ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ខេត្ត​សៀមរាប នាំគ្នា​កោរ​សក់​អង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា

ថ្វី​ត្បិត​តែ ខេត្ត​សៀមរាប សំបូរ​ប្រាសាទ​បូរាណ និង​អាច​ទាក់​ទាញ​អ្នក​ទេសចរណ៍​បរទេស​ច្រើន​លាន​នាក់ ឱ្យ​ចូល​មក​ទស្សនា​ក្នុង ១ ឆ្នាំៗ ក៏​ដោយ ក៏​ខេត្ត​នេះ ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ជា​ខេត្ត​ក្រីក្រ នៅ​ក្នុង​ចំណោម​ខេត្ត​មួយ​ចំនួន​ទៀត​របស់​កម្ពុជា។
ដោយ ហង្ស សាវយុត
2012-11-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
jo_reynolds_305
កញ្ញា ចូ រ៉ីណូលស៍ (Jo Reynolds) ជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ មក​ពី​ប្រទេស​អង់គ្លេស កំពុង​ឱ្យ​គេ​កោរ​សក់ ដើម្បី​អង្គាស​ប្រាក់ ជួយ​កុមារ​កំព្រា និង​កុមារ​ក្រីក្រ នៅ​ខេត្ត​សៀមរាប។
RFA/Hang Savyuth

បច្ចុប្បន្ន​មាន​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់ ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ កំពុង​ខ្វះ​អាហារូបត្ថម្ភ និង​រៀន​សូត្រ​មិន​បាន​ជាប់​លាប់ ហើយ​ពួក​គេ​ត្រូវ​ការ​ជួយ​ជ្រោមជ្រែង ជា​ចាំបាច់​ពី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល សម្រាប់​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ប្រសើរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ កំពុង​ព្រួយ​បារម្ភ​ចំពោះ​អនាគត​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​ទាំង​នោះ  ហើយ​កំពុង​ប្រឹងប្រែង​រក​មូលនិធិ ដើម្បី​ជួយ​ដល់​ពួក​គេ។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ការ​មួយ​ចំនួន នៅ​ក្នុង​មជ្ឈមណ្ឌល​កសាង​អនាគត​របស់​អ្នក​ថ្ងៃ​នេះ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា B.F.T (ប៊ី. អែហ្វ. ធី) បាន​នាំគ្នា​ធ្វើ​​ពិធី​កោរ​សក់ នៅ​កណ្ដាល​ដង​ផ្លូវ​សាធារណៈ នៃ​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ក្នុង​យុទ្ធនាការ​រៃ​អង្គាស​មូលនិធិ​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ។

យុទ្ធនាការ​រៃ​អង្គាស​មូលនិធិ​លើ​ដង​ផ្លូវ ផាប់ស្ទ្រីត (Pub Street) ដោយ​ធ្វើ​ពិធី​កោរ​សក់ ព្រម​ទាំង​មាន​ព្រះ​សង្ឃ​នៃ​ព្រះពុទ្ធ​សាសនា​ចូល​សូត្រ​ធម៌​ផង​នោះ គឺ​ក្នុង​បំណង​បង្វែរ​អារម្មណ៍​អ្នក​ទេសចរណ៍ ទាំង​ជន​ជាតិ​ខ្មែរ និង​បរទេស ឱ្យ​រួម​ចំណែក​ក្នុង​ការ​ឈឺ​ឆ្អាល និង​អាណិត​អាសូរ ទៅ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​ជា​ច្រើន ដែល​កំពុង​ត្រូវ​ការ​ការ​ជួយ​ជ្រោមជ្រែង​ពី​សង្គម។

លោក ឡុង សេដ្ឋា ជា​ប្រធាន​មជ្ឈមណ្ឌល​កសាង​អនាគត​របស់​អ្នក​ថ្ងៃ​នេះ ដែល​បាន​ដឹកនាំ​ធ្វើ​ពិធី​កោរ​សក់​នោះ។ លោក​មាន​ប្រសាសន៍ កាល​ពី​រាត្រី​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា​ថា ពិធី​កោរ​សក់ នៅ​កណ្ដាល​ផ្លូវ​សាធារណៈ ដើម្បី​រៃ​អង្គាស​មូលនិធិ ជួយ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​នេះ គឺ​ជា​ពិធី​ដំបូង។

លោក ឡុង សេដ្ឋា មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ ចេញ​ពី​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ ទាំង​ជន​ជាតិខ្មែរ និង​បរទេស ដែល​កំពុង​បម្រើ​ការ ឱ្យ​មជ្ឈមណ្ឌល​កសាង​អនាគត​របស់​អ្នក​ថ្ងៃនេះ ដើម្បី​សំដែង​ការ​អាណិត​អាសូរ និង​ឈឺឆ្អាល ចំពោះ​កុមារ​កំព្រា និង​កុមារ​ក្រីក្រ។

លោក​បញ្ជាក់​ថា ធម្មតា​ជនជាតិ​ខ្មែរ​ស្រឡាញ់​សក់​បំផុត។ ក៏​ប៉ុន្តែ ពួក​គេ​យល់​ថា ការ​ជួយ​ដល់​កុមារ​កំព្រា និង​ក្រុម​ជន​ក្រីក្រ គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ទើប​ពួក​គេ​សុខ​ចិត្ត​កោរ​សក់ ដែល​ជា​ទី​ស្រឡាញ់​នោះ។

លោក ឡុង សេដ្ឋា៖ «មិត្តភ័ក្ដិ​របស់​យើង​ជន​ជាតិ​អង់គ្លេស ហើយ​និង​នៅ​អូស្ត្រាលី រួម​គ្នា​ជាមួយ​និង​អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​ខ្មែរ​យើង​ដែរ នាំ​គ្នា​កោរ​សក់ ដើម្បី​បង្ហាញ​ដល់​មហាជន ជា​ពិសេស ភ្ញៀវ​ទេសចរណ៍​នៅ​ទី​នេះ ឱ្យ​ឃើញ​ថា មនុស្ស​នៅ​ទូទាំង​ពិភព​លោក​នេះ មាន​ការ​ឈឺ​ឆ្អាល ហើយ​និង​ការ​អាណិត​ស្រឡាញ់​កុមារ​កំព្រា កុមារ​ដែល​ក្រីក្រ ឱ្យ​បាន​ទៅ​រៀន​សូត្រ ឬ​ក៏​បាន​ទទួល​នូវ​សេចក្ដី​ថ្លៃថ្នូរ»។

កញ្ញា ចូ រ៉ីណូលស៍ (Jo Reynolds) មក​ពី​ប្រទេស​អង់គ្លេស គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ទៀត សុខ​ចិត្ត​អង្គុយ​ឱ្យ​គេ​កោរ​សក់​របស់​នាង នៅ​ចំពោះ​មុខ​មហាជន ដែល​ចោម​រោម​មើល​ដោយ​ងឿង​ឆ្ងល់។ នាង​មាន​ប្រសាសន៍​ថា នាង​សុខ​ចិត្ត​បាត់​បង់​សក់​ជា​ទី​ស្រឡាញ់​របស់​នាង ដើម្បី​រៃ​អង្គាស​មូលនិធិ ជួយ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់។

កញ្ញា ចូ រ៉ីណូលស៍៖ «ខ្ញុំ​ពុំ​ធ្លាប់​ឱ្យ​គេ​កោរ​សក់​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដូច្នេះ​ទេ។ ហេតុផល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ឱ្យ​គេ​កោរ​សក់​ពេល​នេះ គឺ​ដើម្បី​ជួយ​ដល់​មជ្ឈមណ្ឌល (កសាង​អនាគត​របស់​អ្នក​ថ្ងៃ​នេះ) ឱ្យ​ធ្វើ​ការ​បាន​ជោគ​ជ័យ ដើម្បី​ជួយ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ។ ខ្ញុំ​គិត​ថា ការ​លះបង់​សក់​របស់​ខ្ញុំ​ពេល​នេះ គឺ​មាន​តម្លៃ​បំផុត សម្រាប់​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ចំពោះ​កុមារ​កំព្រា និង​ក្រីក្រ ហើយ​ក៏​ជា​ការ​ស្វែងរក​មូលនិធិ សម្រាប់​ជួយ​ដល់​ពួក​គេ​ដែរ»។

មជ្ឈមណ្ឌល​កសាង​អនាគត​របស់​អ្នក​ថ្ងៃ​នេះ (B.F.T) បាន​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​ជា​អង្គការ កាល​ពី​ឆ្នាំ ២០០៦។ បច្ចុប្បន្ន​អង្គការ​នេះ កំពុង​អនុវត្ត​កម្មវិធី​ចំនួន ៤ ដូចជា កម្មវិធី​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ ទី ២ ជួយ​គាំពារ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ ទី ៣ គឺ​កម្មវិធី​លើកស្ទួយ និង​កាត់​បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ព្រម​ទាំង​អប់រំ​សុខភាព​គាំពារ​មាតា និង​ទារក។ ចំណែក​ឯ​ទី ៤ គឺ​កម្មវិធី​សម្រាប់​ក្រុម​ព្រះ​សង្ឃ​ស្ម័គ្រចិត្ត ដែល​តែង​ចុះ​បង្រៀន​សីលធម៌​សង្គម និង​ប្រឹក្សា​យោបល់ នៅ​តាម​សហគមន៍ ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម។

ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ មជ្ឈមណ្ឌល​កសាង​អនាគត​របស់​អ្នក​ថ្ងៃ​នេះ មាន​អ្នក​គាំទ្រ និង​អ្នក​ឧបត្ថម្ភ​មូលនិធិ​ពី​ប្រទេស​អាមេរិក ប្រទេស​អូស្ត្រាលី សិង្ហបុរី អាល្លឺម៉ង់ ជប៉ុន និង​អង់គ្លេស​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សៀមរាប

ពី សៀមរាប

ឳឯកឧត្តមបណ្ឌឹត(អត់សញាបត្រ)សូ​ ភិរិន​ ដ៏កំសត់អើយហេតុអីក៏ទទូលចំណាត់ថ្នាក់នេះ

Nov 12, 2012 04:11 AM

Jame

មហាពុករលួយ!អង្គភាពប្រឆាំងពុករលួយ? ប្រធានអង្គភាព
ហ្នឹងក៏ពុករលួយខ្លួនឯងដែរ! ហ៊ានចាប់លោក សុខ អាន
ដែរឬអត់ព្រោះគាត់ដូចជាពុករលួយដល់កហើយ!

Nov 11, 2012 11:36 PM

ភាពភ្នំពេញ

ពី Phnom Penh

សមមុខរដ្ឋាភិបាលសេដ្ឋកិច្ច!!

Nov 11, 2012 11:07 PM

ភាពភ្នំពេញ

ពី Phnom Penh

មួយឆ្នាំៗ ចំណូលពីអង្គរវត្តរាប់លានដុល្លារ។ ប្រជាជននៅ ខេត្តនេះគួរទទួលបានផលប្រយោជន៍បានពីមរតកដែល ដូនតាពួកគាត់បន្សល់ទុកអោយ ចុះហេតុអីបានជានៅ តែក្រ? មកពីចំណូលទាំងអស់បានទៅតែឧកញ៉ាសុខគង់ ដែលជាជនជាតិវៀតណាម ឬមន្រ្តីពុករលួយមួយចំនួន?

Nov 11, 2012 09:20 PM

អ្នក​អាន​អនាមិក

Those foreigners have little wealth but have bigger hearts than "OKNHA" (the tycoons).

Nov 11, 2012 11:26 AM

មើល​មតិ​ទាំង​អស់.