តុលាការ​សម្រេច​បន្ត​ឃុំ​បុរស​ថៃ​ជាប់​ចោទ​ពី​បទ​ចារកម្ម

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​៤ ធ្នូ នេះ បាន​សម្រេច​ដោយ​កំបាំង​មុខ​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង (Sivarak Chutipong) នៅ​ក្នុង​គុក​ព្រៃ​ស​ជា​បន្ត​ទៀត ដោយ​បាន​បដិសេធ​សំណើ​របស់​លោក កៅ សូផា ជា​មេធាវី​របស់​លោក​នោះ សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។

0:00 / 0:00

លោក ខៀវ សំបូរ ជា​មេធាវី​ថ្មី​របស់​លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​លាក់​ការណ៍​នៃ​វិជ្ជាជីវៈ​ជា​មេធាវី​របស់​លោក។

លោក កែ សាខន ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ជម្រះ​ក្តី និង​ជា​អនុ​ប្រធាន​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អាន​សាលក្រម​កំបាំង​មុខ​ថា តុលាការ​បដិសេធ​សំណើ​របស់​លោក កៅ សូផា ជា​មេធាវី​ដែល​បាន​ដាក់​សំណើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាល​ពី​ថៃ្ង​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

លោក​បាន​បន្ត​ថា តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ទទួល​យក​នូវ​សំណើ​របស់​លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង ដែល​បាន​ស្នើ​សុំ​មក​តុលាការ​កាល​ពី​ថៃ្ង​ទី​៣ ខែ​ធ្នូ ថ្មីៗ​នេះ សុំ​មិន​នៅ​ក្រៅ​ឃុំ​វិញ ដោយសារ​តែ​ថៃ្ង​សវនាការ​ជម្រះ​អង្គ​សេចក្តី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថៃ្ង​ទី​៨ ខែ​ធ្នូ ខាង​មុខ​ឆាប់ៗ​នេះ។

លោក កែ សាខន បាន​បញ្ជាក់​នៅ​ក្នុង​សាលក្រម​នោះ​ទៀត​ថា តុលាការ​បាន​សម្រេច​ទទួល​យក​សំណើ​របស់​លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង នោះ ក្នុង​ការ​ប្តូរ​មេធាវី​ថ្មី​ពី​លោក កៅ សូផា មក​មេធាវី​លោក ខៀវ សំបូរ វិញ។

លោក ប៉ាល់ ច័ន្ទតារា ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​នេះ បាន​មាន​ប្រសាសន៍​ក្រោយ​ពី​សវនាការ​នោះ​ថា ៖ «នេះ​ជា​សិទ្ធិ​របស់​ជន​ល្មើស​ដែល​គាត់​សុំ​មិន​បាច់​នៅ​ក្រៅ​ឃុំ​ទេ។ សាទរ​ហើយ ព្រោះ​បើ​តុលាការ​សម្រេច​ឲ្យ​នៅ​ក្នុង​ឃុំ រាជ​រដ្ឋាភិបាល​នឹង​ប្ដឹង​ទៀត​ហើយ ព្រោះ​បទ​ឧក្រិដ្ឋ។ រង់ចាំ​អង្គ​សេចក្ដី​នៅ​ថ្ងៃ​៨ (ធ្នូ)»

នៅ​ក្នុង​សវនាការ​រយៈ​ពេល​ខ្លី​កន្លះ​ម៉ោង​នៅ​ឯ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ៤ ធ្នូ នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក កែ សាខន ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ជម្រះ​ក្តី លោក សុខ រឿន ជា​ព្រះរាជ​អាជ្ញា លោក ប៉ាល់ ច័ន្ទតារា ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម​បណ្តឹង និង​លោក ខៀវ សំបូរ ជា​មេធាវី​របស់​ជន​ជាប់​ចោទ គឺ​លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង ប៉ុន្តែ​កំបាំង​មុខ​ជន​ជាប់​ចោទ​នោះ។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មាន​គម្រោងការ​បើក​ការ​កាត់​ទោស​លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង នោះ នៅ​ថៃ្ង​ទី​៨ ខែ​ធ្នូ ខាង​មុខ​ឆាប់ៗ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ពី​ចារកម្ម​បង្ក​អសន្តិសុខ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ស៊ីវ៉ារ៉ាក់ ឆូតទីពុង អាយុ​៣១​ឆ្នាំ ជា​វិស្វករ​ថៃ​និង​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​បញ្ជា​ចរាចរណ៍​ផ្លូវ​អាកាស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហៅ​កាត់​ថា CATS ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថៃ្ង​ទី​១១ ឆ្លង​ចូល​ថៃ្ង​ទី​១២ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ក្រោម​បទ​ចារកម្ម​បង្ក​អសន្តិសុខ​ជាតិ ដោយសារ​តែ​សង្ស័យ​ថា លោក​បាន​លួច​យក​ឯកសារ​ជើង​ហោះ​ហើ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្រ្តី​ថៃ មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈ​ពេល​៣​ថៃ្ង កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។ លោក​បាន​បញ្ជូន​ឯកសារ​នោះ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ តាម​រយៈ​លេខា​ទី​១​របស់​ស្ថានទូត​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕