ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋក្នុងស្រុកឧត្តុង្គ ទាក់ទងនឹងជម្លោះដីធ្លីមួយ បណ្ដាលឲ្យភាគីទាំងសងខាងយ៉ាងហោចណាស់ចំនួនប្រមាណ ១០នាក់ រងរបួសធ្ងន់។
ព្រឹត្តិការណ៍ប្រើប្រាស់ហិង្សាក្នុងការការពារដីធ្លីរបស់អ្នកភូមិ ត្រូវបានក្រុមសិទ្ធិមនុស្សមើលឃើញថា ជាសញ្ញាមួយបង្ហាញថា ប្រជាពលរដ្ឋសាមញ្ញកាន់តែច្រើនឡើងៗ ត្រូវបានផាត់ចោលក្នុងសង្គម សម្រាប់បើកឱកាសឲ្យគម្រោងអភិវឌ្ឍន៍របស់មន្ត្រីមានអំណាច និងអ្នកមានទ្រព្យធនច្រើន។
ការងើបប្រយុទ្ធតទល់នឹងមន្ត្រីប៉ូលិសរបស់អ្នកភូមិក្នុងខេត្តកំពង់ស្ពឺ ត្រូវបានមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបានព្រមានថា ជម្លោះដីធ្លីនឹងបណ្ដាលឲ្យមានអសន្តិសុខសង្គម និងការផ្ទុះឡើងនូវការតវ៉ាដោយហិង្សា ហើយចុងក្រោយបង្អស់ គឺបដិវត្តន៍ដីធ្លី។
បច្ចុប្បន្ននេះ ពលរដ្ឋមានទំនាស់ដីធ្លីបានជ្រើសរើសទង្វើមួយចំនួនដើម្បីសម្ដែងការមិនពេញចិត្ត និងតវ៉ាពីបញ្ហាដីធ្លី។ ពលរដ្ឋបានប្រើប្រាស់ការបិទផ្លូវជាតិ ការបន់ស្រន់អ្នកតា និងអំពើហិង្សា ដូចជាការប្រើប្រាស់ដុំថ្ម កាំបិតផ្គាក់ និងដំបងដើម្បីការពារទ្រព្យសម្បត្តិខ្លួន។
អ្នកឃ្លាំមើលសិទ្ធិដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក អ៊ូច ឡេង កាលពីពាក់កណ្ដាលខែមិថុនា មានប្រសាសន៍ថា ពលរដ្ឋដែលជួបវិបត្តិដីធ្លីកំពុងប្រើប្រាស់យុទ្ធសាស្ត្រគ្រោះថ្នាក់មួយចំនួន ដូចជាការតវ៉ាបិទផ្លូវដើម្បីស្វែងរកដំណោះស្រាយដីធ្លី។
ជម្លោះដីធ្លីមានលក្ខណៈធ្ងន់ធ្ងរជាងគេ គឺការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជន។
លោក អ៊ូច ឡេង បន្តថា ផ្ទៃដីភាគច្រើនត្រូវបានកាន់កាប់ដោយមន្ត្រីមានអំណាច ដូច្នោះរដ្ឋាភិបាលមានជម្រើសតែមួយ គឺការផ្ដល់ដីរបស់ពលរដ្ឋឲ្យក្រុមហ៊ុនធ្វើជាដីសម្បទានសេដ្ឋកិច្ច ៖ «ចលនារបស់ប្រជាពលរដ្ឋគាត់នឹងជ្រើសរើសឡើងដើម្បីប្រើប្រាស់ ការពាររបស់គាត់។ គាត់នឹងប្រើច្បាប់ព្រៃ ដោយសារតែគាត់អស់សង្ឃឹមតាមផ្លូវច្បាប់ និងយន្តការរបស់រដ្ឋាភិបាល»។
ក្រសួងកសិកម្មបានឲ្យដឹងថា គិតរហូតដល់ខែមេសា ឆ្នាំ២០១០ ផ្ទៃដីប្រមាណជិត ១លានហិកតារត្រូវបានផ្ដល់ទៅក្រុមហ៊ុនចំនួន ៨៥ ក្នុងខេត្តចំនួន ១៦ សម្រាប់ធ្វើជាដីសម្បទានសេដ្ឋកិច្ច។ រដ្ឋាភិបាលបានលុបចោលក្រុមហ៊ុនចំនួន ៤១ មានផ្ទៃដីប្រមាណ ៣០០.០០០ហិកតារ (បីសែនហិកតារ)។
របាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុក សម្រាប់ ៥ខែដើមឆ្នាំ២០១១ បានបង្ហាញថា ពលរដ្ឋខ្មែរចំនួន ១២៧នាក់ ត្រូវបានចោទប្រកាន់ទាក់ទងនឹងជម្លោះដីធ្លី។ ពលរដ្ឋចំនួន ៣៧នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយពលរដ្ឋចំនួន ៩០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ពីការតាមចាប់របស់សមត្ថកិច្ច។
ព្រឹត្តិការណ៍ហិង្សាចុងក្រោយនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ មិថុនា កើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ហិង្សានៅឃុំជីក្រែង ខេត្តសៀមរាប ទាក់ទងនឹងជម្លោះដីធ្លីមួយដែលមន្ត្រីសមត្ថកិច្ចខេត្តបានប្រើប្រាស់អាវុធបាញ់ប្រហារទៅលើពលរដ្ឋ ដែលបណ្ដាលឲ្យពលរដ្ឋចំនួន ៤នាក់រងរបួស។
ព្រឹត្តិការណ៍មួយផ្សេងទៀតដែលបង្កឲ្យមានការរិះគន់ដល់រដ្ឋាភិបាលក្រុងភ្នំពេញ គឺជម្លោះដីរ៉ាំរ៉ៃក្នុងតំបន់បឹងកក់។ ក្រោយពីគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ពលរដ្ឋបឹងកក់បានជ្រើសរើសជំនឿផ្លូវងងឹត ធ្វើការបន់ស្រន់អ្នកតាដើម្បីជួយដោះស្រាយបញ្ហាដីធ្លីរបស់ក្រុមអ្នកភូមិ។ ចំណែកពលរដ្ឋនៅខេត្តក្រចេះ ក៏បានជ្រើសរើសការបិទផ្លូវជាតិដើម្បីបង្ហាញពីការតវ៉ាបញ្ហាដីធ្លីរបស់ពួកគាត់។
ជម្លោះដីធ្លីរ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានមន្ត្រីការពារសិទ្ធិមនុស្សអន្តរជាតិព្រមានថា នឹងបណ្ដាលឲ្យមានបញ្ហាអសន្តិសុខនៅកម្ពុជា ដោយមានការផ្ទុះកំហឹងនៅថ្នាក់មូលដ្ឋាន។
នាយកប្រតិបត្តិផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ប៊្រែត អាដាម (Brad Adams) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីដើមខែមិថុនា ថា ជម្លោះដីធ្លីនៅកម្ពុជា កើតឡើងដោយសារតែកំណើនប្រជាពលរដ្ឋ ប៉ុន្តែបញ្ហាសំខាន់គឺការដែលរដ្ឋាភិបាលផ្ដល់ឱកាសឲ្យអ្នកគាំទ្រគណបក្សប្រជាជន ទន្ទ្រានយកដីពលរដ្ឋដោយស្របច្បាប់។
យ៉ាងហោចណាស់ក៏មានមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចចំនួនពីររូបកំពុងមានជម្លោះដីធ្លីជាមួយពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ប្រធានក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ នៅខេត្តកំពង់ស្ពឺ មានជម្លោះដីធ្លីជាមួយពលរដ្ឋ និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ម្នាក់ទៀត គឺលោក ឡាវ ម៉េងឃីន ពាក់ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់។
លោក ប៊្រែត អាដាម បន្ថែមថា តាមការសិក្សារបស់លោកបញ្ជាក់ថា ដីនៅកម្ពុជា ត្រូវបានបែងចែកទៅឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចស្ទើរតែទាំងស្រុង ហើយផ្ទៃដីមួយចំនួនផ្សេងទៀតត្រូវបានផ្តល់ឲ្យទៅក្រុមហ៊ុនពីរផ្សេងៗគ្នាលើទីតាំងតែមួយ។
លោកបន្តថា ពលរដ្ឋកម្ពុជា មានការខឹងសម្បានៅពេលដែលដីរបស់ពួកគេត្រូវបានគេទន្ទ្រានយក ដូច្នោះគេយល់ឃើញថា នៅពេលបាត់បង់ដី គឺពួកគេបាត់បង់អនាគត ៖ «តុលាការកម្ពុជា គ្មានការស្មោះត្រង់។ ចៅក្រមប្រព្រឹត្តអំពើពុករលួយ ដូច្នោះហើយទើបបានជាពលរដ្ឋខ្មែរគ្មានជម្រើសក្នុងការការពារដីធ្លីរបស់ពួកគេតាមរយៈប្រព័ន្ធយុត្តិធម៌នោះទេ»។
លោក ប៊្រែត អាដាម ព្រមានថា ប្រសិនបើបញ្ហាជម្លោះដីធ្លីនៅតែកើតឡើងជាបន្តទៀត បញ្ហានេះនឹងជំរុញឲ្យកម្ពុជា បាត់បង់ស្ថិរភាពនយោបាយ និងសង្គម។ លោកថា បើទោះបីជាពលរដ្ឋភ័យខ្លាចមិនហ៊ានធ្វើបដិវត្តន៍ដីធ្លីនោះទេ ពួកគេនឹងនាំគ្នាបះបោរហិង្សា ៖ «ជម្លោះដីធ្លីនឹងក្លាយជាការតវ៉ា ដែលអាចបណ្ដាលឲ្យមានការបង្ក្រាបដោយហិង្សាដោយប៉ូលិស និងយោធា ហើយជាចុងក្រោយបង្អស់នឹងបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាល។ ពិតណាស់! បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងបាត់បង់ប្រជាប្រិយភាពខ្លួន។ បញ្ហានៅចំពោះមុខគឺប្រព័ន្ធនយោបាយនៅកម្ពុជា កំពុងប្រែក្លាយទៅជាការគ្រប់គ្រងអំណាចដោយគណបក្សតែមួយ ដូច្នោះហើយពលរដ្ឋគ្មានជម្រើសច្រើនទេ។ ភាពបរាជ័យក្នុងប្រព័ន្ធតុលាការ និងនយោបាយ បានបណ្ដាលឲ្យពលរដ្ឋខ្មែរជ្រើសរើសការដើរក្បួនតវ៉ាតាមផ្លូវជំនួសវិញ»។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង សម រង្ស៊ី កាលពីខែកុម្ភៈ ក៏ធ្លាប់បានព្រមានមេដឹកនាំរដ្ឋាភិបាលខ្មែរថា កម្ពុជានឹងអាចផ្ទុះឡើងនូវបដិវត្តន៍មួយប្រឆាំងនឹងការកាន់កាប់អំណាចផ្តាច់ការ ប្រសិនបើមេដឹកនាំខ្មែរដែលបានកាន់កាប់អំណាចអស់រយៈពេលជិត ៣០ឆ្នាំ នៅបន្តកាន់អំណាចទៅមុនទៀត។
លោក សម រង្ស៊ី បានទាយទុកថា បដិវត្តន៍កម្ពុជា នឹងផ្ទុះឡើងទាមទារឲ្យមានដំណោះស្រាយបញ្ហាអត់ការងារធ្វើ ការរឹបអូសដីធ្លី ភាពក្រីក្រ និងអំពើពុករលួយ។ លោកបន្តទៀតថា បដិវត្តន៍ផ្កាម្លិះនៅប្រទេសទុយណេស៊ី (Tunisia) អេហ្សីប (Egypt) និងព្រឹត្តិការណ៍ចុងក្រោយកំពុងកើតឡើងនៅប្រទេសលីប៊ី (Libya) បានញ៉ាំងឲ្យប្រជាជនក្នុងពិភពលោកមើលឃើញថា បដិវត្តន៍ផ្លាស់ប្ដូររបបផ្ដាច់ការគឺមានភាពចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប៊្រែត អាដាម ក៏បានព្រមានថា ការប្រើប្រាស់អំពីហិង្សាក្នុងការតវ៉ាបញ្ហាដីធ្លីនៅកម្ពុជា របស់ពលរដ្ឋក្រីក្រ នឹងមិនអាចឈ្នះកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបានទេ ៖ «ក្នុងរយៈពេលខ្លី ជម្លោះដីធ្លីឋិតក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ពីព្រោះលោក ហ៊ុន សែន កាន់កាប់តុលាការ និងកងកម្លាំងប្រដាប់អាវុធ។ ហើយទោះបីជាលោកធ្លាប់ប្រកាសថា លោកប្រឆាំងនឹងការទន្ទ្រានកាប់កាប់ដី និងការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ ជាការបង្ហាញថា លោក ហ៊ុន សែន ការពារពលរដ្ឋក្រីក្រក៏ដោយ ប៉ុន្តែយើងក៏ដឹងថា គាត់និយាយនៅទីសាធារណៈផ្សេង ប៉ុន្តែធ្វើផ្សេងៗនៅការិយាល័យផ្ទាល់ខ្លួន។ វាជាការសំខាន់សម្រាប់លោក ហ៊ុន សែន គឺលោកគួរតែដឹងថា ជម្លោះដីធ្លីជាបញ្ហាជាតិ និងអន្តរជាតិ។ ប្រទេសម្ចាស់ជំនួយកំពុងព្រួយបារម្ភពីបញ្ហានេះ។ លោក ហ៊ុន សែន ជាមនុស្សតែម្នាក់គត់ដែលមានអំណាចបញ្ឈប់បញ្ហាដីធ្លី ប្រសិនគាត់ចង់បំបាត់បញ្ហានេះ លោកអាចបំបាត់បានក្នុងរយៈពេលមួយថ្ងៃ។ នៅពេលលោក ហ៊ុន សែន ចង់ធ្វើអ្វីមួយនៅកម្ពុជា គាត់អាចធ្វើបាន»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីដើមខែមិថុនា បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងដំណោះស្រាយបញ្ហាដីធ្លីនោះទេ។
លោក ផៃ ស៊ីផាន បានបង្វែរសំណួរទាំងឡាយឲ្យទៅលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទដីធ្លី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ប៊ិន ឈិន ដើម្បីឆ្លើយនឹងការលើកឡើងរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបានទេ។ ប៉ុន្តែលោក ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០១១ បានព្រមានថា នឹងប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ការបះបោរណាមួយនៅកម្ពុជា ក្រោយពីបដិវត្តន៍មួយចំនួននៅពិភពអារ៉ាបទទួលបានជោគជ័យ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «តាមមើលឧទាហរណ៍នៅទុយណេស៊ី។ ខ្ញុំសូមផ្ដាំទៅអ្នកចង់ឲ្យមានកុប្បកម្មបែបទុយណេស៊ី ខ្ញុំនឹងបិទទ្វារវ៉ៃឆ្កែ។ បើនាយករដ្ឋមន្ត្រីមិនដឹកនាំការពាររដ្ឋធម្មនុញ្ញ ទុកឲ្យធ្វើអានាធិបតេយ្យពេញប្រទេសម៉េចទៅកើត?»។
ថ្វីត្បិតតែក្រោយពីជម្លោះដីធ្លីបានរីករាលដាលកាលពីអំឡុងឆ្នាំ២០០៧ រដ្ឋាភិបាលបានបង្កើតឲ្យមានគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីក៏ដោយ អ្នកស្រុកនៅតែបន្តរត់ទៅរកអង្គការសិទ្ធិមនុស្សឲ្យដោះស្រាយ ឬងាកទៅរកអន្តរាគមន៍ពីកម្លាំងអរូបីដដែល។ ចំណែកឯគណបក្សប្រឆាំង សម រង្ស៊ី បានដកខ្លួនចេញពីគណៈកម្មាធិការ ដោយឈរនៅលើហេតុផលថា គណៈកម្មាធិការនោះមិនអាចដោះស្រាយជម្លោះដីធ្លីបាន៕