ពលរដ្ឋ​នៅ​ភូមិ​ក្រាំងឃ្នង ខែត្រ​កំពង់ស្ពឺ ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​និង​ភាព​ក្រីក្រ

អ្នកស្រុក​និង​អាជ្ញាធរ​ភូមិ​ក្រាំងឃ្នង ខេត្ត​កំពង់ស្ពឺ ត្អូញត្អែរ​ពី​សុខភាព​បណ្តាល​មក​ពី​រថយន្ត​បើក​លឿន​បង្ហុយ​ធូលី និង​កង្វះ​ជីវជាតិ​អាហារ​ដោយ​ភាព​ក្រីក្រ ។

0:00 / 0:00

ប្រជាជន​ច្រើន​គ្រួសារ​រស់​នៅ​តាម​បណ្តោយ​ថ្នល់​ជាតិ​ព្រះអង្គឌួង ពី​ស្ពាន​គុណគ្រូ​ទៅ​កាន់​ខេត្ត​តាកែវ និង​ខេត្ត​កំពត​ច្រើន​រយ​គីឡូម៉ែត្រ កសាង​ដោយ​រដ្ឋាភិបាល ចាក់​ក្រួស​ក្រហម ដែល​កាត់​ខេត្ត​កំពង់ស្ពឺ មាន​ទីរួមខេត្ត ស្រុក​គងពិសី និង​ស្រុក​បរសេដ្ឋ ប្រមាណ​៤០​គីឡូម៉ែត្រ អះអាង​ថា​មនុស្ស​ក្មេង​ចាស់​រង​នូវ​ជំងឺ​ក្អក​ផ្តាសាយ​និង​រលាក​ផ្លូវ​ដង្ហើម ដោយសារ​តែ​រថយន្ត​ច្រើន​រយ​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​បើកបរ​លឿន​បង្ហុយ​ធូលី​ប៉ះពាល់​ការដក​ដង្ហើម ។

ក្រុម​ប្រជាជន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ​គួរតែ​កែ​ទម្រង់​ពី​បញ្ហា​ដី​ហុយ ពន្លត់​នូវ​ភាព​ហុយ​នេះ កុំ​ឲ្យ​វា​ប៉ះពាល់​ដល់​សុខភាព ។ ច្រើន​ណាស់​ការត្អូញត្អែរ​ច្រើន​មិន​ដឹង​ធ្វើ​ម៉េច គ្មាន​វិធានការ​អី​ធ្វើ​អី​កើត ព្រោះ​អា​នេះ​ផ្លូវ​ជាតិ»

វ័យ​ចាស់​ឈ្មោះ សូ វន នៅ​ភូមិ​ក្រាំងឃ្នង មាន​ប្រសាសន៍​ថា​ក្រោយ​ធូលី​ហុយ​រថយន្ត​បើកបរ​លឿន​នោះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ មិន​ថា​តែ​នាំ​ឲ្យ​អ្នកស្រុក​ឈឺ​ច្រើន​នោះ​ទេ ៖ «ប្រជាជន​រស់​សព្វថ្ងៃ​នេះ​ធុញទ្រាន់​នឹង​ការហុយ ។ ឡាន​ធំៗ​សុទ្ធតែ​កាម៉ាស់​កង់​២០ រត់​ច្រើន​ណាស់​ក្នុង​ផ្លូវ​នេះ តាំង​ពី​កើត​ស្ពាន​គុណគ្រូ​មក​រត់​រហូត កាលពី​អត់​ទាន់​ធ្វើ អត់​មាន​ឡាន​មាន​អី​ទេ ប្រជាជន​ក៏​អត់​មាន​គ្រោះថ្នាក់​ដែរ តែ​ដល់​តែ​កើត​ផ្លូវ​ហ្នឹង​មក​គឺ​មនុស្ស​គ្រោះថ្នាក់​រហូត...»

លោក រាជ សារឿន រស់នៅ​តាម​ថ្នល់​ជាតិ​ព្រះអង្គឌួង សុំ​ឲ្យ​មន្រ្តី​ពាក់ព័ន្ធ​ដាក់​ស្លាកសញ្ញា​ប្រាប់​អ្នក​បើកបរ​ឲ្យ​បន្ថយ​ល្បឿន​ពេល​ចូល​ដល់​ទី​ប្រជុំជន ។ លោក​អះអាង​ថា​បច្ចុប្បន្ន​អ្នក​រស់នៅ​តាម​ថ្នល់​ជាតិ​សងខាង​ផ្លូវ​មាន​ជំងឺ​ក្អក​ផ្តាសាយ និង​ហុយ​ធូលី​ចូល​ពេញ​ផ្ទះ ឯ​អ្នក​នៅ​ឆ្ងាយ​ពី​ថ្នល់​ខ្វះខាត​ជីវភាព ឈឺ​ច្រើន ដោយ​ខ្វះ​ទឹក​ប្រើប្រាស់ ។

លោក រាជ សារឿន បាន​មាន​ប្រសាសន៍​ថា ៖ «សូម​ឲ្យ​មាន​ស្លាកសញ្ញា​បន្ថយ​ល្បឿន​នៅ​ទី​ប្រជុំជន ហើយ​ចំណុច​ទី​២ បើសិន​ណា​ជា​រថយន្ត​នៅ​ក្នុង​មូលដ្ឋាន​នេះ​ក៏​ដោយ បើសិន​ជា​អស់​លោក​ប្រើប្រាស់​រថយន្ត​ធុន​ធំៗ កង់​១០ ២០ សូម​ឲ្យ​គាត់​មាន​ការស្រោច​ទឹក​នៅ​រដូវ​វស្សា​ក៏ដោយ រដូវ​ប្រាំង​ក៏ដោយ គាត់​ត្រូវ​ស្រោច​ទឹក​នៅ​លើ​ផ្លូវ​ថ្នល់​សម្រាប់តែ​ទី​ប្រជុំជន​ទេ មិនមែន​ស្រោច​ទឹក​ទាំងមូល​ទេ»

រីឯ​អ្នក​នៅ​ឆ្ងាយ​ពី​ថ្នល់​ជាតិ​ក្រួស​ក្រហម​ប្រមាណ​៥០០​ម៉ែត្រ ស្រ្តី​វ័យ​ចាស់​ឈ្មោះ យុង ពេញ អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ក្រាំងឃ្នង អះអាង​ថា​អ្នក​ភូមិ​នេះ​ភាគ​ច្រើន​ពុំ​សូវ​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ទេ មក​ពី​អ្នក​ខ្លះ​ចូល​រស់​នៅ​ក្រោយ​រដ្ឋ​ចែក​ដី ។ គាត់​ថា​អ្នក​ខ្វះ​មុខ​ខ្វះ​ក្រោយ​ដើរ​តែ​ស៊ីឈ្នួល​គេ​ខួប​ប្រាំង​វស្សា រី​ឯ​អាហារ​ហូប​ក៏​មិន​សូវ​បាន​ឆ្អែត មក​ពី​កូន​ច្រើន​តាម​គ្រួសារ​មួយៗ ហើយ​គ្មាន​ដី​ស្រែ​សម្រាប់​ធ្វើ ។ ឯ​គ្រួសារ​គាត់​មាន​ដី​ស្រែ​តែ​ធ្វើ​ស្រែ​ទឹក​ពុំ​សូវ​មាន នាំ​ឲ្យ​សន្ទូង​និង​សំណាប​ងាប់​អស់ ក៏​ខ្វះខាត​ដូច​អ្នក​គ្មាន​ដី​ធ្វើ​ស្រែ​ដែរ ។

ស្រ្តី​វ័យ​ចាស់​ឈ្មោះ យុង ពេញ បាន​ឲ្យ​ដឹង​ថា ៖ «សាច់​ជ្រូក​កម្រ​បាន​ហូប​ណាស់ ថ្លៃ​ពេក ។ សាច់​ជ្រូក​ម្ដង ២​ពាន់​រៀល លៃ​ព្រឹក​ល្ងាច លាយ​បន្លែ​ខ្លះ​ទៅ ចេះតែ​ស្ល​ហូប​ទៅ យើង​ទៅ​រក​ឯណា​ឆ្ងាញ់​រាល់​ថ្ងៃ ។ អត់​សូវ​ជា​ទេ​រាល់​ថ្ងៃ​ហ្នឹង​ខ្ញុំ អត់​ដែល​ដើរ​ទៅ​ណា​ទេ ឡាន​ក៏​ជិះ​មិន​កើត»

ស្រ្តី​វ័យ​ចាស់​ឈ្មោះ កាន អះអាង​ថា​អ្នក​ភូមិ​ប្រើ​ជី​គីមី​បាច​ស្រូវ​គ្រប់​ស្រែ​នាំ​ឲ្យ​គាត់​ពិសារ​ទឹក​ត្រពាំង​នា​រដូវ​ប្រាំង ទៅ​ជា​ឈឺ​ក្រពះ ពោះវៀន និង​លើស​ឈាម ៖ «ខ្ញុំ​ទៅ​ពេទ្យ​មើល​ហើយ​អស់​ហើយ ឈឺ​ក្បាល វិល​មុខ រក​ក្អួត ភើ​ពី​ក្នុង​មក ក្ដៅ​ចុង​ដង្ហើម ហើយ​ធ្វើ​ទុក្ខ​ចង់​ក្អួត»

ស្រ្តី​មេម៉ាយ​ឈ្មោះ ទិត ណែម កំពុង​លក់​អីវ៉ាន់​កំប៉ិកកំប៉ុក​ក្រោម​ផ្ទះ​គេ​ឲ្យ​ដឹង​ថា គាត់​មាន​ជំងឺ​គ្រុនចាញ់​ផង ក្អក​ផង ឧស្សាហ៍​វិល​មុខ​ផង និង​ស្ទះ​ដង្ហើម​ញឹកញាប់ ។ ក្រោយពី​ប្តី​ស្លាប់​ទៅ​គាត់​ព្រួយ​ចិត្ត​ខ្លាំង​ដោយ​គ្មាន​អ្នក​ជួយ​រក​ប្រាក់​សង​គេ ។

ទិត ណែម ឲ្យ​ដឹង​ថា​ប្តី​ឈឺ​គាត់​ខ្ចី​គេ​មក​ព្យាបាល​ជំងឺ​មិន​ទាន់​សង​គេ​គ្រប់​ផង ហើយ​ក្រោយ​បោះ​ឆ្នោត​គាត់​ខ្ចី​ប្រាក់​ពី​ក្រុម​គ្រូ​បង្រៀន​ថែម​ទៀត​មក​ធ្វើ​ដើម​រកស៊ី ។ គាត់​ថា​ទម្រាំ​លក់​ដាច់​ផ្លែ​ក្រូច​ពោធិ៍សាត់​៣​គីឡូក្រាម ត្រូវ​អង្គុយ​លក់​៣​ថ្ងៃ ហើយ​អ្នក​ស្រុក​បាន​ជឿ​បណ្តាក់​គាត់​ទៀត ។ គាត់​ថា​រក​ប្រាក់​ចំណេញ​មិន​ទាន់​បាន​ផង និង​គ្មាន​ប្រាង់​សង​គេ​ផង គាត់​មិន​ហ៊ាន​ហូប​អ្វី​ឆ្ងាញ់ ក្រៅពី​ត្រី​ឆ្អើ​ដែល​សល់​ពី​គេ​មិន​ទិញ​ឡើយ ។

ស្រ្តី​ឈ្មោះ ទិត ណែម បាន​ឲ្យ​ដឹង​ថា ៖ «ទិញ​ត្រី​មក​មែន តែ​យើង​មិន​ហ៊ាន​ហូប​ទេ ព្រោះ​ខ្លាច​ខាត សុខចិត្ត​ទុក​លក់​យក​កម្រៃ​ទៅ​ទិញ​ទៀត ។ ទាល់​សល់​យើង​លក់​អត់​ដាច់​អ៊ីចឹង​បាន​ហ៊ាន​ហូប ។ ទាល់​វា​ចង់​ខា​ឬ​មួយ​ក៏​គេ​អត់​ទិញ​យើង»

រីឯ​បុរស​វ័យ​ក្មេង​ស្គម​ស្លេក ឈ្មោះ ចក់ ដឹក​ទំពាំង​ដើរ​លក់​ក្នុង​ភូមិ​ឲ្យ​ដឹង​ថា​កំពុង​ដាច់​ស្បៀង ។ គាត់​លក់​ទំពាំង​យក​ប្រាក់​ទៅ​ទិញ​អង្ករ​បបរ​ឲ្យ​ភរិយា​កំពុង​មាន​កូន​ខ្ចី ។ គាត់​ថា​គ្រួសារ​គាត់​ឧស្សាហ៍​ក្អក​ផ្តាសាយ ហើយ​ពុំ​សូវ​ទទួល​ទាន​បាន​ជាតិ​សាច់​ជា​អាហារ​ថាមពល ក្រៅពី​ទំពាំង​ធើ្វ​ជា​អាហារ​ជំនួស​បាយ​ស្ទើរ​រាល់ថ្ងៃ​ទេ ។ គាត់​ជំពាក់​គេ​ឯង​ជុំវិញ​ដោយសារ​មើល​ជំងឺ​ផង ខ្ចី​គេ​ទិញ​អង្ករ​ហូប​ផង ។

លោក ចក់ បានបញ្ជាក់​ថា ៖ «យើង​ស្ល​ទំពាំង​ឲ្យ​ច្រើន បាយ​យើង​មិន​សូវ​ហូប​ច្រើន​ទេ ហូប​ច្រើន​ទំពាំង​វិញ ។ ហេវហត់​ដែរ ឡើង​ភ្នំ​រាល់​ថ្ងៃ អត់​អី​ហូប»

អាជ្ញាធរ​ភូមិ​ក្រាំងឃ្នង លោក អ៊ុក ណាត មាន​ប្រសាសន៍​ថា​មនុស្ស​ជាង​៥០% ក្នុង​ភូមិ​ក្រាំងឃ្នង​នេះ សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត​ដោយសារតែ​ដី​ស្រែ​មាន​តិច​ជាង​ចំនួន​មនុស្ស ។ លោក​ថា​អ្នក​រស់​នៅ​ភូមិ​នេះ​មាន​១៦៧​គ្រួសារ ឯ​ដី​ស្រែ​មានតែ​៣៥​ហិកតា ដី​ចម្ការ​៣​ហិកតា ទើប​អ្នក​ស្រុក​ខ្វះខាត​ជីវភាព​ខ្លាំង ។

លោក អ៊ុក ណាត ថា​សូម្បីតែ​គាត់​ជា​អាជ្ញាធរ​ភូមិ​ក៏​កំពុង​ដាច់​ស្បៀង​ដែរ ដោយ​គាត់​ចូល​មក​រស់​នៅ​ភូមិ​ស្រុក​ក្រោយ​រដ្ឋ​ចែក​ដី ។ គាត់​ថា​ប្រពន្ធ​កូន​ឈឺ បាន​យក​ប័ណ្ណ​ដី​ភូមិ​ទៅ​បញ្ចាំ​ធនាគារ​អេស៊ីលីដា យក​ប្រាក់​ព្យាបាល​ជំងឺ ។ ឥឡូវ​កូន​គាត់​៤​នាក់​ចេញ​ទៅ​ធ្វើ​កម្មករ​រោងចក្រ​ផ្តល់​ប្រាក់​មក​ឲ្យ​គាត់​សង​ការប្រាក់​ធនាគារ​នោះ ។ គាត់​គ្មាន​ប្រាក់​សល់​ទិញ​អាហារ​ហូប​ច្រើន​តាម​ការស្រេក​ឃ្លាន​នោះ​ឡើយ ៖ «ខ្ញុំ​ឧស្សាហ៍​វិល​មុខ ចេះតែ​អស់​កម្លាំង យើង​ហូប​អត់​សូវ​គ្រប់គ្រាន់ ពិបាក​ដែរ»

វេជ្ជបណ្ឌិត​ការិយាល័យ​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ លោក សោម លាក់ មាន​ប្រសាសន៍​ថា​ចំពោះ​ការអះអាង​របស់​ពលរដ្ឋ​រឿង​ធូលី​ហុយ​នាំ​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​កើនឡើង និង​ពិសារ​ទឹក​មាន​សារធាតុ​គីមី​ហូរ​ចូល​ទឹក​ត្រពាំង​នាំ​ឲ្យ​ឈឺ​ក្រពះ ពោះវៀន ឬ​ពិសារ​ទំពាំង​ជំនួស​បាយ​ច្រើន​ពេល​នាំ​ឲ្យ​ឈឺ​ដែរ​នោះ លោក​ថា​ពុំ​ទាន់​មាន​ការវិភាគ​រក​ទិន្ន័យ​ណា​មួយ​ច្បាស់លាស់​អំពី​មូលហេតុ​ទាំង​នោះ​បាន​ទេ ប៉ុន្តែ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ទិន្នន័យ​ហាក់​មិន​ប្រែប្រួល​ទេ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រុក​រស់​នៅ​តាម​បណ្តោយ​ថ្នល់​ជាតិ​ព្រះអង្គឌួង បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ថ្មី​ឲ្យ​ជួយ​ក្រាល​កៅស៊ូ​ពី​លើ​ក្រួស​ក្រហម ដើម្បី​ចៀសវាង​ធូលី​ហុយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផង និង​ហុយ​នាំ​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​ផង ហើយ​សុំ​ឲ្យ​ជួយ​ជីក​ស្រះ​ស្តុក​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​បន្ថយ​ភាព​រាំងស្ងួត បង្កើន​ជីវភាព​កសិករ ៕