ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។
ក្រៅពីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមដាក់ពង្រាយកងកម្លាំងនគរបាលចរាចរ និងកម្លាំងនគរបាលអន្តរាគមន៍ដែរ ដើម្បីធានាមិនឲ្យកកស្ទះចរាចររបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅបោះឆ្នោត និងត្រៀមបង្ក្រាបបទល្មើសលួច ឆក់ប្លន់ នៅតាមដងផ្លូវ។
ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បានមានប្រសាសន៍ថា កម្លាំងនគរបាលយាមការពារ នៅការិយាល័យបោះឆ្នោតនីមួយៗ មានចំនួន ៣នាក់ ស្លៀកពាក់ជាស៊ីវិលមិនឲ្យប្រជាពលរដ្ឋភ័យខ្លាចទេ៖ «ពីព្រោះគាត់មានពេលវេលាចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ដូច្នេះបើសិនមានការកកស្ទះ អាចធ្វើឲ្យពេលវេលាមានការយឺតយ៉ាវ ធ្វើឲ្យរាំងស្ទះទី១។ ទី២ យើងខិតខំធ្វើម៉េច បញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ចរាចរ...បើគ្រោះថ្នាក់ចរាចរ អាចធ្វើឲ្យគាត់មិនបានទៅបោះឆ្នោត ដោយសារគ្រោះថ្នាក់ចរាចរ...នេះជាបញ្ហាមួយដែលខ្ញុំត្រូវខិតខំប្រឹងប្រែង»។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថា នាងបានត្រៀមឯកសារនានារួចអស់ហើយ សំរាប់ទៅបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២៖ «ទាំងអស់គ្នាគ្មានការព្រួយបារម្ភអ្វីផង...ព្រោះអីយើងចង់បោះឲ្យនរណា?...ឆន្ទយើងបោះសំងាត់ យើងមិនបាច់និយាយ អត់មានអ្នកណាដឹងដែរ»។
អ្នកបើកបរឡានតាក់ស៊ីម្នាក់ នៅរាជធានីភ្នំពេញ ឈ្មោះ រ៉ាឌី បាននិយាយដែរថា លោកគ្មានអ្វីភ័យខ្លាចអ្វីនោះទេ នៅថ្ងៃបោះឆ្នោតនោះ៖ «បានស្គាល់កន្លែងការិយាល័យបោះឆ្នោតរួចហើយ គឺនៅសាលាសុធារស...ការិយាល័យ ០៨៩៥។ គិតថាមិនមានបញ្ហាអីអំពីសុវត្ថិភាពទេ ព្រោះការបោះឆ្នោតនេះ មើលទៅហាក់ដូចជាប្រសើរជាងឆ្នាំមុនៗ»។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២ មួយថ្ងៃមុនការបោះឆ្នោតនោះ មន្ត្រីរៀបចំការបោះឆ្នោតជាច្រើននាក់ បានបិតសេចក្តីប្រកាសនានា នៅការិយាល័យបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ។
ប្រធានផ្នែកការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅឯការិយាល័យបោះឆ្នោតលេខ ០០២ នៅសាលាបឋមសិក្សាសុធារស លោក ស ម៉ានី អាយុ ៤៦ឆ្នាំ បានមានប្រសាសន៍ថា អ្វីៗទាក់ទងនឹងការបោះឆ្នោត លោកបានត្រៀមរួចរាល់ហើយ៖ «យើងមានឈ្មោះក្នុងហ្នឹងហើយ វាត្រូវគ្នា អ្វីដែលយើងយកមក គេធីកទៅ ហើយបានដល់អនុប្រធាន គេឲ្យសន្លឹកឆ្នោត គេវាយត្រា»។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២ គឺមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានចាត់ទុកថាជាថ្ងៃ ស ហាមមិនឲ្យមានសកម្មភាពឃោសនាបោះឆ្នោត ឬទិញសន្លឹកឆ្នោតឡើយពីគណបក្សនយោបាយនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
