ភាព​ខ្វះ​ចន្លោះ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

ផ្ទុយ​ពី​បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ត្រូវ​បាន​សភា​​ធ្វើ​វិសោធនកម្ម​កន្លង​ទៅ​នេះ បាន​កំណត់​ថា ចំពោះ​ជន​ដែល​ត្រូវ​​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ បទមជ្ឈិម ហើយ​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ទេ។

0:00 / 0:00

ដោយ​ឡែក​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​វិញ ដែល​ត្រូវ​ប្រមុខ​រដ្ឋ​ស្ដីទី​ប្រកាស​ឲ្យ​ប្រើ​ប្រាស​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ ១៩៩៨ ពុំ​មាន​បញ្ញត្តិ​ចំពោះ​ទណ្ឌិត​ណា ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​ទោស​ហើយ​ពុំ​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​នោះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​លេច​ជា​រូប​រាង​ក្នុង​ពេល​ដ​ខ្លី​ខាងមុខ​នេះ នឹង​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ​ជា​ផ្លូវ​ការ សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ​នេះ ខណៈ​ដែល​អ្នក​នយោបាយ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ប្រព័ន្ធ​ច្បាប់។

លោក ប៉ុល ហំម ដែល​គេ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​​​អនុ​ប្រធាន​នៃ​​គណបក្ស​ថ្មី​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី ជា​ប្រធាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី២០ ខែ​សីហា​ថា ពុំ​មាន​ហេតុ​ផល​ណា​មួយ ដែល​ថា គណបក្ស​ថ្មី​នេះ​ចេញ​មិន​រួច​នោះ​ឡើយ។

លោក​បន្ត​ថា ព្រោះ​ក្នុង​ខ្លឹមសារ​ច្បាប់ ពុំ​មាន​បញ្ញត្តិ​ដល់​អ្នក​នយោបាយ​ណា ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ ហើយ​ពុំ​អាច​ធ្វើ​នយោបាយ​បាន​នោះ​ទេ។ ដោយសារ​ករណី​លោក សម រង្ស៊ី ជា​រឿង​នយោបាយ​ហេតុ​នេះ​ត្រូវ​ផ្សះ​ផ្សា​តាម​ផ្លូវ​នយោបាយ។

លោក ប៉ុល ហំម បន្ត​ថា៖ «ខ្ញុំ​គិត​ថា មិន​មាន​ស្អី ដែល​ហាម​ឃាត់​មិន​ឲ្យ​យើង​ចុះ​បញ្ជី​គណបក្ស​នយោបាយ​បាន​ទេ។ បាទ​ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍​អម្បាញ់មិញ​អ៊ីចឹង ច្បាប់​ឯណា​មាន​ថា មិន​ឲ្យ​ទណ្ឌិត​បោះ​ឆ្នោត។ ប៉ុន្តែ គ្រាន់​តែ​ថា គ្រាន់​តែ​ធ្វើ​គណបក្ស​នយោបាយ ដូច​រហូត​មក​ទល់​ពេល​នេះ​ឯក​ឧត្ដម សម រង្ស៊ី គាត់​នៅ​តែ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី រហូត​ដល់​ថ្ងៃ​ដែល​ស្អែក​ហ្នឹង យើង​យក​សេចក្ដី​ជូន​ដំណឹង​ទៅ​ឲ្យ​គេ​អា​ហ្នឹងៗ បាន​ន័យ​ថា គាត់​ចូល​មក​គណបក្ស​ថ្មី​ហើយ »។

ភាព​ចម្រូង​ចម្រាស់​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​នេះ ត្រូវ​គេ​មើល​ឃើញ​ថា នោះ​ក៏​ព្រោះ​តែ​គណបក្ស ដែល​មាន​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​មាន​លោក សម រង្ស៊ី ជា​ប្រធាន។ មន្ត្រី​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជំទាស់​ថា លោក សម រង្ស៊ី ពុំ​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ ព្រោះ​ជា​ទណ្ឌិត។

បើ​ទោះ​ជា​បែប​ណា​ក្ដី ខ្លឹម​សារ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​មាន ១០ ជំពូក និង ៤៥ មាត្រា ដែល​ត្រូវ​បាន​សភា​អនុម័ត កាល​ពី​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ១៩៩៧ ហើយ​ប្រមុខ​ស្ដី​ទី​លោក ជា ស៊ីម ចុះ​ហត្ថលេខា​ប្រ​កាស​ឲ្យ​ប្រើ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ១៩៩៨ ច្បាប់​នេះ​ពុំ​មាន​វាក្យ ខណ្ឌ​ណា ដែល​បញ្ញត្តិ ឬ​តាក់​តែង​ឡើង ក្នុង​ន័យ​ហាម​ប្រាម​ចំពោះ​អ្នក​នយោបាយ ដែល​តុលាការ​រក​ឃើញ​ថា មាន​ទោស​ហើយ​រារាំង​ក្នុង​ការ​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឲ្យ​គេ​បោះ​ឆ្នោត​នោះ​ទេ។

ទាក់ទិន​ករណី​នេះ មាន​ការ​បក​ស្រាយ​ខុសៗ គ្នា រវាង​ស្ថានភាព​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​រក​ឃើញ​ថា មាន​ទោស ក្រោម​បទ​ចោទ​ថា ដក​តម្រុយ​បង្គោល​ព្រំ​ដែន​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង និង​បទ​ចោទ​មួយ​ផ្សេង​ទៀត​ថា បាន​លួច​ក្លែង​ឯក​សារ​ផែនទី។

ការ​បន្ត​ខ្វែង​គ្នា​លើ​ខ្លឹមសារ​នៃ​ច្បាប់​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​នេះ កើត​ឡើង​នៅ​បន្ទាប់​ពី​មាន​គម្រោង​នៃ​ការ​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​កើត​ចេញ​ពី​ការ​រួម​កម្លាំង​គ្នា​រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​ថ្មី ដែល​គេ​គ្រោង​បង្កើត​នេះ នឹង​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា និង​ត្រូវ​រង់ចាំ​ក្នុង​រយៈ ១៥ ថ្ងៃ​វិញ បន្ទាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រួច។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើសុំ​អត្ថាធិប្បាយ​ពី​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ទេ នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្លឹមសារ​នៃ​ច្បាប់​ស្ដី​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ជំពូក ៤ មាត្រា ៣៤ ចែង​ថា ជន​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ មជ្ឈិម ហើយ​មិន​ទាន់​មាន​នីតិសម្បទា​គ្រប់​គ្រាន់​ឡើង​វិញ ពុំ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​បាន​ទេ។

ក៏​ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​គណបក្ស​ជំទាស់​ចាត់​ទុក​ថា បញ្ហា​របស់​លោក សម រង្ស៊ី ពុំ​មែន​ជា​រឿង​ព្រហ្មទណ្ឌ ដូច​ការ​រក​ឃើញ​របស់​តុលាការ​នោះ​ទេ។ ហេតុ​នេះ ត្រូវ​ផ្សះផ្សា​តាម​ផ្លូវ​នយោបាយ។

ចំណែក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀង​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក​ពន្យល់​ថា សម្រាប់ គ.ជ.ប ពុំ​មាន​ឧបសគ្គ​អ្វី​នោះ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​តែ​សេចក្ដី​សម្រេច​ពី​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណោះ។

លោក ទេព នីថា បន្ត​ថា៖ «ប្រសិន​បើ​គណបក្ស​ហ្នឹង ត្រូវ​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​ទទួល​ស្គាល់​ស្រប​ច្បាប់ នៅ​ក្រសួង​មហា​ផ្ទៃ​នោះ នៅ​ពេល គ.ជ.ប ប្រកាស​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត គាត់​មាន​សិទ្ធិ​ដាក់​ពាក្យ ដើម្បី​ប្រកួត​ប្រជែង​ដូច​គណបក្ស​ដទៃ​ទៀត​ដែរ»។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រឹត្យ និង​យុត្តិ​ធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និកហ្វិច (NECFECT)។ លោក​គិត​ថា នេះ​ជា​ភាព​ចន្លោះ​នៃ​ច្បាប់ ដែល​បង្កើត​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ។

លោក​បន្ត​ថា ក្នុង​ករណី​ពុំ​មាន​បញ្ញត្តិ​ក្នុង​ច្បាប់​ទេ​នោះ មាន​ន័យ​ថា លោក សម រង្ស៊ី អាច​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។