គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ គ្រោងនឹងធ្វើសមាជធំមួយនៅថ្ងៃទី២៥ សីហា ខាងមុខ ដើម្បីបញ្ចូលគ្នាឲ្យទៅជាគណបក្សតែមួយឲ្យស្ថិតនៅក្រោមដំបូលគណបក្សហ៊្វុស៊ិនប៉ិច វិញ។
ដោយឡែកនៅគ្រាដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកំពុងរៀបចំលក្ខន្តិកៈបង្កើតគណបក្សថ្មីមានន័យថា គណបក្សទាំងពីរក៏នឹងបង្កើតបក្សរួមគ្នាតែមួយដែរនោះ ស្រាប់តែផ្ទុះនូវព័ត៌មានមួយថា លោក សម រង្ស៊ី មិនអាចមកបង្កើតគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិជាមួយលោក កឹម សុខា បានទៅវិញ។
មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានបដិសេធលិខិតនោះ ដោយចាត់ទុកថា នេះជាការរំខានអ្នកប្រជាធិបតេយ្យនៅពេលមានការបង្រួបបង្រួមគ្នា គឺគេធ្វើឡើងក្នុងគោលបំណងបំបែកគណបក្សទាំងពីរ៖ «គណបក្សទាំងពីរសូមថ្កោលទោសពួកជនទុច្ចរិតបែបហ្នឹង ហើយបដិសេធដាច់អហង្ការចំពោះលិខិតក្លែងបែបហ្នឹង»។
ការបញ្ចេញប្រតិកម្មនេះនៅបន្ទាប់ពីមានលិខិតក្លែងបន្លំមួយឆ្លើយឆ្លងគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដែលអ្នកទាំងពីរកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ លិខិតដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ថ្ងៃទី១១ សីហា ដែលគេផ្សព្វផ្សាយនៅតាមប្រព័ន្ធសង្គម ហ្វេសប៊ុក (Facebook) លោក សម រង្ស៊ី បានសរសើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយថា លោកមិនអាចវិលចូលស្រុកដើម្បីបង្កើតគណបក្សថ្មីជាមួយលោក កឹម សុខា បានទេ។
លិខិតមួយច្បាប់ទៀតចុះហត្ថលេខាដោយលោក កឹម សុខា ពីសហរដ្ឋអាមេរិក នៅថ្ងៃទី១២ សីហា ឆ្លើយតបវិញថា លោក កឹម សុខា បានសម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់លោក សម រង្ស៊ី ដកខ្លួនថយពីឆាកនយោបាយនេះ។
ទាក់ទងនឹងបញ្ហានេះ លោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅថ្ងៃទី១៣ សីហា បានចេញលិខិតបដិសេធវិញភ្លាមៗពីសហរដ្ឋអាមេរិកសរសេរថា បញ្ជាក់ពីគោលជំហររបស់លោកថា គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី និងបង្កើតគណបក្សថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានហៅលិខិតក្លែងបន្លំនោះថា ជាក្រុមខិលខូចកំពុងភ័យស្លន់ស្លោប្រើឧបាយកលញុះញង់បំបែកបំបាក់ដើម្បីកុំឲ្យខ្មែរឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បីងាយស្រួលជិះជាន់ និងត្រួតត្រា។
ការចេញលិខិតក្លែងក្លាយបង្ហោះនៅតាមប្រព័ន្ធហ្វេសប៊ុកនេះ បានកើតមានជាបន្តបន្ទាប់នៅក្នុងរយៈពេលចុងក្រោយនេះ។ កាលពីដើមសប្ដាហ៍មុន ក៏មានជនករណីក្លែងបន្លំលិខិត និងមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរមិនឲ្យផ្សព្វផ្សាយអំពីព័ត៌មានថា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ស្លាប់ដែរ។
ទាក់ទងនឹងលិខិតក្លែងបន្លំឆ្លងឆ្លើយគ្នានេះ ក្រុមអ្នកវិភាគបានលើកឡើងថា នេះជារឿងនយោបាយរបស់អ្នកនយោបាយ ដើម្បីស្ទង់មើលសកម្មភាពរបស់ម្ចាស់ឆ្នោតតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសង្គមកម្ពុជា នៅពេលជិតបោះឆ្នោតម្ដងៗ តែងមានរលកនយោបាយប្រទាញប្រទង់គ្នារវាងអ្នកនយោបាយ ឬគណបក្សនីមួយៗ ដើម្បីកៀរគររកសំឡេងគាំទ្រពីប្រជាពលរដ្ឋ។
ដោយឡែកគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលគណបក្សទាំងពីរអះអាងថា ជាគណបក្សរាជានិយមនោះ ទីបំផុតគេនៅតែអាចបញ្ចូលគ្នាឲ្យទៅជាគណបក្សតែមួយនៅពេលខាងមុខ បន្ទាប់ពីគណបក្ស នរោត្តម រណឫទ្ធិ បែកបាក់ផ្ទៃក្នុង ដោយសារតែបញ្ហាមិនចង់រួបរួមគ្នានោះ។
អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី។ លោកមានប្រសាសន៍ថា គណបក្ស នរោត្តម រណឫទ្ធិ នឹងធ្វើសមាជនៅថ្ងៃទី២៤ សីហា ខាងមុខ ដើម្បីផ្លាស់ប្ដូរឈ្មោះគណណបក្ស នរោត្តម រណឫទ្ធិ ទៅជាគណបក្សជាតិនិយមវិញ ហើយនៅថ្ងៃទី២៥ សីហា គណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើសមាជដើម្បីបញ្ចូលគ្នាឲ្យទៅជាគណបក្សតែមួយ ប៉ុន្តែគណបក្ស នរោត្តម រណឫទ្ធិ គណបក្សជាតិនិយម នៅទុកដដែល ដើម្បីរក្សាតួនាទីតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សារាជធានី។
លោក សៅ រ៉ានី៖ «ឆន្ទៈរបស់សមាជិកសមាជិកាចង់រួបរួមហ្នឹង ៨០ភាគរយទៅហើយនៅមូលដ្ឋាន អ៊ីចឹងឆន្ទៈនេះដូចខ្ញុំដែរ ដែលចង់រួបរួម ព្រោះគេយល់ថា ១បូក១ស្មើ២ មិនមែន១ដក១ស្មើ ០ ទេ»។
លោក សៅ រ៉ានី មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៣ សីហា នេះ គណៈកម្មការនាយកបានសម្រេចឲ្យលោកធ្វើជាប្រធានគណបក្សស្ដីទីរហូតដល់ថ្ងៃធ្វើសមាជនឹងជ្រើសរើសប្រធានបក្សថ្មី ពីព្រោះថា លោក ឈឹម សៀកឡេង ប្រធានស្ដីទីក៏លាលែងពីតំណែង ហើយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានលាលែងមិនធ្វើនយោបាយ។
គណបក្ស នរោត្តម រណឫទ្ធិ បានផ្លាស់ប្ដូរឈ្មោះជាច្រើនដងមកហើយ គឺនៅក្នុងឆ្នាំ២០០៩ គណបក្សនេះប្ដូរឈ្មោះពីគណបក្ស នរោត្តម រណឫទ្ធិ មកគណបក្សជាតិនិយម ដល់ឆ្នាំ២០១១ គណបក្សនេះប្ដូរពីគណបក្សជាតិនិយម មកគណបក្ស នរោត្តម រណឫទ្ធិ វិញ។
លោក សៅ រ៉ានី បានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១៣ សីហា លោកបានដកពាក្យបណ្ដឹងរបស់លោកពីសាលាដំបូងរាជធានីភ្នំពេញ ដែលប្ដឹងលោក ប៉ែន សង្ហា ជាអ្នកនាំពាក្យគណបក្ស និងលោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាអគ្គលេខាធិការរងពីបទធ្វើលិខិតក្លែង និងរំលោភសេចក្ដីទុកចិត្ត៖ «ដោយសម្ដេចក្រុមព្រះលាឈប់នយោបាយហើយ អ៊ីចឹងបានជាខ្ញុំដកពាក្យបណ្ដឹង អ្នកដង្ហែព្រះអង្គ បើសិនជាខ្ញុំនៅតែម្ដង មើលទៅហាក់បីដូចជាអាក្រក់មើលពេក»។
ការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស នរោត្តម រណឫទ្ធិ រហូតដល់សម្ដេចក្រុមព្រះបានប្រកាសថា ព្រះអង្គលាលែងឈប់ធ្វើនយោបាយនេះ កើតឡើងបន្ទាប់ពីគណបក្ស នរោត្តម រណឫទ្ធិ បានចុះហត្ថលេខាបង្រួបបង្រួមគ្នាកាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១២ ដោយមានការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែក្រោយពេលបោះឆ្នោតគណបក្សទាំងពីរបានបែកបាក់គ្នាទៅវិញ រវាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ជានាយកប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។
ក្រុមអ្នកវិភាគបានលើកឡើងថា ការលាលែងឈប់ធ្វើនយោបាយរបស់សម្ដេចក្រុមព្រះនេះម្ដងហើយម្ដងទៀតនេះ ដោយសារតែអ្នកនៅក្រោមបង្គាប់ព្រះអង្គបានក្បត់ព្រះអង្គម្ដងហើយម្ដងទៀត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នៅក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងមកនេះ សម្ដេចក្រុមព្រះបានបរាជ័យនៅក្នុងរឿងនយោបាយ ដោយសារតែសម្ដេចក្រុមព្រះមិនមានយុទ្ធសាស្ត្រនយោបាយរៀបចំមនុស្សនៅក្នុងបក្សឲ្យបានត្រឹមត្រូវ។
លោកបណ្ឌិត សុខ ទូច ៖ «ការគ្រោះថ្នាក់ហ្នឹងកើតមកពីភាពលង់លក់នៃអំណាច ធម្មតាទេសែរាជវង្សចូលចិត្តការលើកតម្កើង ភាពលើកតម្កើងហ្នឹងហើយដែលធ្វើឲ្យភ្លេចរៀបចំយុទ្ធសាស្ត្រមនុស្សពិតនៅក្នុងបក្ស អ៊ីចឹងហើយនៅពេលអ្នកក្នុងបក្សចង់ផ្ដួលរំលំព្រះអង្គអត់មានជើងក្រោម អ្នកនៅជើងជិតព្រះអង្គសុទ្ធតែអ្នកអែបអបចង់បានអំណាចឡេមឡឺមហ្នឹង»។
ក្រុមអ្នកវិភាគបានលើកឡើងថា វាជារឿងល្អមួយដែលគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងបង្រួបបង្រួមគ្នាឲ្យទៅជាគណបក្សតែមួយ ពីព្រោះថា សំឡេងអ្នកគាំទ្រគណបក្សទាំងពីរកំពុងស្ថិតនៅក្នុងបរិបទនយោបាយពិបាករកអ្នកគាំទ្រ។ ប៉ុន្តែអ្នកវិភាគបានពន្យល់ថា ទោះបីជាគណបក្សទាំងពីរនឹងរួបរួមគ្នាយ៉ាងណាក៏ដោយ ក៏គណបក្សទាំងពីរនេះនៅតែពិបាកដើម្បីប្រមែប្រមូលអ្នកគាំទ្រដដែល។ មានន័យថា គណបក្សទាំងពីរនឹងមិនកើនសន្លឹកឆ្នោតនោះឡើយនៅឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។