គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី លោក អ៊ុំ គង់ប៊ុនហេង មានប្រសាសន៍ថា ទំនាស់ដីធ្លីនៅសង្កាត់ភ្នំពេញថ្មី គឺបានកើតមានចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលកាលណោះដីមានទំនាស់ត្រូវបានក្រសួងការពារជាតិស្នើពលរដ្ឋថា យកទៅធ្វើបន្ទាយរថក្រោះ ប៉ុន្តែធាតុពិតដីចំនួន៦ហិកតាត្រូវបានយកលក់ទៅឲ្យឈ្មួញទៅវិញ ទើបប្រជាពលរដ្ឋធ្វើការតវ៉ាយកដីវិញ។
លោកបន្តថា មកដល់ពេលនេះបណ្តឹងរបស់ប្រជាពលរដ្ឋក៏ដូចជាគ្រូបង្រៀនដែលបានស្នើអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ មិនមានស្ថាប័នផ្នែកណាមួយចេញមុខជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ដីកំពុងមានទំនាស់ចំនួន៦ហិកតា ត្រូវបានគេលក់ដូរទៅឲ្យឈ្មួញសង់សំណង់ផ្ទះល្វែង បើទោះជាតុលាការកំពូលមិនទាន់បានប្រកាសសាលក្រមក្តី។
គ្រូបង្រៀនរូបនេះបានប្រាប់ពីគោលបំណងនៃការបួងសួងដូច្នេះ ៖ «ឥឡូវនេះយើងមកបន់ស្រន់បារមីព្រះអង្គដងកើ សូមឲ្យលោកជួយនាំពាក្យរបស់យើងខ្ញុំដែលមានការឈឺចាប់យ៉ាងខ្លាំងក្លារយៈពេលជិត២០ឆ្នាំនេះគឺថា អត់បានដីមកវិញទេ ដោយសារការបិទបាំងភូតភរកុហកមិនឲ្យសម្ដេចតេជោ ហ៊ុន សែន លោកដឹង។ ឥឡូវថ្ងៃនេះយើងបន់បារមីព្រះអង្គដងកើសូមឲ្យលោកជួយនាំពាក្យដ៏ពិតប្រាកដនេះជួយរកយុត្តិធម៌ដល់យើងខ្ញុំផង»។
អ្នកគ្រូ សេក សុផា បង្រៀននៅវិទ្យាល័យភ្នំពេញថ្មី បញ្ជាក់បន្ថែម ៖ «មកអុជធូបថ្ងៃឧបោសថសីលខែដាច់នេះ ដើម្បីបន់ស្រន់សូមឲ្យព្រះអង្គដងកើជួយពួកយើងខ្ញុំដែលបានដាក់ពាក្យទៅខុទ្ទកាល័យសម្ដេច ដែលថ្ងៃមុនខ្ញុំបានហែក្បួនទៅផ្ទះសម្ដេចហ្នឹង ហើយខាងមន្រ្តីខុទ្ទកាល័យសម្ដេចបានទទួលយកពាក្យបណ្ដឹងរបស់ពួកយើងខ្ញុំហើយ ប៉ុន្តែយើងខ្ញុំមកបន់នេះ សូមឲ្យព្រះអង្គដងកើជួយឲ្យអ្នកមុខអ្នកការកុំឲ្យផ្អឹបរឿងខ្ញុំហ្នឹង សូមឲ្យយកសំណុំរឿងខ្ញុំបានទៅដឹងដល់សម្ដេច ហ៊ុន សែន។ សម្ដេច ហ៊ុន សែន និងលោកជំទាវជួយរកយុត្តិធម៌ដល់កូនចៅនិងប្រជាជន គ្រូបង្រៀនហ្នឹងបានសម្រេចដូចសេចក្ដីប្រាថ្នា»។
សម្រាប់ពលរដ្ឋវ័យចំណាស់ក៏បានបញ្ជាក់ពីគោលបំណងនៃពិធីបួងសួងនៅព្រះអង្គដងកើដូច្នេះ ៖ «ឲ្យបានដឹងទៅដល់សម្ដេចតេជោ ហ៊ុន សែន ជួយឲ្យបានតែប៉ុណ្ណឹងទៅចុះ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការធ្វើអត្ថាធិប្បាយពីលោក នូវ រ៉ា មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបន្ទុកផ្នែកពាក្យបណ្តឹងបានទេតាមទូរស័ព្ទ ព្រោះមិនមានអ្នកលើកទទួល។
លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន២២គ្រួសារនៅមូលដ្ឋានរបស់លោក គឺវាហួសពីសមត្ថកិច្ចរបស់លោកត្រូវដោះស្រាយ ព្រោះទំនាស់នេះបានធ្លាក់ដល់ដៃថ្នាក់លើនិងតុលាការ។ លោកចៅសង្កាត់បានទទួលស្គាល់ថា ទំនាស់នេះបានកើតមានជាយូរឆ្នាំនិងមិនទាន់មានដំណោះស្រាយនៅឡើយ។
លោក ជុំ សារ៉ាយ មានប្រសាសន៍ដូច្នេះ ៖ «ឡើងទៅលើអស់ហើយ អត់មាននៅខ្ញុំទៀតផង។ ខ្ញុំឃើញដែរតើ គេគ្រាន់តែចម្លងជូនដល់សង្កាត់ ប៉ុន្តែគេដោះស្រាយខាងលើឯណោះ»។
លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋទាំង២២គ្រួសារ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា ដរាបណាទំនាស់ដីធ្លីខាងលើមិនត្រូវបានមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយជូនពួកគាត់ទេ នៅថ្ងៃខាងមុខលោកគ្រូអ្នកគ្រូ រួមជាមួយប្រជាពលរដ្ឋគ្រោងដង្ហែទៅសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់គេហដ្ឋានជាបន្តទៀត ដើម្បីឲ្យលោកជួយរកយុត្តិធ៌ម៕