អភិបាល​រង​ក្រុង​ភ្នំពេញ​រង​ការ​ចោទ​ថា​ប្រើ​វេទិកា​រដ្ឋ​វាយ​ប្រហារ​បក្ស​ប្រឆាំង

ក្រុម​ការងារ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​៨ មក​ពី​បក្ស​សម​រង្ស៊ី ចោទ​លោក ម៉ាន់ ឈឿន អភិបាល​រង​រាជធានី​ភ្នំពេញ ថា​មិន​បាន​ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​ការ​ដឹកនាំ។

0:00 / 0:00

ក្រុម​ការងារ​នៃ​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​៨ មក​ពី​គណបក្ស​សម​រង្ស៊ី បាន​បង្ហាញ​ពី​ការ​អន់​ចិត្ត​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​លោក ម៉ាន់ ឈឿន អភិបាល​រង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ថា លោក ម៉ាន់ ឈឿន បាន​យក​តួនាទី​របស់​លោក​ជា​មន្ត្រី​រាជការ និង​វេទិកា​សាលា​រាជធានី​ដែល​ជា​របស់​រដ្ឋ វាយ​ប្រហារ​គណបក្ស​សម​រង្ស៊ី។

គណបក្ស​សម​រង្ស៊ី​បាន​ចោទ​ឡើង​ដូច្នេះ តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ បន្ទាប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ និង​ក្រុង​ចំនួន ៥០​នាក់​នាំ​គ្នា​ធ្វើ​ពហិការ ដោយ​ការ​ចេញ​ពី​សិក្ខាសាលា​មួយ​ស្ដីពី​ការ​ប្រើប្រាស់​ទិន្នន័យ​ឆ្នាំ​២០០៩ របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១០។

តំណាង​ក្រុម​ប្រឹក្សា​ខណ្ឌ​មក​ពី​គណបក្ស​សម​រង្ស៊ី​មួយ​រូប គឺ​លោក ឡាំ សឿន ថ្លែង​បញ្ជាក់​លើ​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​ដែល​លោក​អភិបាល​រង ម៉ាន់ ឈឿន យក​វេទិកា​សាលា​រាជ​ធានី​មក​វាយ​ប្រហារ​គណបក្ស​សម​រង្ស៊ី និង​ប្រើ​ពាក្យ​ថា "ទះ​ឲ្យ​ជ្រុះ​ធ្មេញ" នៅ​ក្នុង​សិក្ខាសាលា​ជា​មូលហេតុ​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ និង​ក្រុង​របស់​គណបក្ស​សម​រង្ស៊ី​ទ្រាំ​លែង​បាន។

លោក ឡាំ សឿន បាន​បញ្ជាក់​ថា ៖ «ក្រុម​ពួក​ខ្ញុំ​ជា​ក្រុម​ការងារ​តំណាង​ឲ្យ​គណបក្ស​សម​រង្ស៊ី ដែល​គាត់​និយាយ​ពាក្យ​អសុរោះ​របៀប​នេះ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ថា ថ្នាក់​ដឹកនាំ​បើ​និយាយ​គ្មាន​ភាព​អព្យាក្រឹត ក៏​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​បាន​ដែរ។ ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​ធ្វើ​ពហិការ​មិន​ចូលរួម​ជាមួយ​នឹង​សិក្ខាសាលា​ហ្នឹង»

ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​សភា​គណបក្ស​សម​រង្ស៊ី លោក ហូ វ៉ាន់ ថ្លែង​ថា ការ​វាយ​ប្រហារ​គណបក្ស​សម​រង្ស៊ី​នៅ​ក្នុង​សិក្ខាសាលា គឺ​ជា​ការ​បំបែក​ក្រុម​ប្រឹក្សា​ខណ្ឌ​មក​ពី​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​ប្រជាជន​ឃ្លាត​ចេញ​ពី​គ្នា។

លោក ហូ វ៉ាន់ បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​រាជធានី យើង​ត្រូវ​គិត​ថា អ្នក​ហ្នឹង​ជា​ក្រុម​ប្រឹក្សា​ដែល​នៅ​ក្រោម​អំណាច​រដ្ឋ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង នេះ​បាន​ត្រឹមត្រូវ។ បើ​ចាប់​ភ្លាម​មក​ញែក​របៀប​ហ្នឹង ខ្ញុំ​ថា ពិបាក​នឹង​ធ្វើ​ការ»

ទាក់ទង​នឹង​ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​របស់​ក្រុម​ការងារ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ទាំង​៨ មក​ពី​គណបក្ស​សម​រង្ស៊ី វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទទួល​បាន​ការ​ឆ្លើយ​តប​ឲ្យ​បាន​ក្បោះក្បាយ​ពី​លោក ម៉ាន់ ឈឿន អភិបាល​រង​រាជធានី​ភ្នំពេញ​ទេ ដោយសារ​តែ​លោក​កំពុង​ជាប់​ប្រជុំ។ ក៏​ប៉ុន្តែ​លោក​បាន​សំណូមពរ​ខ្លី​ដូច្នេះ ៖ «សូម​ចាប់អារម្មណ៍​លោក​ថា យើង​គិត​ពី​រឿង​បញ្ហា​ប្រឹង​កសាង​ទីក្រុង​វិញ។ កុំ​គិត​ពី​រឿង​ឈ្លោះ​គ្នា​ពេក​ណ៎ា!»

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​តំណាង​ក្រុម​ប្រឹក្សា​ខណ្ឌ​ទាំង​៨ មក​ពី​គណបក្ស​សម​រង្ស៊ី បាន​សរសេរ​ថា ព្រោះ​តែ​ការ​យក​វេទិកា​របស់​រដ្ឋ​កេង​យក​ចំណេញ​នយោបាយ វាយ​ប្រហារ​គណបក្ស​សម​រង្ស៊ី​នោះ ក្រុម​ប្រឹក្សា​ខណ្ឌ​ទាំង​នេះ​សម្រេច​ចិត្ត​មិន​ចូលរួម​ប្រជុំ ឬ​ធ្វើ​សិក្ខាសាលា​ណា​មួយ ដែល​មាន​លោក ម៉ាន់ ឈឿន ជា​គណៈ​អធិបតី​ទៀត​ទេ។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី លោក ហូ វ៉ាន់ ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​សភា​ពី​គណបក្ស​សម​រង្ស៊ី​ថ្លែង​ថា ប្រសិន​បើ​លោក ម៉ាន់ ឈឿន ផ្លាស់​ប្ដូរ​កាយវិការ និង​ពាក្យ​សម្ដី​ដូច​លើក​នេះ គណបក្ស​សម​រង្ស៊ី​នឹង​នៅតែ​សហការ​ជាមួយ៕