ក្រុមអ្នកជំនាញផ្នែកទេសចរណ៍បានអះអាងថា ប្រជាពលរដ្ឋដែលរកទទួលទានផ្នែកវិស័យទេសចរណ៍ជាច្រើននាក់ នៅក្នុងខេត្តសៀមរាប កំពុងតែប្រឈមមុខនឹងការបាត់បង់មុខរបរ នៅគ្រាដែលកំណើនភ្ញៀវទេសចរណ៍មានកាន់តែច្រើនទៅវិញ។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានរិះគន់ថា ចំណូលដែលបានពីវិស័យទេសចរណ៍ ភាគច្រើនបានចូលគគ្រឹកគគ្រេងនៅក្នុងហោប៉ៅនៃឈ្មួញ និងមន្ត្រីធំៗ ដែលរកស៊ីផ្ដាច់មុខនៅលើវិស័យនេះប៉ុណ្ណោះ ប៉ុន្តែមិនបានធ្លាក់ចូលទៅក្នុងដៃប្រជាពលរដ្ឋឡើយ ៖ «ពីលក់សំបុត្រ ឥឡូវក្រសួងទេសចរណ៍ថាឡើង ប៉ុន្មានភាគរយទៅទៀតហើយ ដូច្នេះ វាអាចឡើងដល់ជិត ៨០លានដុល្លារក្នុងមួយឆ្នាំ ហើយរដ្ឋយើង ដូចជាទទួលបានត្រឹម ២០លានអីទេ ដោយសារតែគេបានកុងត្រាថ្មីនោះ។ ខ្ញុំមើលទៅ ពួកនោះបានចំណេញកប់ក្ដោងអត់មានធ្វើអ្វីទេ»។
ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេស ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត ១៥% នៃរយៈពេល ៩ខែចុងក្រោយនេះ ក្នុងឆ្នាំ២០១០ បើប្រៀបធៀបទៅរយៈពេល ដដែលនៃឆ្នាំ២០០៩ កន្លងទៅ។
កាលពីឆ្នាំ២០០៩ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន ១លាន ៦សែននាក់ ហើយរយៈពេល ៩ខែចុងក្រោយនៃឆ្នាំ២០១០ នេះ គេទទួលបានភ្ញៀវទេសចរចំនួន ១លាន ៨សែននាក់។
ថ្វីបើក្រសួងទេសចរណ៍មិនទាន់បានបញ្ជាក់អំពីប្រាក់ចំណូលរបស់ខ្លួន សម្រាប់ឆ្នាំ២០០៩ និងឆ្នាំ២០១០ ប៉ុន្តែរបាយការណ៍នៃប្រាក់ចំណូលនៅក្នុងឆ្នាំ២០០៤ មានចំនួន ៥៧៨លានដុល្លារ ហើយបានកើនឡើងរហូតមកដល់ ១ពាន់ ៥០០លានដុល្លារ នៅក្នុងឆ្នាំ២០០៨ កន្លងទៅ។
ចំណូលរបស់រដ្ឋ ដែលមកពីវិស័យទេសចរណ៍សំខាន់ៗ បានមកពីការលក់សំបុត្រឲ្យភ្ញៀវទេសចរណ៍ចូលមើលប្រាសាទអង្គរវត្ត បានពីការប្រមូលពន្ធពីសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ បានមកពីការលក់សំបុត្រយន្តហោះ ការយកពន្ធលើប្រលានយន្តហោះ និងបានមកពីការធ្វើទិដ្ឋាការឲ្យភ្ញៀវបរទេស។
អ្នកវិភាគសេដ្ឋកិច្ចនៃសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល ថ្លែងថា ចំណូលរដ្ឋបានទទួលតិចបំផុតពីវិស័យទេសចរណ៍ ដែលមានប្រាក់ចំណូលសរុបជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ នោះ។
លោកពន្យល់ថា អង្គរវត្តត្រូវបានវិនិយោគឲ្យឈ្មួញជាអ្នកកាន់កាប់ រីឯក្រុមហ៊ុនយន្តហោះសម្រាប់ដឹកភ្ញៀវ ក៏ជាក្រុមហ៊ុនរបស់បរទេស ចំណែកក្រុមហ៊ុនទេសចរណ៍ជាច្រើន ផ្ទះសំណាក់ សណ្ឋាគារ រថយន្តដឹកភ្ញៀវទេសចរណ៍សុទ្ធតែជារបស់បរទេស និងឈ្មួញធំ ដូច្នេះហើយបានជាចំណូលនោះមិនបានធ្លាក់មកក្នុងចំណូលរដ្ឋច្រើនឡើយ ៖ «ទេសចរណ៍មកអ៊ីចឹង គឺចំណូលច្រើន ប៉ុន្តែចំណូលចូលរដ្ឋតិចទេ។ យើងគិតឲ្យងាយ បើគេជិះយន្តហោះមក គេបង់ឲ្យយន្តហោះ គេបង់តាក់ ប៉ុន្តែមួយចំនួនទៀត ភាគច្រើន គឺក្រុមហ៊ុនទៅវិញទេ ដែលយើងឲ្យសម្បទានទៅគេធ្វើ»។
ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលបានចូលមកទស្សនាក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរណ៍ចំនួន ៥០% បានចូលទស្សនាតំបន់ប្រាសាទអង្គរ។
កាលពីខែកក្កដា ឆ្នាំ២០០០ កន្លងទៅ អាជ្ញាធរអប្សរានៃរដ្ឋាភិបាលខ្មែរ បានចុះហត្ថលេខាព្រមព្រៀងប្រគល់ប្រាសាទអង្គរវត្តឲ្យក្រុមហ៊ុនសុខាអូតែលរបស់មហាសេដ្ឋី សុខ គង់ ដែលជាអ្នករកស៊ីប្រេងសាំង ហើយបច្ចុប្បន្ននេះ បានក្លាយទៅជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលរ៉ាប់រងក្នុងការលក់សំបុត្រឲ្យភ្ញៀវទស្សនា ដោយរដ្ឋាភិបាលយកចំណូលពីក្រុមហ៊ុននោះ ១លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុននោះ។
របាយការណ៍អង្កេតរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង សម រង្ស៊ី បានបញ្ជាក់ថា នៅក្នុងការវិនិយោគ ១ឆ្នាំដំបូង ក្រុមហ៊ុននេះទទួលបានចំណូល ៣លានដុល្លារ ហើយក្រោយមកទៀត ចំណូលនេះបានកើនឡើងមកដល់ ៥៧លានដុល្លារក្នុងឆ្នាំ២០០៧ កន្លងទៅ។
ក្រៅពីប្រាសាទអង្គរ នៅមានប្រាសាទផ្សេងៗទៀត ដូចបន្ទាយឆ្មារជាដើម ក៏ត្រូវបានដាក់ឲ្យក្រុមហ៊ុនមានសិទ្ធិផ្ដាច់មុខក្នុងការលក់សំបុត្រដែរ។
លោក ម៉ម រិទ្ធី អនុប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋអ្នកក្រីក្រ បានទទួលប្រាក់ចំណូលតែពីការស៊ីឈ្នួលដឹកជញ្ជូនបន្តិចបន្តួចតាមម៉ូតូ រ៉ឺម៉ក និងលក់វត្ថុអនុស្សាវរីយ៍ ធ្វើការតាមសណ្ឋាគារ ដែលមានប្រាក់បៀវត្សតិចតួច ហើយបច្ចុប្បន្ននេះ មុខរបរនេះកាន់តែចង្អៀតទៅៗ។
លោកបន្តថា ក្រុមមន្ត្រីបានឃុបឃិតគ្នាជាមួយឈ្មួញ ផ្ដល់ឲ្យមានការវិនិយោគផ្ដាច់មុខ សូម្បីតំបន់រមណីយដ្ឋាន ហាមប្រាមមិនឲ្យពលរដ្ឋដឹកភ្ញៀវដោយសេរីទៅទស្សនានោះទេ។ នេះជាការដណ្ដើមមុខរបរពលរដ្ឋ ៖ «សូម្បីតែអ្នកម៉ូតូឌុប ឥឡូវនេះមានថៅកែមួយចំនួន បានចាប់ផ្ដើមគ្របដណ្ដប់ទៅតាមដំបន់ដែរ គឺអត់មានបើកចំហដូចមុនទេ សូម្បីតែខាងអប្សរា ខាងអភិរក្សអង្គរ គាត់ចាប់មានឡានអគ្គិសនី ឡានអី ចឹងទៅនាំមានការបាត់បង់ចំណូលមួយផ្នែកទៀត។ ពួកថៅកែហ្នឹង គេយកអាមុខរបរបន្តិចៗ របស់ប្រជាជន គាត់យកមកធ្វើជារបស់គាត់តែម្ដង ហើយគាត់ឲ្យប្រជាជនធ្វើការស៊ីឈ្នួលតាមកម្រៃមួយតូច»។
ការវិនិយោគផ្ដាច់មុខ មិនមែនមានតែនៅតំបន់អង្គរនោះទេ។ ប្រភពពីមន្ត្រីបក្សប្រឆាំងបានឲ្យដឹងទៀតថា មាននៅតំបន់ឆ្នេរ និងរមណីយដ្ឋានភ្នំបូកគោ ប្រាសាទព្រះវិហារ កោះ និងតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំជាច្រើនទៀត ក្រោមការអះអាងថា ប្រគល់ឲ្យក្រុមហ៊ុនធ្វើការថែរក្សា និងអភិរក្ស ដើម្បីការអភិវឌ្ឍប្រទេស។
លោកតំណាងរាស្ត្រ សុន ឆ័យ បានហៅការអភិវឌ្ឍបែបនោះថា ជាការអភិវឌ្ឍនាំឲ្យមានភាពរីកចំរើនជឿនលឿនតែក្រុមឈ្មួញធំៗ និងក្រុមមន្ត្រីប៉ុណ្ណោះ ៖ «នៅប្រទេសគេ ការអភិវឌ្ឍនៅទីណា គឺបានទៅលើប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែនៅស្រុកយើង អភិវឌ្ឍនៅកន្លែងណា បានទៅលើឈ្មួញ បានទៅលើមន្ត្រី បានទឹកភ្នែក ដូច្នេះយើងភ័យណាស់ នៅក្នុងប្រទេសកម្ពុជាយើង។ យើងមិនដែលឃើញដូចជានៅក្បាលស្ពានទឹក ជ្រោះ អ៊ីចឹង គឺឲ្យក្រុមហ៊ុនទៅយកផ្ដាច់នៅតំបន់នោះ អ្នកណាចូលទៅសុទ្ធតែបង់លុយអ៊ីចឹង។ ហើយនៅភ្នំគូលែន ឲ្យអ្នកមាននៅខេត្តមួយ ទៅយកលុយ ហើយឲ្យអ្នកណាទៅសុទ្ធតែយកលុយអីចេះ យកលុយអីចុះ។ វាជារឿងមួយអាក្រក់អាក្រីណាស់»។
អ្នកវិភាគផ្នែកសេដ្ឋកិច្ច មន្ត្រីបក្សប្រឆាំង និងអ្នកជំនាញផ្នែកទេសចរណ៍បានឲ្យយោបល់ថា រដ្ឋាភិបាលគួរតែផ្លាស់ប្ដូររបៀបគ្រប់គ្រងផ្នែកទេសចរណ៍របស់ខ្លួន ដើម្បីចែករំលែកឲ្យប្រជាពលរដ្ឋខ្មែរតូចតាចទទួលបានប្រាក់កម្រៃពីកេរ្តិ៍មរតកដូនតាខ្មែរ ដែលបានបន្សល់ទុកឲ្យខ្មែរនោះផង។
លោក សុន ឆ័យ បានស្នើថា គេគួរដណ្ដើមយកមកវិញ នូវការគ្រប់គ្រងនូវតំបន់ទេសចរណ៍សំខាន់ៗ គ្រប់គ្រងប្រាក់ចំណូលឲ្យបានម៉ត់ចត់ មិនត្រូវឃុបឃិតគ្នាបើកឲ្យមានការវិនិយោគផ្ដាច់មុខច្រើនហួសហេតុពេកទេ។ លោកបន្តថា គេគួរតែយកប្រាក់ដែលបានមកពីវិស័យទេសចរណ៍ ជួយបង្ហាត់បង្រៀនពលរដ្ឋ នូវមុខជំនាញផលិតវត្ថុអនុស្សាវរីយ៍ ជួយពលរដ្ឋក្នុងការដាំដុះ បង្កើនផលិតផលក្នុងស្រុក ហើយជំរុញឲ្យមានការជួយទិញពីអ្នកទេសចរណ៍ នូវផលិតផលក្នុងស្រុករបស់ប្រជាជន៕
