តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​ករណី​មឿងសុន

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​អង្គារ ២៤ វិច្ឆិកា បាន​សម្រេច​ផ្តន្ទា​ទោស​កំបាំង​មុខ​លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ​ឲ្យ​ជាប់​គុក​២​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ញុះញង់។

0:00 / 0:00

សវនាការ​នេះ​បាន​ធ្វើ​ទ្បើង​ដោយ​មាន​លោក ឆាយ គង់ ជា​ចៅក្រម​កាត់​សេចក្តី លោក ប៉ាល់ ចាន់ដារ៉ា ជា​មេធាវី​របស់​រដ្ឋាភិបាល លោក សំ សុគង់ ជា​មេធាវី​របស់​លោក មឿង សុន លោក ឯក ឆេងហួត ព្រះរាជ​អាជ្ញា​និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមទាំង​អ្នក​កាសែត​បាន​ចូល​រួម​តាម​ដាន​សវនាការ​នេះ។

លោក ឆាយ គង់ ជា​ចៅក្រម​ជម្រះ​ក្តី និង​ជា​អនុ​ប្រធាន​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ជម្រះ​ក្តី​លើ​សំណុំ​រឿង​នេះ បាន​អាន​សាលក្រម​កំបាំង​មុខ​លោក មឿង សុន ថា តុលាការ​សម្រេច​តម្កល់​សាលក្រម​កាល​ពី​ថៃ្ង​ទី​១៤ ខែ​កក្កដា ដែល​បាន​ជម្រះ​ដោយ​កំបាំង​មុខ​នោះ ចាត់​ទុក​ជា​បាន​ការ។ លោក​បាន​បញ្ជាក់​ថា តុលាការ​បាន​បើក​ផ្លូវ​ឲ្យ​លោក មឿង សុន បន្ត​ប្តឹង​ទាស់​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​ទៀត។

លោក ប៉ាល់ ចាន់ដារ៉ា ជា​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ដើម​បណ្តឹង បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​នោះ​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ។

លោក ប៉ាល់ ចាន់ដារ៉ា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា តុលាការ​បាន​ផ្ដល់​យុត្តិធម៌​ដល់​រាជ​រដ្ឋាភិបាល។ រឿង​ពាក់ព័ន្ធ​នឹង​លោក មឿង សុន នេះ រាជ​រដ្ឋាភិបាល​គឺ​ជា​អ្នក​រង​គ្រោះ​ប្រាកដ​មែន»

លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក មឿង សុន បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ថា វា​ជា​ការ​សម្រេច​ដោយ​គ្មាន​យុត្តិធម៌​ទ្បើយ​សម្រាប់​កូន​ក្តី​របស់​លោក​នោះ។ លោក​នឹង​បន្ត​ប្តឹង​ទាស់​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​ទៀត​នា​ពេល​ឆាប់ៗ​នេះ។

លោក សំ សុគង់ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «គឺ​ជា​ការ​តម្កល់​មួយ​មិន​មាន​ភាព​យត្តិធម៌​ចំពោះ​កូន​ក្ដី​ខ្ញុំ​ទេ។ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​សម្រុះ​សម្រួល​ទាក់ទង​នឹង​ការ​សុំទោស​ដែរ ដើម្បី​បញ្ចប់​បញ្ហា​នេះ»

ចំណែក​ឯ​លោក មឿង សុន ផ្ទាល់ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា ៖ «តុលាការ​បើក​ផ្លូវ​ឲ្យ​ខ្ញុំ​ប្ដឹង​ទៅ​ឧទ្ធរណ៍ ហើយ​ក្នុង​ពេល​ហ្នឹង​ខ្ញុំ​នឹង​ធ្វើ​លិខិត​ម្ដង​ទៀត សុំ​ការ​អនុគ្រោះ​ពី​ខាង​អាជ្ញាធរ​អប្សរា ដែល​មាន​ឯកឧត្ដម សុខ អាន ជា​ប្រធាន ហើយ​និង​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន។ តុលាការ​សុំ​ការ​វិច្ឆ័យ​ឲ្យ​យល់​អំពី​សន្ដាន​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ច្បាស់​លាស់»

លោក អំ សំអាត ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​តាម​ដាន​សវនាការ​នេះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​នៅ​ក្រៅ​តុលាការ​ថា ៖ «គាត់​(មឿង សុន) រិះគន់​ដើម្បី​ឲ្យ​មាន​ការ​ស្ថាបនា​នៃ​ការ​ដាក់​អំពូល​ភ្លើង ហើយ​គាត់​បែរ​ទៅ​ជា​រង​គ្រោះ​ជាប់​ពន្ធនាគារ​និង​ពិន័យ​ចំពោះ​រូប​គាត់​វិញ»

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​អង្គារ ទី​២៤ ខែ​វិច្ឆិកា បាន​បដិសេធ​ការ​ទទូច​របស់​មេធាវី ដែល​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​លោក មឿង សុន នោះ។

សវនាការ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​លោក មឿង សុន នៅ​ថៃ្ង​អង្គារ ទី​២៤ ខែ​វិច្ឆិកា ជា​ការ​ជម្រះ​ក្តី​សា​ទ្បើង​វិញ ដែល​ធ្លាប់​បាន​ផ្តន្ទាទោស​កំបាំង​មុខ​រួច​ម្តង​ទៅ​ហើយ កាល​ពី​ថៃ្ង​ទី​១៤ ខែ​កក្កដា​កន្លង​ទៅ​នេះ ឲ្យ​លោក មឿង សុន ជាប់​គុក​២​ឆ្នាំ​និង​បាន​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ញុះញង់៕