ក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី បានដាក់លិខិតមួយជម្រាបជូនទៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង ដើម្បីសុំអន្តរាគមន៍ចំពោះករណីអាជ្ញាធរក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនអនុញ្ញាតឲ្យគណបក្ស សម រង្ស៊ី យកទីធ្លាសាធារណៈចំនួន ៤កន្លែង ធ្វើជាទីតាំងឃោសនាគោលនយោបាយរបស់គណបក្ស។
លិខិតមួយច្បាប់របស់គណបក្ស សម រង្ស៊ី ដែលវិទ្យុអាស៊ីសេរី ទទួលបានតាមរយៈអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ បានបញ្ជាក់ថា គណបក្ស សម រង្ស៊ី ប្រចាំខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា បានស្នើសុំទីធ្លាសាធារណៈចំនួន ៥កន្លែង ទៅសាលាក្រុងបាត់ដំបង ដើម្បីឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប៉ុន្តែសាលាក្រុងបានអនុញ្ញាតឲ្យតែមួយកន្លែង និងឲ្យធ្វើតែមួយថ្ងៃ។
គណបក្ស សម រង្ស៊ី បានលើកឡើងថា ទង្វើររបស់អាជ្ញាធរនេះ គឺផ្ទុយនឹងគោលការណ៍ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជាការរើសអើងនយោបាយយ៉ាងធ្ងន់ធ្ងរទៅលើគណបក្សប្រឆាំង។ លិខិតបន្តថា បក្ស សម រង្ស៊ី មិនជំទាស់ទៅនឹងការមិនអនុញ្ញាតរបស់សាលាក្រុង ទោះបីគណបក្សបានស្នើសុំទីធ្លាសាធារណៈចំនួន ៥កន្លែង ហើយអនុញ្ញាតតែមួយកន្លែង ប៉ុន្តែអាជ្ញាធរមិនគួរកម្រិតឲ្យគណបក្សប្រារព្ធពិធីឃោសនាត្រឹមតែ ១ថ្ងៃនោះទេ។
លោក ស៊ុន តឹក ប្រធានសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង។ លោកបាន មានប្រសាសន៍ថា អង្គការលីកាដូ បានអន្តរាគមន៍បញ្ហានេះទៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីឲ្យគណបក្សប្រឆាំង សម រង្ស៊ី បានសិទ្ធិឃោសនាពីគោលការណ៍គណបក្សរបស់ខ្លួនស្របតាមច្បាប់បោះឆ្នោត។
លោក ស៊ុន តឹក៖ «គួរតែអនុញ្ញាតឲ្យបានទូលំទូលាយក្នុងការឃោសនាក្នុងការបោះឆ្នោត ជ្រើសរើសព្រឹទ្ធសភានេះ យកល្អយើងត្រូវនិយាយគ្នា បើយើងគ្រាន់តែសរសេរលិខិតទៅវាពិបាកដែរ មិនដូចជួបជុំតុមូលនិយាយគ្នា យើងត្រូវថា គណបក្សប្រជាជនធ្វើកន្លែងណាខ្លះ គណបក្ស សម រង្ស៊ី ធ្វើកន្លែងណាខ្លះអាហ្នឹងបានស្នើភាពគ្នា»។
លោក វន ពន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ លោកបានមានប្រសាសន៍ថា តាមច្បាប់បោះឆ្នោតគណបក្សនយោបាយត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិ។ នៅពេលម្ចាស់កម្មសិទ្ធិយល់ព្រមហើយ គណបក្សនយោបាយអាចធ្វើលិខិតដាក់ទៅអាជ្ញាធរដែនដី។
លោក វន ពន៖ «ប៉ុន្តែនេះគណបក្ស សម រង្ស៊ី បានលិខិតទៅក្រុង និងដើម្បីឲ្យក្រុងអនុញ្ញាតចំពោះ ៥កន្លែងហ្នឹង។ ឥឡូវខ្ញុំធ្វើជាលិខិត សុំឲ្យធ្វើការសម្របសម្រួលជាមួយនឹងក្រុង ប៉ុន្តែចម្លើយយ៉ាងណាៗនោះ ក្រុងមិនទាន់បានឆ្លើយទេ មួយទៀត ខ្ញុំសំណូមឲ្យគណបក្ស សម រង្ស៊ី ទៅពិភាក្សាឡើងវិញជាមួយ និងសាលាក្រុង»។
លិខិតឆ្លើយតបរបស់អាជ្ញាធរក្រុងបាត់ដំបង បានបញ្ជាក់ថា ការស្នើសុំទីធ្លាសាធារណៈសំរាប់ធ្វើជាកន្លែងឃោសនាផ្សព្វផ្សាយគោលការណ៍គណបក្សចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ រដ្ឋបាលក្រុងបានផ្ដល់ទីតាំងមួយកន្លែងនៅចំណុចមុខដើមពោធិ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ចំនួន ១កន្លែង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ប៉ុន្តែមិនឲ្យចល័តទៅធ្វើសកម្មភាពនៅកន្លែងផ្សេងៗ។
ចំពោះសួនសាធារណៈតាមដងស្ទឹងសង្កែ ទាំងខាងលិច និងត្រើយខាងកើតចំណុចមុខវត្តសង្កែ និង ចំណុចសួនច្បារខាងកើតផ្សារណាត់ មិនអនុញ្ញាតឲ្យធ្វើជាទីកន្លែងឃោសនាផ្សព្វផ្សាយគោល ការណ៍គណបក្ស។ ទុកលទ្ធភាពជូនប្រជាពលរដ្ឋធ្វើលំហាត់ប្រាណភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការធ្វើចរាចរទាំងពេលថ្ងៃ និងពេលរាត្រី។
ចំពោះទីធ្លាអតីតមន្ទីរកសិកម្មក្នុងករណីគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬម្ចាស់អាជីវកម្ម ដែលទទួលសិទ្ធិអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុន។ ចំពោះទីតាំងចិញ្ចើមផ្លូវក្រៅរបង អតីតមន្ទីរកសិកម្មខេត្ត គឺមិនអនុញ្ញាតឡើយ ព្រោះមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរ។
ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ដែលមានគណបក្សនយោបាយពីរចូលរួមប្រកួតប្រជែកការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង សម រង្ស៊ី៕