CCHR បើក​យុទ្ធនាការ​ប្រតិទិន​ស្វែង​រក​យុត្តិធម៌​ជូន​លោក ម៉ម សូណង់ដូ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ផ្ដើម​បើក​យុទ្ធនាការ​ប្រតិទិន ឬ​រាប់​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ជាប់​ពន្ធនាគារ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​សកម្មជន​ប្រជាធិបតេយ្យ​រូប​នេះ។

0:00 / 0:00

គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​ឃុំ​ខ្លួន​គម្រប់ ៦​ខែ​ហើយ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា ការ​បើក​សម្ពោធ​យុទ្ធនាការ​ប្រតិទិន ឬ​ការ​រាប់​ចំនួន​ថ្ងៃ​​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នេះ គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្ដល់​ឲ្យ​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល ចូល​រួម​ផ្ដល់​យុត្តិធម៌​ដល់​លោក ម៉ម សូណង់ដូ តាម​រយៈ​ការ​ប្រកួត​រចនា​ម៉ូដ​កាតប៉ុស្តាល់ (Post Card) ឬ ប័ណ្ណ​ប្រៃសណីយ៍។

លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និយាយ​នៅ​ថ្ងៃ​ទី​១៥ មករា ថា អ្វី​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជ្រើស​រើស​យក​ការ​ប្រកួត​​កាត​ប៉ុស្តាល់​នេះ គឺ​ចង់​ឲ្យ​សាធារណជន​បាន​​រួមចំណែក​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​​ឲ្យ​លោក ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ឃុំ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​សន្លឹក​កាត​ប៉ុស្តាល់ ដែល​ល្អ​បំផុត​ជាង​គេ​ចំនួន ៣​សន្លឹក គិត​ចាប់​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​៣១ មករា មុន​នឹង​​ត្រូវ​បោះពុម្ព​ចែកចាយ​ជា​សាធារណៈ។

លោក អ៊ូ វីរៈ៖ «ហើយ​រឿង​យុទ្ធនាការ​នេះ​មួយ​គ្រាន់​តែ​ផ្នែក​តូច​ទេ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ប៉ុស្តាល់​អី​ហ្នឹង គឺ​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា សាធារណជន​ចូល​រួម​បាន ហើយ​ផ្ញើ​ការ​លើក​ទឹក​ចិត្ត​ទៅ​លោក ម៉ម សូណង់ដូ នៅ​ក្នុង​ពន្ធនាគារ។ លោក ម៉ម សូណង់ដូ បាន​លះបង់ បាន​បំពេញ​កាតព្វកិច្ច​ដែល​គាត់​ត្រូវ​ធ្វើ»

មាន​វ័យ ៧១​ឆ្នាំ ​លោក ម៉ម សូណង់ដូ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ក្រោម​បទ ញុះញង់​​បង្កើត​ឲ្យ​មាន​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល​នៅ​ខេត្ត​ក្រចេះ។ ក្រោយ​ពី​សាលក្រម​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ ឲ្យ​លោក ម៉ម សូណង់ដូ មាន​ទោស​រយៈ​ពេល​ ២០​ឆ្នាំ ភ្លាមៗ​​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​នោះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​នេះ​ថា គឺ​ជា​សាលក្រម​ពុំ​មាន​ភាព​ឯករាជ្យ និង​ថា ភាព​ចម្រូងចម្រាស​នេះ កើត​ចេញ​ពី​ជម្លោះ​ដីធ្លី។

ចំណែក​អ្នក​ភូមិ ៣​នាក់ ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ដែរ កំពុង​គេច​ខ្លួន បន្ទាប់​ពី​ត្រូវ​​រដ្ឋាភិបាល​ប្ដឹង​ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ មាន​ឈ្មោះ ប៊ុន រដ្ឋា ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាការ​​រយៈពេល ៣០​ឆ្នាំ។ លោក សុខ តុង និង​លោក ប៊ុន ឆន ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ថា ការ​បំផុស​ចលនា​ឲ្យ​សាធារណជន​ចូល​រួម​រចនា​ម៉ូដ​កាត​ប៉ុស្តាល់ នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​៣១ មករា ទើប​​បិទ​បញ្ចប់។ ចំណែក​កាត​ប៉ុស្តាល់ ចំនួន៣សន្លឹក​ដែល​ល្អ​បំផុត​ជាង​គេ​ នឹង​ត្រូវ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នូវ​ចំនួន​ទឹក​ប្រាក់ ៥០​ដុល្លារ មុន​នឹង​ត្រូវ​បោះពុម្ព​​ចែក​ចាយ​ចំនួន ១​ម៉ឺន​កាត​ប៉ុស្តាល់ ទៅ​ដល់​សាធារណជន។

លោក អ៊ូ វីរៈ បន្ត​ថា នេះ​ជា​មធ្យោបាយ​ក្នុង​ការ​ដាក់​សម្ពាធ​​​បន្ថែម​ទៅ​ទៀត​លើ​អាជ្ញាធរ និ​ង​ជា​សារ​ដឹង​គុណ​ដល់​ការ​លះបង់​របស់​លោក ម៉ម សូណង់ដូ។

ភរិយា​លោក ម៉ម សូណង់ដូ គឺ​អ្នក​ស្រី ឌិន ផាណារ៉ា មាន​ប្រសាសន៍​ក្រោយ​ពី​បញ្ចប់​សន្និសីទ​កាសែត​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៥ មករា ថា អ្នកស្រី​ស្នើ​សុំ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ​​លើ​លោក ម៉ម សូណង់ដូ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះ​លែង​​ប្ដី​របស់​អ្នកស្រី​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ​ឡើង​វិញ។

អ្នក​ស្រី​បន្ត​ថា៖ «ខ្ញុំ​មាន​តែ​សំណូមពរ​មួយ​សុំ​ឲ្យ​តុលាការ ហើយ​និង​រាជរដ្ឋាភិបាល​ហ្នឹង លោក​ធ្វើ​ការ​ស៊ើប​អង្កេត​ពិនិត្យ​ឡើង​វិញ​ពី​បញ្ហា​លោក ម៉ម សូណង់ដូ ហ្នឹង និង​រក​យុត្តិធម៌​ជូន​គាត់ ពីព្រោះ​គាត់​មិន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ទាល់តែ​សោះ គាត់​គោរព​ច្បាប់​ណាស់»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​ពី​មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ មករា។ ក៏​ប៉ុន្តែ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ ហៅ​យុទ្ធនាការ​នេះ​ថា គឺ​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ទៀត​នៃ​បរិបទ​ស្វែង​រក​យុត្តិធម៌​ដោយ​សន្តិវិធី​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​គិត​ថា មធ្យោបាយ​ទាមទារ​យុត្តិធម៌​ដោយ​មិន​ប្រើប្រាស់​ការ​បង្ហូរ​ឈាម​​នេះ គឺ​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។