មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះ ដោយបានបង្ហាញពីគោលបំណងដើម្បីរំឭកនិងបង្ហាញកូនខ្មែរបច្ចុប្បន្ននិងអនាគតទាំងក្នុងនិងក្រៅប្រទេសឲ្យនឹកដល់ប្រវត្តិសាស្រ្តនិងបេតិកភណ្ឌជាតិនាសម័យមហានគរដ៏រុងរឿង ដែលធ្វើឲ្យយើងទាំងអស់គ្នា ចាំបាច់ត្រូវសម្តែងកតញ្ញូតាធម៌ដល់មហាបុព្វបុរសខ្មែរ ព្រះមហាក្សត្រខ្មែរ អ្នកដឹកនាំដ៏ក្លាហានមុះមុត គ្រប់ជំនាន់ ដែលបានកសាងប្រាសាទព្រះវិហារនិងការពារអធិបតេយ្យជាតិបានរហូតមកដល់សព្វថ្ងៃនេះ ។
ពលរដ្ឋម្នាក់ដែលខំធ្វើដំណើរពីខេត្តបន្ទាយមានជ័យ មកចូលរួមក្នុងពិធីនេះ លោក កែវ លីម បានរៀបរាប់ពីបំណងរបស់ខ្លួនថា ក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ ត្រូវតែចូលរួមរំឭកគុណបុព្វបុរសខ្មែរដែលបានបន្សល់កេរដំណែលដ៏មានតម្លៃនេះ ។
លោក កែវ លីម រៀបរាប់ដូច្នេះថា ៖ «ជូនដំណឹងដល់ជនជាតិខ្មែរទាំងអស់ និងកូនខ្មែរទាំងអស់ ឲ្យចូលរួមឲ្យដឹងពីទឹកដីខ្មែរ ឲ្យដឹងពីប្រវត្តិខ្មែរបានពិតប្រាកដ» ។
ប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងទីក្រុងភ្នំពេញ អ្នកស្រី នួន វ៉ានី ដែលកំពុងចូលរួមនៅក្នុងពិធីនេះ បានប្រាប់វិទ្យុអាស៊ីសេរីទាំងទឹកមុខរីករាយថា មូលហេតុដែលគាត់ចូលរួមក្នុងពិធីនេះ ព្រោះចង់ដឹងឲ្យបានច្បាស់ថា ប្រាសាទព្រះវិហារពិតជារបស់ខ្មែរយើងមែន ព្រោះកន្លងមក អ្នកស្រីតែងតែឮថា ថៃអះអាងថាជារបស់គេ ។
អ្នកស្រី នួន វ៉ានី ថ្លែងថា ៖ «កម្មវិធីមានផលប្រយោជន៍ច្រើនដើម្បីបំផុសទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើងឲ្យបានយល់ច្បាប់ពីប្រវត្តិសាស្ត្ររបស់ប្រទេសយើង ឲ្យកូនខ្មែរជំនាន់ក្រោយបានយល់កាន់តែច្បាស់» ។
ចំណែកឯនិស្សិត ធុន ធារ៉ា ដែលទើបតែបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកប្រវត្តិសាស្រ្ត ដែលកំពុងអង្គុយស្តាប់វាគ្មិនយ៉ាងយកចិត្តទុកដាក់ បានឲ្យដឹងថា កម្មវិធីនេះមានសារសំខាន់ណាស់ក្នុងការដាស់សតិកូនខ្មែរគ្រប់រូបឲ្យចាប់អារម្មណ៍ពីប្រវត្តិសាស្ត្ររបស់ខ្លួន និងត្រូវរួមគ្នាការពារឲ្យបានគង់វង្ស ៖ «ជាការអបអរសាទរក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរមួយរូប ខ្ញុំពិតជាមានការសប្បាយរីករាយណាស់ ។ ខ្ញុំយល់ថា កម្មវិធីនេះ ពិតជាមានផលប្រយោជន៍ជាខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទូទៅនៅក្នុងបច្ចុប្បន្នកាល ក៏ដូចជា អនាគត ។ សារសំខាន់នោះ គឺថា ការធ្វើវេទិកានេះ ធ្វើឲ្យខ្មែរយើងស្គាល់នូវប្រវត្តិសាស្ត្រខ្លួនឯងទាក់ទងនឹងប្រាសាទព្រះវិហារ ព្រោះថា ប្រវត្តិសាស្ត្រពិតជាមានសារសំខាន់ បើសិនជាយើងមិនស្គាល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសយើង ប្រៀបដូចជាយើងមិនស្គាល់អំពីខ្លួនយើងថាយើងមកពីណា» ។
នៅក្នុងពិធីនោះ សិល្បករដ៏ល្បីម្នាក់ គឺលោក យុត្ថារ៉ាឆានី ដែលកំពុងរៀបចំខ្លួនដើម្បីសម្ដែងជាតួអង្គព្រះមហាក្សត្រ ដែលជាអ្នកដឹកនាំក្នុងការកសាងប្រាសាទព្រះវិហារ បានរៀបរាប់ថា លោកមានមោទនភាពខ្លាំងណាស់ដែលខ្មែរយើងមានកេរដំណែលដែលពិភពលោកទទួលស្គាល់ ហើយតាមរយៈការសម្ដែងរបស់លោក លោកសង្ឃឹមថា ខ្មែរគ្រប់រូបពិតជាចាប់ផ្តើមរួបរួមគ្នា ទាមទារនិងការពារកេរដូនតាឲ្យបានគង់វង្ស ។
សិល្បករ យុត្ថារ៉ាឆានី មានប្រសាសន៍ថា ៖ «ដោយសារថា ការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌអន្តរជាតិនេះជាការទាមទារមួយដែលប្រជាជាតិខ្មែរយើងទាំងមូលប៉ងប្រាថ្នាជាយូរមកហើយ ៗ ឥឡូវនេះ យើងបានជោគជ័យ ហើយក្នុងនាមខ្ញុំបាទជាសិល្បករមួយរូប ស្ថិតនៅក្នុងសមាគមអ្នកសិល្បៈ គឺថា បានរួបរួមគ្នាដើម្បីអបអរសាទរថ្ងៃដែលតុលាការទីក្រុងឡាអេបានសម្រេចផ្ដល់នូវប្រាសាទព្រះវិហារមកឲ្យខ្មែរ ។ ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងបានផ្សព្វផ្សាយជាបច្ច័យមួយដើម្បីដាស់សតិអារម្មណ៍ដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ឲ្យងើបឡើងដើម្បីការតស៊ូទាមទារ ជាពិសេសឲ្យស្រលាញ់នូវប្រពៃណីវប្បធម៌របស់យើង ជាពិសេសថែរក្សាសម្បត្តិកេរដូនតារបស់យើង គឺប្រាសាទព្រះវិហារនេះឯង» ។
ពិធីការិនីជាអ្នកចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាម្នាក់ទៀត គឺអ្នកស្រី ម៉េង កែវពិជ្ជតា ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានរៀបរាប់ទាំងទឹកមុខញញឹមថា អ្នកស្រីចូលរួមក្នុងកម្មវីធីនេះ បានពាំនាំនូវចម្រៀងមួយបទដែលច្រៀងរៀបរាប់អំពីភាពអស្ចារ្យរបស់ប្រាសាទព្រះវិហារ ។
អ្នកស្រីចង់បង្ហាញថា ទោះជាអ្នកស្រីបានចូលរួមចំណែកតិចតួចតាមរយៈបទចម្រៀងក៏ពិតមែន តែបើប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមបន្តិចម្នាក់ៗដូចគ្នានោះ យើងពិតជារក្សាកេរដំណែលដូនតារបស់យើងបានគង់វង្សជាមិនខាន ៖ «ក្នុងនាមនាងខ្ញុំជាអ្នកសិល្បៈ ទោះបីថា មានការចូលរួមចំណែកតិចតួចក្ដីក្នុងការច្រៀង ប៉ុន្តែក៏នាងខ្ញុំមានមោទនភាពដែរ ដែលបានបង្ហាញថា យើងជាកូនខ្មែរមួយរូបដែលមានទឹកចិត្តស្រលាញ់ជាតិ ចង់លើកស្ទួយអ្វីដែលជាសម្បត្តិវប្បធម៌ដូនតាឲ្យនៅតែមានតម្លៃជារៀងរហូតក្នុងក្រសែភ្នែកអន្តរជាតិ មិនថា ចំពោះតែយើងជាខ្មែរនោះទេ ហើយនាងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ដែរ សូមឲ្យជួយគាំទ្រនូវសម្បត្តិវប្បធម៌ជាតិ» ។
មន្ត្រីនគរបាលខណ្ឌដូនពេញ លោក ឡោ រ៉ា បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានដឹកនាំកម្លាំងដើម្បីការពារពិធីនេះ ដោយលោកយល់ឃើញថា ពិធីរំឭកខួបទិវាដែលកម្ពុជាបានឈ្នះក្ដីទទួលបានប្រាសាទព្រះវិហារមកវិញ លើកទី៤៦នេះ មានការចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះវាអាចបង្ហាញឲ្យភ្ញៀវជាតិនិងអន្តរជាតិដឹងថា យើងមានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក នឹងជាតំបន់ទេសចរណ៍ដ៏ល្អមួយ នៅក្នុងខេត្តព្រះវិហារ ។
លោក ឡោ រ៉ា មានប្រសាសន៍យ៉ាងដូច្នេះ ៖ «មានប្រាសាទព្រះវិហារមានទេសចរច្រើនទៅតំបន់ហ្នឹង ធ្វើឲ្យមានការអភិវឌ្ឍនៅតំបន់ហ្នឹង និងប្រជាជនមានការងារធ្វើច្រើន ជីវភាពប្រជាជនក៏បានធូរធារដែរ» ។
ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក ដែលកំពុងនៅក្នុងកម្មវិធីនេះដែរ បានសម្ដែងការគាំទ្រយ៉ាងខ្លាំង ដោយអ្នកស្រីបញ្ជាក់ថា កម្មវិធីនេះក៏ជាសារមួយដ៏សំខាន់សម្រាប់ប្រាប់ដល់អន្តរជាតិផងដែរថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរពិតប្រាកដ ។
ខ្មែរគ្រប់រូប ជាពិសេសក្មេងៗជំនាន់ក្រោយគួរតែមានមោទនភាពព្រោះបុព្វបុរសខ្មែរយើងបានបន្សល់ទុកកេរដំណែលជាច្រើនដែលមិនអាចកាត់ថ្លៃបាន ។
អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ៖ «ខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយមានមោទនភាព មានការរីករាយសប្បាយថា ប្រទេសកម្ពុជាយើងមិនមែននៅក្រោយគេទេ យើងមានព្រះវិហារ យើងមានអង្គរវត្តរបស់យើងល្អណាស់ ដូច្នេះយើងត្រូវងាកមើលទៅអ្នកជិតខាងដោយញញឹមនិងមោទនភាពថា ប្រទេសកម្ពុជាមិនមែនអន់ទេ ។ អ៊ីចឹងការប្រារព្ធខួបថ្ងៃហ្នឹងក៏អាចចោលសារមួយ មិនមែនត្រឹមតែសម្រាប់ជាតិប៉ុណ្ណឹងទេ គឺឆាកអន្តរជាតិដែរ គឺថា អ្នកណាដែលសង្ស័យមន្ទិលអីបន្តិចបន្តួចអី ឥឡូវឈប់ទៅគឺរបស់ហ្នឹងជារបស់ខ្មែរពិតប្រាកដ ហើយមួយទៀតគឺតុលាការអន្តរជាតិរបស់ក្រុងឡាអេបានសម្រេចហើយ ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែគោរពទៅ ហើយឲ្យយល់ច្បាស់ថា នេះជារបស់ខ្មែរពិតប្រាកដ» ។
នៅក្នុងពិធីនោះដែរ ក៏មានការសម្ដែងសិល្បៈចម្រៀងនិងការស្មូតកំណាព្យបង្ហាញពីភាពអស្ចារ្យពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះ ៕
