ក្រសួង​កសិកម្ម​ផ្អាក​ចរាចរណ៍​បក្សី​ក្នុង​តំបន់​កើត​ផ្ដាសាយ​បក្សី​នៅ​តាកែវ

ក្រសួង​កសិកម្ម​បាន​ប្រកាស​បិទ​ចរាចរណ៍​សត្វ​បក្សី​គ្រប់​ប្រភេទ​មួយ​រយៈ​សិន​នៅ​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី ក្នុង​ខេត្ត​តាកែវ ដើម្បី​សិក្សា​និង​ស្រាវជ្រាវ​រក​មូលហេតុ។

0:00 / 0:00

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​នៃ​ប្រទេស​កម្ពុជា នៅ​ថៃ្ង​អង្គារ ទី​២ ខែ​មីនា​នេះ បាន​ប្រកាស​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា ក្រសួង​បាន​កំណត់​ដាក់​ភូមិ​ប្រទ្បាយមាស ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្ត​តាកែវ ជា​តំបន់​ហាមឃាត់​តឹងរ៉ឹង​មួយ មិន​ឲ្យ​មាន​ការ​ចិញ្ចឹម​និង​ចរាចរណ៍​បក្សី​គ្រប់​ប្រភេទ​ឆ្លង​កាត់ ដោយសារ​តែ​តំបន់​នោះ​មាន​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​បង្ក​ទ្បើង​ដោយ​មេរោគ H5N1។

ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយ​ថា បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធាន​និង​បចេ្ចកទេស​បសុពេទ្យ។ ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​ទិញ លក់ ឬ​ការ​ដឹក​ជញ្ជូន​ចំពោះ​បក្សី​គ្រប់​ប្រភេទ ឬ​ឆ្លង​កាត់​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​៥​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ។ តំបន់​នេះ​ជា​តំបន់​ការពារ​តាម​ដាន​និង​សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ​ផ្តាសាយ​បក្សី​ក្នុង​រយៈពេល​៣០​ថៃ្ង និង​ពិនិត្យ​មើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ។

សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា ការ​ចិញ្ចឹម​បក្សី​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ជំងឺ​ផ្តាសាយ​បក្សី​នោះ ត្រូវ​បាន​ហាមឃាត់​រហូត​ដល់​មាន​ការ​ប្រកាស​ជា​ថ្មី។

លោក ញឹប ស្រន់ ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ប្រកាស​ហ្នឹង​អត់​ទាន់​ធ្លាក់​មក​ដល់​មន្ទីរ​ផង»

សុខ សេរី ៖ ក្រៅ​ពី​ហាម​ឃាត់​មិន​ឲ្យ​ចរាចរ​បក្សាបក្សី តើ​មនុស្ស​យើង​អាច​ដើរ​ឆ្លង​កាត់​បាន​ទេ? ញឹប ស្រន់ ៖ បញ្ហា​នេះ​យើង​ហាម​ឃាត់​តែ​ចលនា​បក្សី​ទេ ឯ​ចំពោះ​មនុស្ស​មិន​មាន​បញ្ហា​អី​ទេ គេ​អាច​ចរាចរ​អី​បាន​ធម្មតា។ សុខ សេរី ៖ នៅ​ពេល​ដែល​លោក​បាន​ទទួល​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ជា​ផ្លូវការ តើ​លោក​នឹង​ជម្រាប​ទៅ​ខាង​ម្ចាស់​កសិដ្ឋាន​ទេ? ញឹប ស្រន់ ៖ កាល​ណា​យើង​ទទួល​បាន​ប្រកាស​ហ្នឹង គឺ​យើង​នឹង​ប្រកាស​ជូន​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ដល់​ប្រជាកសិករ​នៅ​តំបន់​ហ្នឹង​ដើម្បី​ឲ្យ​គាត់​យល់​ដឹង។

សុខ សេរី ៖ ចំពោះ​ការ​ចិញ្ចឹម​សត្វ​ទា​សត្វ​មាន់​នៅ​តំបន់​ហាម​ឃាត់​ហ្នឹង តើ​លោក​នឹង​តម្រូវ​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ទាំង​នោះ​ចោល​ទេ? ញឹប ស្រន់ ៖ ចំពោះ​មាន់​ទា​ដែល​កើត​ជំងឺ​អាហ្នឹង​យើង​តម្រូវ​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​សម្លាប់ កប់ ឬ​ដុត​កម្ទេច​ចោល។ មាន់​ទា​ដែល​អត់​មាន​ផ្ទុក​ជំងឺ​អី​ទេ គឺ​គេ​អាច​ចិញ្ចឹម​ធម្មតា តែ​យើង​មិន​ឲ្យ​ធ្វើ​ចលនា​ទៅ​តំបន់​ដទៃ​ទៀត។

ទាក់ទង​នឹង​វិធានការ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខាង​លើ​នេះ មន្រ្តី​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នោះ​ជា​ទម្រង់​នៃ​នីតិ​វិធី​បទដ្ឋាន​សមរម្យ​មួយ ប៉ុន្តែ​លោកស្រី​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ជាង​នេះ​ទេ ដោយសារ​តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជា​ពិស្តារ​នៅ​ទ្បើយ​អំពី​វិធានការ​នេះ។

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ មន្រ្តី​ជំនាញ​បសុពេទ្យ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​នៃ​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ថា មាន​ការ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅ​ក្នុង​ភូមិ​ប្រទ្បាយមាស ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្ត​តាកែវ ក្រោយ​បាន​ធ្វើ​តេស្ដ​លើ​សំណាក​នៃ​សត្វ​ទា​ងាប់​នោះ។

ការ​ធ្វើ​តេស្ដ​នោះ គឺ​ក្រោយ​ពី​មន្រ្តី​ជំនាញ​បាន​រក​ឃើញ​ថា មាន​សត្វ​ទា​ជាង​១​ម៉ឺន​ក្បាល​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​សត្វ​ទា​ច្រើន​ម៉ឺន​ក្បាល​នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង ក្នុង​ភូមិ​ប្រទ្បាយមាស ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្ត​តាកែវ ជាប់​នឹង​ព្រំដែន​កម្ពុជា-​វៀតណាម៕