លោក ទូច ណារ៉ុថ បានថ្លែងថា ៖ «មិនទាន់ជឿថា ប៉ូលិសខ្ញុំឯណាដល់ថ្នាក់គេរំលោភហើយ ទាល់តែយកលុយ បានរកជនល្មើសហ្នឹង! គេចាំបាច់មកប្ដឹងធ្វើអី! ពីព្រោះគ្នាឈឺចាប់ផ្លូវកាយ ផ្លូវចិត្តហើយ។ ដូច្នេះនេះជាការលើកឡើងរបស់អង្គការនោះ»។
ការច្រានចោលរបស់លោក ទូច ណារ៉ុថ បានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ ទី៥ មីនា ឆ្នាំ២០១០ ដែលបានសរសេរអំពីការរកឃើញរបស់ខ្លួនថា ជារឿយៗជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈមិនអាចទទួលបានសេវាច្បាប់ ឬសេវាសុខាភិបាលទេ នៅពេលដែលគេមិនមានសំណូកដែលទារដោយនគរបាលនោះ។
អគ្គលេខាធិការ NGO CDAW ជាគណៈកម្មាធិការនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាជាង ៧០ ដែលធ្វើការដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងនារីភេទ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា អំពើពុករលួយរួមនឹងបញ្ហាមួយចំនួនផ្សេងទៀតជាកត្តាពាក់ព័ន្ធនាំឲ្យស្ត្រីត្រូវគេរើសអើង និងរំលោភសេពសន្ថវៈ ដែលជាការរំលោភសិទ្ធិធ្ងន់ធ្ងរ។
លោកបន្តថា ៖ «ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចដឹងហើយ ប៉ុន្តែទទួលសំណូកពីជនល្មើសទៅវិញ គឺធ្វើឲ្យជនរងគ្រោះហ្នឹងឯងរងទម្ងន់កាន់តែខ្លាំង ហើយប្រសិនបើជនល្មើសមិនបានទទួលការផ្ដន្ទាទោសទេ បានន័យថា ជនល្មើសនឹងនៅតែបន្តប្រព្រឹត្តអ៊ីចឹងទៀត ហើយជនរងគ្រោះនឹងចេះតែមានចំនួនកាន់តែកើនឡើងតទៅទៀតសម្រាប់អំពើរំលោភសេពសន្ថវៈនេះ»។
ទន្ទឹមគ្នានេះដែរ លោក ហង្ស ពុទ្ធា ថ្លែងថា កន្លងមករដ្ឋាភិបាលបានបង្កើតច្បាប់មួយចំនួនដើម្បីទប់ស្កាត់ការរើសអើងស្រ្តី ដូចជាច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារជាដើម។ ក៏ប៉ុន្តែលោកថ្លែងថា ចាំបាច់ត្រូវមានច្បាប់មួយផ្សេងទៀតដើម្បីទប់ស្កាត់អំពីរំលោភសេពសន្ថវៈដែលកំពុងកើនឡើងសព្វថ្ងៃនេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ៖ «សង្ឃឹមថា មានច្បាប់ដទៃទៀតដើម្បីការពារនូវសិទ្ធិស្ត្រី ការពារនូវការរំលោភសេពសន្ថវៈនេះ កុំឲ្យជនល្មើសរួចផុតពីសំណាញ់ច្បាប់»។
ឆ្លើយតបការលើកឡើងនេះ សមាជិកសភាមកពីគណបក្សប្រជាជនមួយរូប គឺលោក ជាម យៀប មានប្រសាសន៍ថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន ច្បាប់សម្រាប់ទប់ស្កាត់ការរើសអើងស្រ្តីត្រូវបានបង្កើតរួចរាល់ហើយ ដូចជាច្បាប់ស្តីពីការបង្រ្កាបការជួញដូរ និងអំពើហិង្សាលើស្ត្រី ជាដើម។
លោកបញ្ជាក់បន្ថែមថា ៖ «ទាំងអស់គ្នាត្រូវចូលរួមនៅក្នុងការអនុវត្តការងារនេះ ហើយសម្រិតសម្រាំងការងារនេះឲ្យគោរពអនុវត្តទៅតាមច្បាប់ ដែលមានការពាក់ព័ន្ធទៅនឹងការងារជួញដូរផ្លូវភេទ ក៏ដូចជាប្រើអំពើហិង្សាទៅលើគ្រួសារ ក៏ដូចជាចាប់រំលោភបង្ខំផ្លូវភេទ ។ល។ និង ។ល។»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការលើកលែងទោសអន្តរជាតិបានសរសេរថា រដ្ឋាភិបាលប្រទេសកម្ពុជាត្រូវតែការពារជនរងគ្រោះនៃអំពើហិង្សផ្លូវភេទលើស្ត្រី និងក្មេងស្រី ដែលកំពុងតែកើនឡើង ហើយពួកគេត្រូវការយុត្តិធម៌ សេវាសុខាភិបាល និងការប្រឹក្សាយោបល់នោះ៕
