គណបក្ស​មិន​កាន់​អំណាច​តវ៉ា​ថា ការ​ប្រជុំ​របស់​ខ្លួន​ត្រូវ​រំខាន

គណបក្ស​មិន​កាន់​អំណាច​នៅ​កម្ពុជា បាន​តវ៉ា​ថា ការ​រៀបចំ​ជួបជុំ​សំណេះសំណាល រវាង​អ្នក​ដឹកនាំ​គណបក្ស​ជាមួយ​ប្រជា​ពលរដ្ឋ ជា​អ្នក​គាំទ្រ​គណបក្ស​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ ខេត្ត មាន​ការ​លំបាក​ដោយសារ​មាន​ការ​រំខាន​ពី​អាជ្ញាធរ​តាម​មូលដ្ឋាន។

ផ្ទុយ​ទៅ​វិញ អ្នក​ដឹកនាំ និង​មន្ត្រី​គណបក្ស​កាន់​អំណាច បាន​ប្រើ​សម្ភារៈ​របស់​រដ្ឋ និង​ឆ្លៀត​ឃោសនា ក្នុង​ពេល​ប្រារព្ធ​ពិធី​ផ្លូវការ​ផ្សេងៗ ដោយ​ស្រួល​មិន​មាន​ការ​រំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។

ការ​ជួបជុំ​នានា របស់​គណបក្ស​នយោបាយ​ពុំ​កាន់​អំណាច តែងតែ​មាន​ការ​រឹតត្បិត និង​សួរ​រក​លិខិត​ស្នាម​នានា។ រឿង​នេះ បាន​កើត​មាន​ជា​ច្រើន​លើក ដោយ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ជាក់​លាក់​ឡើយ ហើយ​មាន​ពេល​ខ្លះ ការ​ជួបជុំ​នោះ​មិន​អាច​ធ្វើ​ទៅ​បាន ត្រូវ​រំសាយ ឬ​មាន​ពេល​ខ្លះ មាន​ការ​ជជែក​តវ៉ា​តឹងតែង ទើប​បាន​ដំណើរ​ការ​ប្រជុំ​ទៅ​បាន។

លោក មាន សារិទ្ធ ប្រធាន​សាខា​គណបក្ស សម រង្ស៊ី ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី ៩ ឧសភា​ថា គណបក្ស សម រង្ស៊ី បាន​រៀបចំ​ការ​ជួបជុំ​អ្នក​តំណាង​រាស្ត្រ​ជាមួយ​ប្រជា​ពលរដ្ឋ ជា​សមាជិក​គណបក្ស នៅ​សង្កាត់​ចំនួន ៣ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ថ្ងៃ​ទី ៨ ឧសភា​កន្លង​ទៅ។

ការ​ជួបជុំ​នោះ បាន​ប្រព្រឹត្ត​ទៅ ដោយ​មាន​ការ​លំបាក មាន​ការ​រំខាន​ពី​អាជ្ញាធរ​ជា​ប៉ូលិស នៅ​ក្រុង​ប៉ោយប៉ែត។ លោក មាន សារិទ្ធ មាន​ប្រសាសន៍​ថា សកម្មភាព​រំខាន​នោះ មាន​ដូច​ជា អាជ្ញាធរ​ទារ​រក​សំបុត្រ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រជុំ ការ​ទាមទារ​ឲ្យ​រើ​រោង​ប្រជុំ ចេញ​ពី​ផ្លូវ​ដើរ​ជាដើម។

លោក មាន សារិទ្ធ បាន​ចាត់​ទុក​ថា ជា​ការ​រក​រឿង ទារ​សំបុត្រ​ស្នាម​អី​ជា​ដើម​នោះ ធ្វើ​ឲ្យ​អ្នក​ចូលរួម​ប្រជុំ​មាន​ការ​ភ័យ​ខ្លាច ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក មាន សារិទ្ធ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ប្រកាន់​ភាព​អព្យាក្រឹត​ក្នុង​ពេល​បំពេញ​មុខងារ​រដ្ឋបាល​សាធារណៈ​កុំ​ប្រកាន់​គណបក្ស​នយោបាយ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​នៅ​កម្ពុជា បាន​ធ្វើ​សកម្មភាព​បាន​ដូចៗ គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​មួយ ដែល​មាន​ភាព​សេរី និង​យុត្តិធម៌។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​របស់​លោក មាន សារិទ្ធ តំណាង​គណបក្ស សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត​នេះ លោក អ៊ុំ សុផល អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​ណា​មួយ ត្រូវ​តែ​មាន​ច្បាប់ ដើម្បី​អាជ្ញាធរ​ចាត់​កម្លាំង​ទៅ​ការពារ ហើយ​អាជ្ញាធរ​មិន​បាន​ការពារ​គណបក្ស​នយោបាយ​ណា​មួយ​ដោយ​ឡែក​ជា​ពិសេស​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ លោក អ៊ុំ សុផល បាន​ចោទ​ប្រកាន់​ថា លោក មាន សារិទ្ធ ចេះ​តែ​រក​រឿង​ចោទ​ប្រកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​មិន​ត្រឹមត្រូវ​ទៅ​វិញ។

ករណី​អាជ្ញាធរ​រំខាន​ការ​ជួប​សំណេះសំណាល រវាង​អ្នក​ដឹកនាំ​គណបក្ស​មិន​កាន់​អំណាច​ជាមួយ​ សមាជិក​ខ្លួន​នោះ លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស សិទ្ធិមនុស្ស បាន​ទទួល​ស្គាល់​ថា គណបក្ស​លោក បាន​ជួប​ប្រទះ​ជា​ញឹកញយ​ដែរ។ ប៉ុន្តែ មាន​កន្លែង​ខ្លះ ក៏​ស្រួល​កន្លែង​ខ្លះ​ក៏​លំបាក​ដែរ។

លោក ប៉ុល ហំម បាន​កត់​សម្គាល់​ឃើញ​ថា មុន​ការ​បោះឆ្នោត រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០១២ នេះ គណបក្ស​នយោបាយ​នានា មាន​សកម្មភាព​ជា​ច្រើន។ ចំពោះ​គណបក្ស​កាន់​អំណាច លោក​កត់​សម្គាល់​ឃើញ​ថា មាន​ការ​ប្រជុំ​ចែក​អំណោយ ដែល​ពី​មុន មិន​មាន​សកម្មភាព​បែប​នេះ។

ចំពោះ​វិធានការ​ដោះស្រាយ​រឿង​អាជ្ញាធរ​រំខាន ក្នុង​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​ជួប​ជាមួយ​សមាជិក​នេះ លោក ប៉ុល ហំម បាន​ឲ្យ​ដឹង​ថា មិន​អាច​ប្ដឹង​ទៅ​អាជ្ញាធរ​ថ្នាក់​លើ​ប្ដឹង​ទៅ​តុលាការ​ប្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អី​ឡើយ ពីព្រោះ​ស្ថាប័ន​ទាំង​នោះ មិន​អាច​ផ្ដល់​ ការ​ដោះស្រាយ​រឿង​នេះ បាន​ត្រឹមត្រូវ​ទេ ហើយ​មាន​ពេល​ខ្លះ​ការ​ប្ដឹង​នោះ ចំណាយ​ពេល​វេលា និង​លុយ​កាក់​អត់​ប្រយោជន៍​ទៀត​ផង។

លោក ប៉ុល ហំម បាន​ឲ្យ​ដឹង​ថា វិធី​មាន​តែ​មួយ​ទេ គឺ​បើ​មាន​ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ មាន​តែ​ផ្ដល់​ព័ត៌មាន​នេះ​ឲ្យ​ប្រព័ន្ធ​សារព័ត៌មាន ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ផ្ដល់​ព័ត៌មាន​នេះ ដល់​ស្ថានទូត​នានា នៅ​កម្ពុជា ឲ្យ​គេ​បាន​ដឹង​ថា មាន​អំពើ​មិន​ត្រឹមត្រូវ ការ​រំលោភ​របស់​អាជ្ញាធរ​មក​លើ​ប្រជា​ពលរដ្ឋ និង​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ។

លោក ប៊ុន រ៉ាដូ ប្រធាន​ក្រុម​ការងារ​បោះឆ្នោត​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​ឲ្យ​ដឹង​ថា ការ​រំខាន​ពី​អាជ្ញាធរ​នេះ គណបក្ស​លោក​បាន​ជួប​ប្រទះ​ដែរ តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន ដើម្បី​សុំ​ការ​ពន្យល់ និង​បកស្រាយ​អំពី​ការ​ចោទ​ប្រកាន់​នានា លើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ទី ៩ ឧសភា។

នៅ​ក្នុង​ការ​បោះឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី ៣ មិថុនា ខាង​មុខ​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ១០ ចូលរួម។ ដោយសារ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ បាន​ជា​គណបក្ស​នយោបាយ​នានា ធ្វើ​សកម្មភាព​ជួប​ប្រជុំ រវាង​អ្នក​ដឹកនាំ​គណបក្ស ជាមួយ​សមាជិក និង​អ្នក​គាំទ្រ។ ការ​ជួប​ប្រជុំ​ខ្លះ​ក៏​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​បញ្ហា។ ប៉ុន្តែ ការ​ជួប​ប្រជុំ​ខ្លះ ក៏​ជួប​បញ្ហា​ទារ​រក​សំបុត្រ​ស្នាម ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​នោះ មាន​ការ​រអាក់រអួល​ខ្លះៗ ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។