លោក សូ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យប្រើតែមប្រិ៍ថ្មីទាំង៥សន្លឹកដែលមានរូបប្រាសាទព្រះវិហារថា រូបភាពនៅលើតែមប្រិ៍ថ្មីនេះ វានឹងបង្ហាញណែនាំអ្នកប្រើប្រាស់តែមប្រិ៍អំពីព្រឹត្តិការណ៍ជាតិនិងអន្តរជាតិទាក់ទងជាមួយប្រាង្គប្រាសាទសម្បត្តិវប្បធម៌ដែលមានអាយុរាប់សតវត្សរ៍មកហើយនៅកម្ពុជា និងជាការលើកស្ទួយនិងការពារសម្បត្តិវប្បធម៌របស់ដូនតាដែលបានបន្សល់ទុកមក ហើយតាមរយៈការប្រើប្រាស់តែមប្រិ៍ថ្មីនេះ ព្រឹត្តិការណ៍បញ្ចូលប្រាសាទព្រះវិហារនេះនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។
តែមប្រិ៍ប្រៃសណីយ៍ដែលមានរូបភាពប្រាសាទព្រះវិហារទាំង៥សន្លឹកថ្មីនេះ មានតម្លៃខុសៗគ្នាគឺមានសន្លឹកតម្លៃ ៦០០រៀល តម្លៃ ៧០០រៀល តម្លៃ ១០០០រៀល តម្លៃ ២០០០រៀល និងតម្លៃ ៣០០០រៀល។
តាមលោករដ្ឋមន្រ្តី សូ ឃុន បានឲ្យដឹងផងដែរថា តែមប្រិ៍មានរូបប្រាសាទព្រះវិហារនេះធ្លាប់ចេញផ្សាយចំនួន ៣លើកមកហើយ គឺលើកទីមួយនៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦៣ នៅក្នុងឱកាសខួបលើកទីមួយដែលតុលាការអន្តរជាតិក្រុងឡាអេបានសម្រេចថា ប្រាសាទព្រះវិហារជារបស់ខ្មែរ។ លើកទី២ គឺនៅថ្ងៃទី៧ មករា ឆ្នាំ១៩៨៦។លើកទី៣ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០២ ក្នុងឱកាសខួបលើកទី១០នៃប្រៃសណីយ៍អាស៊ាន ហើយការផ្សាយលើកនេះជាលើកទី៤ហើយ ចំពោះសន្លឹកតែមប្រិ៍ដែលមានរូបប្រាសាទព្រះវិហារនេះ។
លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានអបអរចំពោះការយកចិត្តទុកដាក់របស់ក្រសួងប្រៃសណីយ៍ក្នុងការបោះពុម្ពតែមប្រិ៍មានរូបប្រាសាទព្រះវិហារនះ។
លោក មឿង សុន ថ្លែងយ៉ាងដូច្នេះថា ៖ «មានរូបដាក់នៅលើតែមប្រិ៍ហ្នឹង ក៏វាធ្វើឲ្យចំណេញដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចផង ហើយក៏ឲ្យពិភពលោកគេដឹងអំពីប្រវត្តិនៃប្រាសាទព្រះវិហារ គឺជារបស់ខ្មែរយើង ដែលសៀមសព្វថ្ងៃកំពុងតែចោទប្រកាន់ថា តុលាការអន្តរជាតិហ្នឹងមិនយុត្តិធម៌ដល់គេទេ ដែលយកប្រាសាទរបស់គេមកឲ្យខ្មែរយើងនោះ»។
ក្រោយពេលប្រទេសកម្ពុជាបានដាក់បញ្ចូលប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចរាល់បន្តិចមក កងទ័ពថៃបានលើកមកបោះជំរំនៅតំបន់ក្បែរប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ កក្កដា ដែលបណ្តាលឲ្យមានការតបតពីកងទ័ពកម្ពុជាវិញ ហើយធ្វើឲ្យមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរនិងបានបាញ់គ្នាកាលពីថ្ងៃទី១៥ តុលា ទៀតផង។
តាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា សេវាប្រៃសណីយ៍របស់ប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយប្រទេសចំនួន ១៦០ លើពិភពលោក ហើយគិតចាប់តាំងពីឆ្នាំ១៩៨០មក ក្រសួងបានបោះផ្សាយតែមប្រិ៍ប្រៃសណីយ៍ចំនួនប្រមាណ ២០០ឈុតហើយ៕
