ពលរដ្ឋ​ក្រីក្រ​ត្អូញ​ត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ទទួល​សេវា​សុខភាព

ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ក្នុង​ការ​ទៅ​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​នានា​នៅ​ពេល​មាន​ជំងឺ​ម្តងៗ ដោយសារ​ពួក​គេ​គ្មាន​ថវិកា​ក្នុង​ការ​បង់​បន្ថែម ក្រៅ​ពី​លុយ​សេវា​ដែល​គេ​បាន​កំណត់​ឲ្យ​បង់​ទៅ​តាម​ផ្លូវការ​នោះ។

0:00 / 0:00

ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ថា ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ គឺ​មាន​ការ​រើស​អើង​ពី​បណ្តា​គ្រូ​ពេទ្យ​មួយ​ចំនួន នៅ​ពេល​ដែល​គ្រូ​ពេទ្យ​មើល​ឃើញ​ស្ថានភាព​ពួក​គេ​ថា ក្រីក្រ​នោះ គេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ជំងឺ​ឲ្យ​នោះ​ទេ។

ស្រ្តី​ម្នាក់​ឈ្មោះ សារ៉ាន នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា អ្នកស្រី​រស់​នៅ​ជិត​ព្រំ​ប្រទល់​ប្រទេស​វៀតណាម នៅ​ពេល​ដែល​អ្នកស្រី ឬ​ក្រុម​គ្រួសារ​ណា​ម្នាក់​ឈឺ​គឺ​តែង​តែ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម ព្រោះ​នៅ​ជិត​ផ្ទះ​អ្នកស្រី​គ្មាន​មណ្ឌល​សុខភាព​និង​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​នោះ​គឺ​អស់​លុយ​ដូច​គ្នា ៖ «ខ្ញុំ​សំណូមពរ​ដែរ​ឲ្យ​រដ្ឋាភិបាល​ជួយ នៅ​ជិត​ស្រួល​យប់​ព្រលប់»

បុរស​ឈ្មោះ ចាន់ វ៉ាន នៅ​ខេត្ត​តាកែវ មាន​ប្រសាសន៍​ថា លោក​គ្មាន​ទំនុក​ចិត្ត​នៃ​ការ​ទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខែត្រ​នោះ​ទេ ពីព្រោះ​ការ​ទៅ​ព្យាបាល​នៅ​ទី​នោះ សំខាន់​គឺ​គេ​សួរ​រក​លុយ​ក្រៅ​ពី​ថ្លៃ​បង់​សេវា ពិសេស​កន្លង​មក កូន​របស់​លោក​ឈឺ គ្រូ​ពេទ្យ​នៅ​ទី​នោះ​គ្មាន​ពិនិត្យ​និង​តាមដាន​ជំងឺ​ឲ្យ​បាន​ដិត​ដល់​នោះ​ទេ។ ហើយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​ឈឺ លោក​សុខ​ចិត្ត​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុង​ក្រុង​ភ្នំពេញ ទោះ​បី​ជា​ចំណាយ​ថវិកា​ច្រើន​ជាង​ពេទ្យ​រដ្ឋ​ក្តី។

លោក ចាន់ វ៉ាន ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ព្រោះ​កន្លង​មក កូន​ខ្ញុំ​ធ្លាប់​ឈឺ​ម្ដង ចេះ​តែ​ឈឺ​អ៊ីចឹង កាល​ហ្នឹង​ថា គ្រុន​ឈាម ពេទ្យ​ឲ្យ​ដេក ដល់ ២ ទៅ ៣​ថ្ងៃ គាត់​ថា អត់​មាន​លទ្ធភាព​មើល»

ស្រ្តី​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ឃុំ​ពពិស ស្រុក​ព្រៃវែង ខែត្រ​ព្រៃវែង មាន​ប្រសាសន៍​ថា អ្នកស្រី​តូច​ចិត្ត​ខ្លួន​ឯង ដែល​មាន​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ឯកជន​ដូច​អ្នក​មាន​មួយ​ចំនួន ព្រោះ​កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ អ្នកស្រី​គ្មាន​លុយ ហើយ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខែត្រ គេ​តម្រូវ​ឲ្យ​បង់​លុយ​សេវា​ចំនួន ១.៥០០​រៀល នៅ​ពេល​វះ​កាត់​គេ​ទារ​លុយ​ពី​អ្នកស្រី​បន្ថែម ២០​ម៉ឺន​រៀល​ផ្សេង​ទៀត មុន​នឹង​ព្យាបាល ពេល​នោះ​អ្នកស្រី​ត្រូវ​ទៅ​ចងការ​ប្រាក់​គេ។

ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​នេះ ថ្លែង​ដូច្នេះ​ថា ៖ «ពិបាក​មែន​ទែន បើ​ទ័ល​មែន​ទែន យើង​មិន​ដឹង​ធ្វើ​ម៉េច ទៅ​ដល់​គេ​ដឹង​តែ​រក​លុយ​យើង​ហើយ គេ​ទារ​លុយ​យើង​ហើយ ហើយ​បើ​យើង​គ្មាន​គេ​លែង​មើល​អី​ក៏​មាន»

លោក វុទ្ធី នៅ​ឃុំ​ព្រៃគាំ ស្រុក​អង្គរ​បុរី ខែត្រ​តាកែវ មាន​ប្រសាសន៍​ដែរ​ថា នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ការ​រស់​នៅ​ស្រួល​តែ​ចំពោះ​អ្នក​មាន​តែ​ប៉ុណ្ណោះ អ្នក​ក្រ​មាន​ការ​លំបាក​សព្វ​បែប​យ៉ាង ណា​មួយ​គិត​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ ប៉ុន្តែ​បើ​សមាជិក​គ្រួសារ​ណា​មួយ​មាន​ជំងឺ​នោះ ជា​បញ្ហា​មួយ​ដែល​ពិបាក​នឹង​ដោះស្រាយ​ថែម​ទៀត ៖ «សូម​ឲ្យ​គ្រូ​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ ឲ្យ​មើល​គ្នា​ដែល​ក្រ​ផង កុំ​មើល​តែ​អ្នក​មាន​លុយ»

ស្រ្តី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ខេត្ត​កំពង់ចាម ដែល​បាន​មក​សម្រាល​កូន​ទី​៤ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក ឬ​ហៅ​ថា មន្ទីរពេទ្យ​ជប៉ុន​ក្នុង​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្រៅ​ពី​អ្នកស្រី​បាន​បង់​ថ្លៃ​សេវា​ជាង ៧​ម៉ឺន​រៀល គឺ​ឆ្មប​បាន​ទារ​លុយ​ពី​អ្នកស្រី​ចំនួន ២០​ម៉ឺន​រៀល​ផ្សេង​ទៀត មុន​នឹង​សម្រាល​កូន​ឲ្យ ដោយ​ដាក់​លក្ខខណ្ឌ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទេ។

អនុប្រធាន​ផ្នែក​សម្រាល​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក លោកស្រី​វេជ្ជ​បណ្ឌិត ស្រី សូផា មាន​ប្រសាសន៍​ថា ចំពោះ​ស្រ្តី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​នេះ ជា​គោលការណ៍ គេ​តម្រូវ​ឲ្យ​បង់​ថ្លៃ​សេវា ១៤៣.០០០​រៀល (ដប់​បួន​ម៉ឺន បី​ពាន់​រៀល) ចំពោះ​អ្នក​កើត​កូន​ដំបូង រីឯ​អ្នក​កើត​កូន​ទី​ពីរ​ឡើង​ទៅ គឺ​បង់​ថ្លៃ​សេវា ៧៣.០០០​រៀល (ប្រាំ​ពីរ​ម៉ឺន បី​ពាន់​រៀល) ដោយ​សម្រាក​រយៈពេល​បី​ថ្ងៃ ក្រៅ​ពី​នេះ មន្ទីរពេទ្យ​មិន​តម្រូវ​ឲ្យ​បង់​អ្វី​ផ្សេង​ទៀត​ទេ។

លោក​ស្រី​វេជ្ជបណ្ឌិត ស្រី សូផា ថ្លែង​យ៉ាង​ដូច្នេះ ៖ «ហើយ​ចំពោះ​អ្នក​ដែល​ក្រីក្រ កុំ​ថា​ឡើយ​កើត រហូត​ដល់​វះ​ទៀត មិន​មាន​បង់​លុយ​ទេ ប៉ុន្តែ​ពេល​ចូល​មក​អ៊ីចឹង ដើម្បី​កុំ​ឲ្យ​ទូទៅ​អត់​បង់​លុយ គេ​ឲ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​បង់​លុយ​ទៅ ដល់​ពេល​ថ្ងៃ​ចេញ​គេ​ធ្វើ No pay ឲ្យ»

មន្ត្រី​ពេទ្យ​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក ញាណ សារិន ដែល​ធ្វើការ​ចុះ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ប្រមាណ ៨០​ភាគរយ ដែល​គ្មាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​និង​មន្ទីរពេទ្យ​ឯកជន។

លោក ញាណ សារិន មាន​ប្រសាសន៍​ថា ៖ «គាត់​ទុក​ជំងឺ​គាត់​នៅ​តាម​ភូមិ​ហ្នឹង ហើយ​គាត់​មាន​វិធានការ​មួយ គឺ​គាត់​រក​ញ៉ាំ​ថ្នាំ​មើម​ឈើ ឫស​ឈើ អ៊ីចឹង​គាត់​នៅ​តាម​ផ្ទះ គាត់​អាច​ស្លាប់»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ទេ​នៅ​ថ្ងៃ​ទី​២ មិថុនា​នេះ រីឯ​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល លោក​វេជ្ជ​បណ្ឌិត គង់ ឆូវ​ផល្លី លោក​មិន​ធ្វើការ​អធិប្បាយ​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​ទទួល​បន្ទុក​ខាង​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ។

អនុប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន​យុវនីតិ​សម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​កិច្ចការ​នារី​នៃ​រដ្ឋ​សភា លោក មិន ស៊ាន មាន​ប្រសាសន៍​ជុំវិញ​បញ្ហា​ខាង​លើ​ថា ជា​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក្រៅ​ពី​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ថ្លៃ​សេវា​នៅ​ពេល​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សាធារណៈ គឺ​ក្រសួង​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ថ្លៃ​អ្វី​ផ្សេង​ទៀត​នោះ​ទេ ៖ «រដ្ឋ​គេ​មាន​គោលការណ៍​គេ​សម្រាប់​ប្រជាជន​ក្រីក្រ​ដោយ​ឡែក​របស់​គេ»

លោក​វេជ្ជ​បណ្ឌិត ស៊ីម សុមុនី នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ហៅ​ថា Medicam មាន​ប្រសាសន៍​ថា ជា​ទូទៅ​សេវា​សុខាភិបាល​នៅ​មាន​កម្រិត​សម្រាប់​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​គ្រូ​ពេទ្យ​និង​ឥរិយាបទ​នៃ​ការ​រើស​អើង​របស់​គ្រូ​ពេទ្យ​មក​លើ​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន។

លោក​វេជ្ជ​បណ្ឌិត ស៊ីម សុមុនី ថ្លែង​យ៉ាង​ដូច្នេះ ៖ «គ្រូ​ពេទ្យ​មិន​បាន​ផ្ដល់​ឱកាស​ដើម្បី​ការ​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់​អំពី​រោគ​សញ្ញា ឬ​ក៏​ការ​ព្យាបាល»

សូម​ជម្រាប​ថា កាល​ពី​ខែ​មីនា​កន្លង​ទៅ ដោយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​នៅ​ខេត្ត​ប៉ៃលិន បាន​បណ្តាល​ឲ្យ​ស្រ្តី​ក្រីក្រ​មា្នក់​មាន​កូន​ក្នុង​ផ្ទៃ ឈ្មោះ វ៉ន យឿប បាន​ស្លាប់ ដោយ​បន្សល់​ទុក​កូន ៧​នាក់​កំព្រា ខណៈ​ដែល​កំពុង​ឈឺ​ពោះ​ឆ្លង​ទន្លេ​កូន​ទី​៨ បន្ទាប់​ពី​ឆ្មប​នៅ​មន្ទីរពេទ្យ​នេះ​បាន​បដិសេធ​មិន​ព្យាបាល​គាត់ ទាល់​តែ​គ្រួសារ​គាត់​បង់​លុយ ២៥​ដុល្លារ ប្រហែល ១០​ម៉ឺន​រៀល​ជា​មុន​សិន។

ជុំវិញ​បញ្ហា​ខាង​លើ លោក​វេជ្ជ​បណ្ឌិត ស៊ីម សុមុនី បាន​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ត្រូវ​តែ​ពង្រឹង​ក្រម​សីលធម៌​គ្រូពេទ្យ ដោះស្រាយ​ប្រាក់​ខែ​ជូន​ក្រុម​គ្រូពេទ្យ ពិនិត្យ​ឡើង​វិញ​តាមដាន​ឲ្យ​បាន​ទៀង​ទាត់​ចំពោះ​មន្រ្តី​សុខាភិបាល​ខេត្ត​ក្រុង និង​ការ​ធ្វើ​អភិបាល​កិច្ច​ឲ្យ​បាន​ទៀង​ទាត់ ហើយ​បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​ត្រូវ​មាន​វិធានការ​ដោះស្រាយ​និង​ការ​ទទួល​ខុស​ត្រូវ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​ផ្ដល់​អំណាច​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​សុខាភិបាល​ក្នុង​តំបន់​និង​ការ​រិះគន់​ផ្តល់​មតិ​យោបល់ និង​ការ​វាយ​តម្លៃ​ពី​ប្រជា​ពលរដ្ឋ បើ​ដរាប​ណា​រដ្ឋាភិបាល​មិន​គិត​គូរ​អំពី​បញ្ហា​ទាំង​អស់​នេះ​ទេ បញ្ហា​មិន​ប្រក្រតី​នៅ​តែ​កើត​មាន​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​នោះ។

អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រសួង​សុខាភិបាល​នៅ​ក្នុង​ឆ្នាំ​២០០៩​នោះ មាន​ប្រមាណ ១០% នៃ​ថវិកា​ជាតិ​សរុប​សម្រាប់​ចំណាយ​ប្រចាំ​ឆ្នាំ​២០០៩៕