លោក សេក យ៉ែម កសិករដែលចិញ្ចឹមសត្វមាន់ទាជារៀងរាលឆ្នាំ បានឲ្យដឹងថា កម្រៃបានមកពីការចិញ្ចឹមមាន់អាចដោះទ័លជីវភាពបានខ្លះៗក្នុងគ្រួសារ តែពេលនេះជំងឺកំពុងតែសម្លាប់សត្វទាំងនោះជាបណ្តើរៗហើយ។
លោក សេក យ៉ែម បានឲ្យដឹងថា ៖ «ជំងឺបក្សាបក្សីហើយ ឈឺហើយមុខវារាងខ្មៅៗប្រកាច់ងាប់តែម្ដង។ មានស្លាប់តៗរហូតដល់ឥឡូវ។ ខ្ញុំមានងាប់អស់ប្រហែល ១០មាន់ដែរ។ ពេលអត់ម្ហូបហើយយើងដោះស្រាយទៅ។ ចាក់ថ្នាំហើយអត់បាត់ទេ។ ខ្លាចហើយជំងឺមាន គោ ក្របី ឈឺរាល់ឆ្នាំ មិនបាច់មាន់ ជ្រូកទេ ឆ្កែក៏ងាប់ដែរឥឡូវនោះ សត្វចិញ្ចឹមគឺងាប់ទាំងអស់។ ចង់ឲ្យមានពេទ្យសត្វពិតប្រាកដថែរក្សាច្បាស់លាស់»។
លោក កឿ កសិករនៅភូមិអូរព្រះដែរ បានឲ្យដឹងថា ជំងឺដែលរាតត្បាតមាន់ទាឆ្នាំនេះមានសភាពខុសប្លែកជាងឆ្នាំមុនៗ ដែលពិបាកក្នុងការរកថ្នាំទប់ទល់ព្យាបាល។
លោក កឿ ឲ្យដឹងដូច្នេះ ៖ «មិនដឹងច្រកអី មិនដឹងថ្នាំដែរ រកមិនឃើញ ព្រោះមិនដែលឃើញអ៊ីចឹង។ ឆ្នាំទៅប្រកាច់ធ្លាក់ងាប់ពីចុងឈើអស់រលីង ឆ្នាំនេះទន់ដៃទន់ជើងងាប់...»។
ភូមិអូរព្រះ នៅឆ្ងាយពីទីរួមខេត្តក្រចេះប្រមាណជាង ១០០គីឡូម៉ែត្រ កៀកព្រំប្រទល់ខេត្តស្ទឹងត្រែង ជាតំបន់ឆ្ងាយផ្សារ ឆ្ងាយមន្ទីរពេទ្យដែលជាហេតុនាំឲ្យមានការបង្កើនសេដ្ឋកិច្ចគ្រួសាររួមផ្សំការចិញ្ចឹមសត្វ ដោយមាន់ក្នុងមួយគីឡូអាចលក់បានតម្លៃ ១៨.០០០រៀល សាច់ជ្រូកតម្លៃប្រហែលគ្នា តែពេលនេះមាន់ទាជ្រូកឈឺងាប់ធ្វើឲ្យពួកគេខាតបង់ចំណូលនិងកើនចំណាយបន្ថែមក្នុងគ្រួសារ។
លោក សៀង សុខលីម មន្ត្រីពេទ្យសត្វខេត្តបានផ្ដល់សម្ភាសន៍ថា ទើបបានទទួលដំណឹងភ្លាមៗបែបនេះលោកពុំទាន់អាចប្រើថ្នាំអ្វីជួយការពារបាននៅឡើយទេ។
លោក សៀង សុខលីម មានប្រសាសន៍ថា ៖ «ចាំមើលទាក់ទងទៅខាងភ្នាក់ងារយើងនៅហ្នុង ទាល់តែយើងទៅមើលសភាពការណ៍ជាក់ស្ដែង យើងចុះទៅពិនិត្យមើលសិនបានយើងដឹងរោគសញ្ញា។ ធ្វើរោគវិនិច្ឆ័យទៅតាមរោគសញ្ញាសិន យើងមិនទាន់អាចសន្និដ្ឋានបានយ៉ាងម៉េចទេ ព្រោះយើងអត់ទាន់ឃើញ ហើយបើងាប់អ៊ីចឹងទាល់តែពិនិត្យមើលសាកសព មើលរោគសញ្ញាវាសិន»។
ខេត្តក្រចេះ ភាគច្រើនសំបូរការចិញ្ចឹមមាន់ ដោយពួកគេយល់ឃើញថាងាយចិញ្ចឹម តែខាងកសិកម្មឲ្យដឹងថា សត្វទាអាចធននឹងជំងឺជាងសត្វមាន់។
អ្នកស្រុកអះអាងបន្ថែមថា មាន់ចិញ្ចឹមតាមផ្ទះក្នុងមួយគ្រួសារមានប្រមាណពី ១០ ទៅ ២០ក្បាលប៉ុណ្ណោះ ហើយខ្លះត្រូវងាប់ទាំងអស់ ខ្លះកំពុងងាប់បន្តបន្ទាប់ ហើយថា ពេទ្យសត្វនៅទីនោះប្រាប់ថា ពុំមានថ្នាំការពារ ឬព្យាបាលប្រភេទជំងឺចម្លែកនោះនៅឡើយទេ៕
