប់​ផ្ដើម​ធ្វើ​នៅ​ឆ្នាំ​នេះ ហើយ​គេ​សង្ឃឹមថា នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១៣ ឬ​ដើម​ឆ្នាំ ២០១៤។ ស្រប​ពេល​នេះ​ដែរ មន្ត្រី​ក្រសួង​ការងារ​បញ្ជាក់​ថា កម្ពុជា​ក៏​មាន​ច្បាប់​ការងារ​ជាតិ​របស់​ខ្លួន​មួយ​ដែរ ក្នុង​ការគ្រប់គ្រង និង​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទំនាស់​ការងារ​ទាំង​នេះ។

នៅ​គ្រា​ដែល​ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម​នៅ​កម្ពុជា មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ក្រុម​មន្ត្រី​ការងារ​អាស៊ាន បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៦ ឧសភា ដើម្បី​ចាប់​បង្កើត​សេចក្ដីព្រាង​ច្បាប់​មួយ ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ការងារ​ពលករ​នៅ​ក្នុង​តំបន់​អាស៊ាន។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ការងារ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា លោក ហូ វុឌ្ឍី មាន​ប្រសាសន៍​ថា ប្រទេស​ទាំងអស់​នៃ​សមាជិក​អាស៊ាន មាន​ការ​ប្ដេជ្ញា​ចិត្ត និង​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​សិទ្ធិ​ការងារ​របស់​ពលករ។

លោក ហូ វុឌ្ឍី៖ «ប្រទេស​ទាំង​ដប់​មានCommitment (ការ​ប្ដេជ្ញា​ចិត្ត) ដូច​គ្នា​ទាំង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ធ្វើ​ម៉េច​ឲ្យ​ពលករ​នៃ​ប្រទេស​ទាំង ១០ អាច​ចេញ​ចូល​ទៅ​មក ក្រោម​ការ​គ្រប់គ្រង​ក្នុង​ច្បាប់ និង​បទដ្ឋាន​តែ​មួយ​ដូច​គ្នា បាន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ»។

លោក​បញ្ជាក់​ថា សេចក្ដីព្រាង​ច្បាប់​របស់​ក្រុម​មន្ត្រី​ការងារ​អាស៊ាន នៅ​ពេល​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​គ្រប់គ្រង និង​លើក​កម្ពស់​សិទ្ធិ​ការងារ​ពលករ​ខ្មែរ។ ប៉ុន្តែ​កម្ពុជា ក៏​មិន​រង់ចាំ​តែ​សេចក្ដីព្រាង​នេះ​ដែរ ព្រោះ​ប្រទេស​កម្ពុជា មាន​ច្បាប់​ជាតិ​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ទាំង​អស់​នេះ​ដែរ។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ. អ. ឌី. ភី (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា។

លោក ជាង សុខា មាន​ប្រសាសន៍៖ «អ្វី​ដែល​លោក​បាន​លើក​អម្បាញ់មិញ​យើង​ថា មាន​ច្បាប់​ប្រទេស​របស់​យើង។ ប៉ុន្តែ រាល់​សកម្មភាព​នេះ ប៉ុន្តែ​រាល់​សកម្មភាព​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​ពលករ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ យើង​ឃើញ​ថា មាន​កំណើន​ច្រើន។ ត្រង់​ចំណុច​នេះ អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា យើង​មាន​ច្បាប់ តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​អនុវត្ត។ អ៊ីចឹង​ហើយ​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​កម្រិត​ប្រទេស ក៏​ជា​កត្តា​មួយ​ជួយ​ជំរុញ​ឲ្យ​កាត់​បន្ថយ​នូវ​ការ​រំលោភ​សិទ្ធិ​ដែរ»។

លោក​បញ្ជាក់​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កម្ពុជា មាន​ច្បាប់​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​សង្គម​ការងារ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ជាទូទៅ​ គេ​សង្កេត​ឃើញ​ថា មាន​កម្មករ​រោង​ចក្រ​​​ស្ទើរ​គ្រប់​ទី​កន្លែង​តែង​ធ្វើ​បាតុកម្ម កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ ដោយ​ពួក​គេ​ត្អូញត្អែរ​ថា ថៅកែ​រោង​ចក្រ​ខ្លះ បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង ឬ​ បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ការ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ អន្តរ​ជាតិ ដែល​ប្រឆាំង​ឆន្ទៈ​កម្មករ និង​រំលោភ​ច្បាប់​ការងារ។

ជាង​នេះ​ទៅ​ទៀត រាល់​ការ​តវ៉ា​របស់​កម្មករ មិន​ត្រូវ​បាន​ដោះស្រាយ ឬ​ក៏​បាន​ដោះស្រាយ​ដោយ​លំអៀង ដោយសារ​អំពើ​ពុករលួយ ឬ​ក៏​ប្រទេស​កម្ពុជា មិន​មាន​តុលាការ​សម្រាប់​ដោះ​ស្រាយ​វិវាទ​ការងារ​ជាដើម។

របាយការណ៍​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ស្ដីពី​ទេសន្តរប្រវេសក៍​ខុស​ច្បាប់​កម្ពុជា ឆ្នាំ ២០១១ បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​ចាកចោល​ស្រុក ទៅ​រក​ការងារ​ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ ជាង​មក​ម្ល៉េះ ដែល​កាល​នោះ ភាគ​ច្រើន​ជា​ជន​ភៀស​សឹក​នៅ​ព្រំដែន​ខ្មែរ​ថៃ។

ក្រៅ​ពី​នេះ ចរន្ត​ស្វែងរក​ការងារ​ខុសច្បាប់​នេះ ក៏​ចេះ​តែ​បន្ត​មក​ទល់​សព្វ​ថ្ងៃ ហើយ​បាន​រីក​រាល​ដាល​ដល់​ប្រទេស​ផ្សេងៗ ទៀត ដូច​ជា​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​ដទៃ​ទៀត។ ពួក​គេ​ត្រូវ​គេ​បោកប្រាស់ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​កញ្ជះ​ដាច់​ថ្លៃ និង​ប្រឈម​គ្រោះថ្នាក់​បំផុត។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា នៅ​ឆ្នាំ ២០០៩ មាន​ពលករ​ខ្មែរ​ជិត ៦ ម៉ឺន​នាក់ ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ជា​កម្មករ​រោងចក្រ និង​អ្នក​បម្រើ​តាម​ផ្ទះ។

យ៉ាង​ណា​ក៏​ដោយ គេ​ជឿ​ថា សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង និង​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​ពលករ ក៏​នៅ​តែ​មិន​ប្រសើរ​ជាង​សព្វថ្ងៃ​នេះ​ទេ ប្រសិន​បើ​អ្នក​ដឹកនាំ​ពុំ​មាន​ឆន្ទៈ​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។