មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស វាយ​សម្លាប់​មន្ត្រី​បក្ស​ប្រជាជន

មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ករណី​ប្រើ​ហិង្សា​វាយ​សម្លាប់​គ្នា ជា​រូបភាព​នៃ​ការ​រើសអើង​ខាង​នយោបាយ ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។

0:00 / 0:00

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អះអាង​ថា អំពើ​ហិង្សា​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន បាន​បង្ហាញ​នូវ​គំរូ​មិន​ល្អ​មួយ នឹង​ជា​ឧបសគ្គ​រាំងស្ទះ​ក្នុង​ការ​ជំរុញ និង​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

អំពើ​ហិង្សា​នៅ​តែ​មាន​ឥទ្ធិពល ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​សាមញ្ញ​រហូត​ដល់​មន្ត្រី​ចេះ​ដឹង ដឹកនាំ​ក្នុង​ការ​អនុវត្ត​ច្បាប់ បាត់បង់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ប្រទូសរ៉ាយ ឈាន​ដល់​ការ​វាយ​សម្លាប់​គ្នា​ទៀត​ផង។

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ជម្លោះ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស បណ្ដាល​ឲ្យ​ជំទប់​ទី​២ គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រើ​អំពើ​ហិង្សា វាយ​ដំ​ទៅ​លើ​ជំនួយ​ការ​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​ដល់​ស្លាប់ ដោយ​ផ្ដើម​ចេញ​ពី​ការ​មិន​យោគយល់​គ្នា​ក្នុង​ការងារ។

ករណី​នេះ បាន​បន្សល់​ទុក​នូវ​ក្ដី​សោក​សង្រេង​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​កូន​កំព្រា​ចំនួន ៥ នាក់។

លោក ខ្វើ លី អាយុ ៦៧ ឆ្នាំ ជា​ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ លី ម៉ៅ រស់​នៅ​ភូមិ​ព្រៃផ្ដៅ ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា លោក​សុំ​ឲ្យ​សមត្ថកិច្ច​រក​យុត្តិធម៌​ដល់​គ្រួសារ​គាត់ ដោយ​ផ្ដន្ទាទោស​ដល់​ជន ដែល​ប្រើ​អំពើ​ហិង្សា​វាយ​សម្លាប់​កូន​ប្រុស​របស់​គាត់​នេះ។

លោក ខ្វើ លី៖ «ខ្ញុំ​ត្រូវ​តែ​ប្ដឹង​ហើយ។ ខ្ញុំ​ទារ​សំណង ដែល​ខ្ញុំ​កំហឹង​កូន​ខ្ញុំ​ដែល​ខ្ញុំ​ខំ​ចិញ្ចឹម​តាំង​ពី​អាយុ​ក្នុង​ពោះ ៩ ខែ​រហូត​បាន​ចៅ​ដល់ ៥ សង​ជំងឺ​ចិត្ត​ឲ្យ​ជួយ​ចិញ្ចឹម​ចៅ​ខ្ញុំ។ ខ្ញុំ​អត់​មាន​នរណា​ថា កូន​ខ្ញុំ​វា​ល្មើស ឬ​ក៏​ក្បត់​ជាតិ អ៊ីចឹងៗ ទេ ស្លូត​ណាស់​គេ​វាយ​កម្រិត​ណា​ចេះ​តែ​ទ្រ​ដៃ គេ​ឃើញ​គ្រប់​គ្នា សួរ​អ្នក​ភូមិ​ត្រពាំង​ជោ​ទាំង​អស់​ចុះ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​សីហា សមត្ថកិច្ច​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ខ្លួន លោក សូត្រ ចន្ថា ជា​ជំទប់​ទី​២​ឃុំ​ត្រពាំងជោ របស់​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ថា​បាន​វាយ​ទៅ​លើ​លោក លី ម៉ៅ ជំនួយការ​ឃុំ​ត្រពាំងជោ ជា​ច្រើន​ដៃ និង​អុក​ជង្គង់​ត្រូវ​ចំ​ចុង​ដង្ហើម​និង​ដើម​ទ្រូង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ពេល​សម្រាក​ថ្ងៃ​ត្រង់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង បន្ទាប់​ប្រជុំ​នៅ​សាលាស្រុក​អំពី​ការងារ​ដែល​ត្រូវ​បម្រើ​ប្រជាជន​ក្នុង​ឃុំ​នីមួយៗ នៅ​ក្នុង​សាលា​ស្រុក​ឱរ៉ាល់។ ហើយ​ការ​វាយ​ប្រហារ​នេះ គឺ​ដោយសារ​ជម្លោះ​ផ្ដើម​ចេញ​ពី​ការ​ទាស់ទែង​ពាក្យ​សំដី​គ្នា​យ៉ាង​តឹង​សរសៃ​ក ពី​រឿង​ធ្វើ​អត្រានុកូលដ្ឋាន។

មេភូមិ​ចាន់ពីង លោក ហួន វន បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ធ្លាប់​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ក្នុង​ភូមិ​របស់​គាត់​ថា លោក សូត្រ ចន្ថា ជា​ជំទប់​ទី​២​ឃុំ​ត្រពាំងជោ បាន​ទារ​លុយ​ពី​ពលរដ្ឋ​ដោយ​គ្រាន់​តែ​កែ​ឬ​លុប​អត្រានុកូលដ្ឋាន។ ករណី​នេះ ជំទប់​ឃុំ​រូប​នោះ ធ្លាប់​មាន​ការ​ប៉ះ​សំដី​គ្នា​ជាមួយ​ជនរងគ្រោះ​ដែល​មិន​ចង់​ឲ្យ​ទារ​លុយ​ពី​ពលរដ្ឋ។ លោក​ថា ការ​សម្លាប់​នេះ គឺ​អាច​ដោយសារ​ការ​គុំកួន​គ្នា។

លោក ហួន វន៖ «ខាង​អ្នក​បង្ក​បញ្ហា​ហ្នឹង គាត់​យក​លុយ​ពី​ប្រជាពលរដ្ឋ​កែ​អត្រានុកូលដ្ឋាន​ដូច​ថា យើង​ខុស​ឆ្នាំ​កំណើត​អីចឹង​ណា កែ​ឲ្យ​ត្រូវ​ជាមួយ​សៀវភៅ​គ្រួសារ ហើយ​គាត់​ពិន័យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ខ្ញុំ​ហ្នឹង កែ​មួយ​សន្លឹក​យក​១​ម៉ឺន​គាត់​ថា​គាត់​សហការ​ជាមួយ អ្នក​រងគ្រោះ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដល់​អ៊ីចឹង​អ្នក​រងគ្រោះ​គាត់​ថា បង​ឯង​ធ្វើ​អ៊ីចឹង​ប្រយ័ត្ន​មាន​រឿង​ព្រោះ​អី​យើង​យក​លុយ​ប្រជាពលរដ្ឋ​ច្រើនៗ អ៊ីចឹង​វា​នាំ​មាន​រឿង​ទេ»។

យ៉ាង​ណា​ក៏​ដោយ ស្ត្រី​ឈ្មោះ មើល កាម ភរិយា​ជនរងគ្រោះ គឺ​លោក លី ម៉ៅ និយាយ​ថា​គាត់​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​វាយ​សម្លាប់​គ្នា​យ៉ាង​នេះ​ដែរ។ គាត់​ថា ជំទប់​ទី​២​ឃុំ​នោះ រស់​នៅ​ផ្ទះ​ជាប់​គ្នា​និង​ផ្ទះ​គាត់​តែ​ម្ដង ការ​វាយ​សម្លាប់​ប្ដី​គាត់​អាច​ដោយសារ​ការ​ប្រកាន់​ថា​គណបក្ស​នយោបាយ​ពីរ​ផ្សេង​គ្នា។

សំឡេង៣៖ «ដូច​ថា​គេ​ប្រកាន់​គណបក្ស​ណា ហើយ​អ្នក​សម្លាប់​គ្រួសារ​ខ្ញុំ​ហ្នឹង​គេ​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​ដល់​គ្រួសារ​ខ្ញុំ​ហ្នឹង​គណបក្ស​ប្រជាជន។ មិន​ដឹង​ថ្ងៃ​ទី​ប៉ុន្មាន​ខ្ញុំ​អត់​បាន​ចាប់​អារម្មណ៍​ខ្ញុំ​លឺ​ជជែក​គ្នា​នៅ​សាលា​ឃុំ​ហ្នឹង ប្ដី​ខ្ញុំ​ហើយ​អ្នក​វាយ​ហ្នឹង ខ្ញុំ​ប្រាប់​កូន​ដែរ​ថា​ទៅ​ប្រាប់​ប៉ា​ហ្អែង​ទៅ​កុំ​ឲ្យ​ឈ្មោះ​ជាមួយ​គេ​ខ្លាច​គេ​វាយ។ គណបក្ស​សិទ្ធិ​មនុស្ស​អ្នក​វាយ​គេ​ហ្នឹង​គេ​ប្រកាន់​ថា​គេ​ជា​មេ​ចឹង​ណា គេ​ជាប់​ជំទប់​ទី​២​នោះ ហើយ​ប្ដី​ខ្ញុំ​គ្រាន់​ថា​រង​គេ​អាង​ថា​គេ​ហ្នឹង​មេ​តែ​ប្ដី​ខ្ញុំ​ធ្វើការ​យូរ​ហើយ»។

ជន​សង្ស័យ​ឈ្មោះ លោក សូត្រ ចន្ថា ជា​ជំទប់​ទី​២​ឃុំ​ត្រពាំងជោ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ រង់ចាំ​ការ​កាត់​ក្ដី។

ស្នងការ​ខេត្ត​កំពង់ស្ពឺ លោក កែវ ពិសី បដិសេធ​មិន​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​សីហា ដោយ​អះអាង​ថា​ជាប់​រវល់។

ប៉ុន្តែ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក យិន យឿន ថ្លែង​ថា តុលាការ​ខេត្ត​នៅ​ថ្ងៃ​សៅរ៍ ទី​៤ សីហា បាន​បញ្ជូន​ជន​សង្ស័យ ឈ្មោះ សូត្រ ចន្ថា មក​សាកសួរ។

ចំណែក​មេឃុំ​ត្រពាំង​ជោ លោក ទេព ណែម បាន​ថ្លែង​ថា នេះ​គឺ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង​ទេ។ លោក​សោកស្ដាយ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទាំង​២​នាក់​នោះ​ណាស់។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា កំហុស​វាយតប់​រវាង​ជំទប់​ទី​២ គណបក្ស​សិទ្ធិ​មនុស្ស ឃុំ​ត្រពាំងជោ មិន​ប៉ះពាល់​ប្រជាប្រិយភាព របស់​គណបក្ស​នយោបាយ​របស់​លោក​នោះ​ទេ ព្រោះ​ជា​រឿង​ទំនាស់​បុគ្គល។ លោក​ថា នេះ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្ដាយ។ គណបក្ស​សិទ្ធិ​មនុស្ស​ប្រកាន់​គោលការណ៍​យក​អហិង្សា​ជា​ធំ ហើយ​បញ្ហា​នេះ គឺ​ជា​ការ​ខ្វះ​ចន្លោះ​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ដែល​ជ្រើសរើស​បុគ្គល​នេះ មក​ឈរ​ឈ្មោះ​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស។

លោក យ៉ែម បុញ្ញឫទ្ធិ៖ «ជា​គោលការណ៍​យើង​ចង់​ឲ្យ​មាន​មនុស្ស ដែល​មាន​បុគ្គលិក​លក្ខណៈ​ចរិត​សីលធម៌​ខ្ពស់ ហើយ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ថ្នាក់​មូលដ្ឋាន។ គាត់​ប្រហែល​ជា​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ខ្លះ។ យើង​អនុវត្ត​ផែនការ​របស់​យើង​បន្ត​ទៅ​ទៀត ពីព្រោះ​ផែនការ​របស់​យើង​ដែល​ពង្រឹង​សមត្ថភាព និង​ពង្រឹង​ពី​គោលនយោបាយ​នៃ​ការ​ដឹកនាំ​នោះ យើង​បន្ត​សកម្មភាព​ហ្នឹង​ត​ទៅ​ទៀត។ យើង​សង្កត់​ធ្ងន់​ពី​រឿង​បុគ្គលិក​លក្ខណៈ និង​ចរិត​សីលធម៌»។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អះអាង​ថា អំពើ​ហិង្សា​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ដូច្នេះ បាន​បង្ហាញ​នូវ​គំរូ​មិន​ល្អ​មួយ នឹង​ជា​ឧបសគ្គ​រាំងស្ទះ​ក្នុង​ការ​ជំរុញ និង​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​មតិ​ថា ករណី​ប្រើ​ហិង្សា​វាយ​សម្លាប់​គ្នា​នេះ គឺ​ជា​រូបភាព​នៃ​ការ​រើសអើង​ខាង​នយោបាយ និង​ការ​ប្រកាន់​និន្នាការ​គណបក្ស​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​អភិវឌ្ឍន៍​ប្រទេស។

លោក យង់ គិមអេង៖ «សំខាន់​បំផុត នៅ​ថ្នាក់​លើ​ហ្នឹង​គាត់​ចេះ​សម្រប​សម្រួល​គ្នា បង្ហាញ​ឲ្យ​ឃើញ​ថា បក្ស​នយោបាយ​បន្ទាប់​ពី​បោះឆ្នោត​ទៅ នៅ​ថ្នាក់លើ​នេះ ចេះ​ធ្វើការ​ជាមួយ​គ្នា ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ខ្ពស់។ អ៊ីចឹង​ទៅ​ដល់​ថ្នាក់ក្រោម​ហ្នឹង ក៏​អាច​គាត់​មើល​មក​ថ្នាក់​លើ​គាត់​ដែរ អាច​ហ្នឹង​មាន​ការ​អធ្យាស្រ័យ​គ្នា​ខ្ពស់​ដែរ»។

សង្គម​ស៊ីវិល​ធ្វើការ​ក្នុង​វិស័យ​អភិវឌ្ឍន៍​មូលដ្ឋាន បាន​ផ្ដល់​អនុសាសន៍​ថា មន្ត្រី​សាធារណៈ​មិន​គួរ​ប្រើ​ហិង្សា​នោះ​ទេ តែ​ត្រូវ​តែ​ដាក់​ចិត្ត​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ ដែល​គប្បី​ធ្វើការ​រួម​គ្នា យោគយល់​គ្នា សាមគ្គី​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ភូមិ​ឃុំ និង​ដើម្បី​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​រួម ដែល​នេះ​ទើប​ជា​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។