កេរ​របស់ ប៉ុល ពត នឹង​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ

លោក ញ៉ែម អេន អតីត​អ្នក​ថត​រូប​នៅ​គុក​ទួលស្លែង​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ដាក់​ឲ្យ​គេ​ដេញ​ថ្លៃ​នូវ​ស្បែកជើង​សង្រែក​របស់​មេ​ខ្មែរ​ក្រហម ប៉ុល ពត ព្រមទាំង​ប្រដាប់​ថតរូប​ដែល​លោក​ប្រើ​ក្នុង​ការថត​រូប​អ្នក​ទោស​ក្នុង​គុក​ទួលស្លែង​និង​ថត​ពិធី​ផ្លូវការ​សំខាន់ៗ​របស់​របប​ខ្មែរ​ក្រហម។

លោក ញ៉ែម អេន ដែល​បច្ចុប្បន្ន​ជា​អភិបាល​រង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ការដេញ​ថ្លៃ​នេះ​នឹង​ចាប់ផ្តើម​ពី​៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ការដេញ​ថ្លៃ​នឹង​ធ្វើ​នៅ​ទី​ណា​ឬ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

ស្បែក​ជើង​សង្រែក​របស់ ប៉ុល ពត ដែល​បាន​ទទួល​អនិច្ចកម្ម​កាលពី​ឆ្នាំ​១៩៩៨​ធ្វើ​អំពី​កៅស៊ូ​កង់​ឡាន រី​ឯ​ប្រដាប់​ថត​រូប​មួយ​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ មួយ​ទៀត​នៅ​ជប៉ុន។

លោក ញ៉ែម អេន សង្ឃឹម​ថា ប្រាក់​ចំណូល​ដែល​នឹង​បាន​ពី​ការដេញ​ថ្លៃ​នេះ​លោក​នឹង​យក​ទៅ​សាង​សារមន្ទីរ​មួយ​សម្រាប់​តាំង​បង្ហាញ​រូប​ថត​​​និង​វត្ថុ​ផ្សេងៗ​ពី​សម័យ​ខ្មែរ​ក្រហម រួម​ទាំង​បង្គន់​របស់ ប៉ុល ពត ផង៕