ស្រ្តីវ័យ៥៦ឆ្នាំ ឈ្មោះ ស៊ឺន ដែលកំពុងអង្គុយកំដរម្តាយឈឺបានត្អូញត្អែរថា ពួកគាត់អត់មានដីសម្រាប់ធ្វើស្រែ ហើយធ្លាក់ខ្លួនឈឺទាំងពីរនាក់ទៀត មិនត្រឹមតែអត់មានលុយព្យាបាលជំងឺទេ អង្ករក៏គ្មានសម្រាប់ដាំបាយហូបដែរ ប៉ុន្តែបានអ្នកជិតខាងបានឲ្យអង្ករបានប្រមាណ ២គីឡូក្រាមដែរ។
ស្ត្រីឈ្មោះ ស៊ឺន រៀបរាប់ដូច្នេះថា ៖ «ខ្វល់ណាស់ ព្រួយណាស់ ប៉ុន្តែមិនដឹងស្ទុះទៅណានឹងរួច បើដំណើរការយើងប៉ុណ្ណឹងហើយ។ វាភ័យហួសពីភ័យហើយរាល់ថ្ងៃ នឹកឃើញថា ម៉ែក៏ចាស់ ខ្លួនខ្ញុំក៏ឈឺ មិនដឹងបានស្អីទេ ដេកដួលទាំងអស់គ្នាមិនដឹងបានស្អីមើលខ្លួន។ ទម្រាំតែគេដឹង គេមកដឹង ឈឺទាំងអស់គ្នាអ៊ីចឹងហើយ ទៅណាមិនរួចអ៊ីចឹងទៅ បានគេប្រាប់ៗគ្នាទៅបានគេផ្ដល់មក បីបួនកំប៉ុង បួនប្រាំកំប៉ុងម្នាក់គ្រប់គ្នាទៅ បានៗហូប។ ខ្ញុំក៏មិនមែនអ្នកជាអ្នកចំណាប់ដែរ សរសៃដៃ សរសៃជើងខ្ញុំនៅទាញនៅឡើយទេ ហើមក្នុងពោះ ចេះតែកើតរោគខ្យល់ ខ្ញុំពិបាកណាស់រាល់ថ្ងៃ វាកម្សត់ហួសនិយាយ។ ចៅមួយគថ្លង់ ហើយពិការជើងទៀត ហើយក៏មិនដែលនៅផ្ទះដែរ»។

ស្ត្រីមេផ្ទះម្នាក់ទៀតរស់នៅក្នុងភូមិជិនសារ ឈ្មោះ សុផល បានរៀបរាប់ថា គាត់មានកូន៦នាក់ក្នុងបន្ទុក ធ្លាប់មានដីស្រែ ៣០ម៉ែត្រការ៉េដែរ ប៉ុន្តែដោយសារតែគាត់ឈឺក៏បានលក់ដើម្បីយកលុយមើលជំងឺ។ ស្ត្រីរូបនេះបន្តថា បច្ចុប្បន្នគាត់បានប្រកបមុខរបរចាក់ទ្រនាប់ឆ្នាំងលក់ ប៉ុន្តែមិនអាចរកលុយទិញអង្ករបានហូបគ្រប់គ្រាន់ទេ ៖ «រឿងអង្ករខ្វះរាល់ថ្ងៃ ជួនកាលដាច់ បបរដែរ គ្មានអង្ករដើរខ្ចីបងប្អូនខ្លះដែរ ត្រូវអត់ដាច់មួយពេលពីរពេលដែរហ្នឹង»។
ប្រធានភូមិជិនសារ លោក នង ហម ទទួលស្គាល់ថា ប្រជាពលរដ្ឋមួយគ្រួសារខាងលើ រស់នៅក្នុងសភាពលំបាកលំបិនពិតមែន ពីមុនមកលោកក៏ធ្លាប់ជួយអង្ករខ្លះៗដែរ ប៉ុន្តែរយៈពេលជាង១ខែមកហើយលោកមិនដែលបានទទួលព័ត៌មានពីគ្រួសារនេះទេ។
ប្រធានភូមិក៏បានឲ្យដឹងដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកទាំងអស់មានចំនួន ១១៩គ្រួសារ ហើយជាង២០គ្រួសារដែលមានជីវភាពខ្វះខាត។
លោក នង ហម ថ្លែងដូច្នេះថា ៖ «យើងចង់ជួយពួកគាត់ដែររាល់ថ្ងៃ ជួយតាមរយៈអង្គការក្រៅរដ្ឋាភិបាល ឲ្យគាត់មានផ្ដល់ជាទុនអី ពង្រីកជាសិប្បកម្មរកស៊ីសម្រាប់គ្រួសារគាត់ ដូចជាចិញ្ចឹមមាន់ ធ្វើសិប្បកម្មផ្សេងៗ ពួកគាត់ច្រើនព្រងើយកន្តើយដែរ អាងសំណង់ភ្នំពេញ ហើយដល់នៅភ្នំពេញអស់ការងារទៅ នៅបញ្ឈរជើង»។
មន្ត្រីរបស់អង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តស្វាយរៀង អ្នកស្រី កើត ផល្លី បានឲ្យដឹងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិជិនសារនេះមានជីវភាពក្រីក្រណាស់ ដោយពួកគាត់ភាគច្រើនអត់មានដីសម្រាប់ធ្វើស្រែចម្ការ ចំណែកឯអ្នកមានដីធ្វើស្រែចម្ការនោះមានទំហំដីតិចពេក។
ប្រធានភូមិជិនសារ ក៏បានឲ្យដឹងទៀតថា ដីទាំងមូលរបស់ភូមិមានចំនួន ១០៩ហិតារចំណែកដីសម្រាប់កសិកម្មមានចំនួន ៧២ហិកតារ រីឯប្រជាពលរដ្ឋមានចំនួន ១១៩គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦១១នាក់។ លោកថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកភាគច្រើនធ្វើចំណាកស្រុកដើម្បីចិញ្ចឹមជីវិត។
លោក នង ហម មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ ៖ «មួយគ្រួសារចែកកន្លងមក កាលហ្នុងចែកបានពីរថ្នាក់ កាលហ្នុងមនុស្សវាតិច ចែកបានម្នាក់ ២៧អារ កម្លាំងពេញ ចាប់ពីអាយុ ១៨ឡើង។ ដល់ពេលចាប់ពីអាយុ ១៨ចុះ បាន ១៥អារក្នុងម្នាក់ ហើយមួយគ្រួសារមានគ្នា ២នាក់ ៣នាក់ ហើយគ្រួសារវាតិចមានត្រឹម ៧០គ្រួសារកាលនៅចែកដី ដល់ឥឡូវវាកើនឡើង»។

ពាក់ព័ន្ធនឹងការខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជិនសារនេះ អភិបាលស្រុកស្វាយជ្រុំ លោក អ៊ុយ ថន មានប្រសាសន៍ថា លោកនឹងចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងភូមិឃុំខាងលើនេះ រួចទើបលោកថា ត្រូវមានវិធានការយ៉ាងណា ៖ «ស្អែកខ្ញុំទៅហើយ ចាំមើលស្អែកមើល៍ ទៅឃុំហ្នុងហើយ»។
អភិបាលខេត្តស្វាយរៀង លោក ជាង អំ មានប្រសាសន៍ថា លោកមានការពិបាកក្នុងជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រទាំងនោះ ព្រោះមនុស្សក្នុងគ្រួសារនីមួយៗចេះតែកើនឡើង ប៉ុន្តែដីស្រែតែថយចុះដោយពួកគាត់ខ្លះយកដីស្រែទៅលក់អស់។
លោកបន្តថា រដ្ឋមានដីសម្បទានសម្រាប់ឲ្យពួកគាត់ដែរ ប៉ុន្តែដីទាំងនោះនៅឆ្ងាយ ប្រសិនបើពួកគាត់ដែលខ្វះខាតដីសម្រាប់ធ្វើស្រែចម្ការ ហើយចង់បានដើម្បីធ្វើស្រែនោះគាត់អាចទាក់ទងទៅភូមិឃុំបាន ៖ «មធ្យោបាយយើងធ្វើម៉េចដីតិច ប៉ុន្តែឲ្យបានទិន្នផលខ្ពស់»។
ពាក់ព័ន្ធនឹងការខ្វះខាតនិងអ្នកជំងឺអត់មានលុយព្យាបាលនៅក្នុងភូមិជិនសារ នាយិការបស់អង្គការសិទ្ធិមនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក បានប្រសាសន៍ថា អង្គការអ្នកស្រីអាចជួយផ្តល់ថវិកាបានខ្លះ និងផ្តល់ការព្យាបាលដល់ប្រជាពលរដ្ឋរូបនោះ ៖ «ទី១ ធ្វើម៉េចឲ្យគាត់មកដល់កន្លែងយើងទៅ យើងនឹងជូនសោហ៊ុយគាត់ ហើយឲ្យគ្រូពេទ្យលីកាដូ មើលជំងឺហ្នឹង ហើយសម្រេចទៅថាតើលោកគ្រូពេទ្យអាចមើលជំងឺខាងក្រៅបានទេ ឬក៏គ្រូពេទ្យត្រូវយកអ្នកជំងឺហ្នឹងយកទៅដាក់ពេទ្យរដ្ឋអីអ៊ីចឹងទៅ ហើយយើងអ្នកទទួលខាងសោហ៊ុយ»។
បើតាមតំណាងរាស្ត្រនិងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ធ្លាប់មានប្រសាសន៍ថា ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកបានជះឥទ្ធិពលដល់កម្ពុជា រដ្ឋាភិបាលក៏មានវិធានការទប់ស្កាត់ ដោយផ្តល់ប្រាក់កម្ចីឲ្យប្រជាកសិករដោយគិតការប្រាក់ទាបបំផុត ក្នុងគោលបំណងឲ្យកម្មករ និងប្រជាកសិករមានដើមទុនដើម្បីប្រកបមុខរបបក្នុងការដោះស្រាយជីវភាពគ្រួសារ។
ប៉ុន្តែបើតាមប្រភពពីកសិករវិញ បញ្ជាក់ថា ពួកគេគ្មានសូម្បីតែព័ត៌មានអំពីរឿងនេះ ហើយបើមានមែន អ្នកដែលអាចខ្ចីប្រាក់របស់រដ្ឋាភិបាលបានយកមកប្រើដើម្បីដោះទាល់នោះ ទាល់តែអ្នកនោះត្រូវរ៉ូវគ្នាជាមួយមន្ត្រី ឬមានខ្សែបណ្តោយ៕
