ស្ថានភាព​ប្រឈម​មុខ​គ្នា​រវាង​ខ្មែរ​-ថៃ​នៅ​ព្រះវិហារ​នៅ​តែ​មិន​ធូរ​ស្រាល

ស្ថានការណ៍​សឹក​នៅ​តាម​បណ្តោយ​ព្រំ​ប្រទល់​ខ្មែរ​-ថៃ​ត្រូវ​គេ​រាយការណ៍​មក​ថា មាន​លក្ខណៈ​តឹង​តែង​តាំង​ពី​ថ្ងៃ​ម្សិល​មិញ​មក ជាមួយ​នឹង​សេចក្តី​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ផ្ទុះ​អាវុធ​ថ្មី​ណា​មួយ​នឹង​កើត​ឡើង។

0:00 / 0:00

មន្ត្រី​កម្ពុជា​និង​ថៃ​ចេះ​តែ​បន្ត​ការ​ចរចា​រវាង​គ្នា​និង​គ្នា នៅ​គ្រា​ដែល​សេចក្តី​រាយការណ៍​ពី​ព្រំ​ប្រទល់​បាន​ឲ្យ​ដឹង​ជុំវិញ​ការ​កើត​ឡើង​នូវ​ព្រឹត្តិការណ៍​ប្លែកៗ​គួរ​ឲ្យ​កត់​សម្គាល់។

សេចក្តី​រាយការណ៍​ពី​ទាហាន​ខ្មែរ​ប្រចាំ​នៅ​តំបន់​វាល​ឥន្ទ្រី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ទាហាន​កុម្ម៉ង់ដូ​ថៃ​បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ម្ដង​ទៀត។

សេចក្តី​រាយការណ៍​អំពី​ការ​ប៉ុនប៉ង​ចូល​រំលោភ​សា​ជា​ថ្មី​ពី​ក្រុម​ទាហាន​ថៃ​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​រដ្ឋាភិបាល​លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន ដោយ​លោក​ថ្លែង​ដូច្នេះ​ថា ៖ «កាល​ពី​ព្រឹក​ម្សិល​មិញ​នោះ មាន​ការ​ផ្ទុះ​មីន​មួយ​បណ្ដាល​មក​ពី​ការ​មក​រំលោភ​ពី​ខាង​កង​យោធា​ថៃ ចំនួន​ពី ៦ ទៅ ៧​នាក់ នៅ​តំបន់​ចំណុច​ដដែល គឺ​ចំណុច​វាល​ឥន្រ្ទី គិត​ជា​ចម្ងាយ​ប្រហែល​ជា​បួន​ប្រាំ​រយ​ម៉ែត្រ​ចូល​មក​ក្នុង​ដី​កម្ពុជា ហើយ​ដោយសារ​ថា ថៃ​ចូល​មក​ដល់​ដី​កម្ពុជា​ហ្នឹង​បាន​ជាន់​មីន​ផ្ទុះ ប៉ុន្តែ​អ្វី​ដែល​ខូចខាត​ចំពោះ​ទាហាន​របស់​ថៃ​ដែល​យើង​មិន​បាន​ដឹង​ទេ»

សេចក្ដី​រាយការណ៍​ពី​អ្នក​នាំ​ពាក្យ​និង​ពី​ទាហាន​ខ្មែរ​ដែល​ប្រចាំការ​នៅ​ឯ​តំបន់​វាល​ឥន្ទ្រី​ក្បែរ​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ជាន់​មីន ពួក​ទាហាន​ថៃ បាន​បាញ់​កាំភ្លើង​ដៃ​ជា​ច្រើន​គ្រាប់​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្រ្តី​យោធា​ថៃ​ដែល​មាន​ឋានៈ​ជា​វរសេនីយ៍​ឯក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​កាល​ពី​ម្សិល​មិញ​ថា មិន​មាន​ព្រឹត្តិការណ៍​នោះ​បាន​កើត​ឡើង​នោះ​ទេ ៖ «មិន​មាន​ទេ តាម​ការ​ត្រួត​ពិនិត្យ​រួចរាល់​អស់​ហើយ ទាហាន​ថៃ​មិន​បាន​ចូល​ទៅ​តំបន់​វាល​ឥន្ទ្រី​ទេ ហើយ​ការ​បាញ់​កាំភ្លើង​ក៏​មិន​មាន​ដែរ គឺ​មាន​តែ​ទាហាន​ខ្មែរ​ប៉ុណ្ណោះ​ដែល​និយាយ​ចេញ​ព័ត៌មាន​បែប​នេះ»

មិន​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ប៉ះ​ទង្គិច​គ្នា ឬ​ពី​មនុស្ស​រង​គ្រោះ​ថ្នាក់​នោះ​ទេ​ក្នុង​ព្រឹត្តិការណ៍​កើត​ឡើយ​កាល​ពី​ម្សិលមិញ។

ព្រឹត្តិការណ៍​ប្រឈម​មុខ​ដោយ​យោធា​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ នៅ​តាម​ព្រំដែន ជា​ពិសេស​នៅ​ក្នុង​តំបន់​បរិវេណ​ប្រាសាទ​ព្រះវិហារ បាន​អូស​បន្លាយ​ប្រមាណ​ជាង ១០​ខែ​មក​ហើយ ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​មាន​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក។

ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​នោះ​មក ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ចំនួន​៣​ដង​មក​ហើយ។ ការ​ប្រយុទ្ធ​ទាំង​បី​លើក គឺ​បាន​ស្ថិត​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ក្បែរ​ប្រាសាទ ដែល​ធ្វើ​ឲ្យ​ទាហាន​ទាំង​សង​ខាង​បាន​ស្លាប់​និង​របួស​ជា​ច្រើន។

ការ​ប្រយុទ្ធ​ចុង​ក្រោយ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ មេសា ឆ្នាំ​២០០៩ នៅ​តំបន់​វាល​ឥន្ទ្រី ដែល​ជា​កន្លែង​មួយ​ដែល​ទាហាន​ខ្មែរ​តែង​រាយការណ៍​ថា ទាហាន​ថៃ​តែង​ធ្វើ​ការ​ទន្ទ្រាន​ចូល​ជា​ញឹក​ញាប់។

ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​៣ មេសា​នោះ​ដែរ គឺ​នៅ​ក្រោយ​ព្រឹត្តិការណ៍​នយោបាយ​មួយ ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក កាស៊ិត ភិរម្យ បាន​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ថា អ្នក​លេង។ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ មេសា បាន​ប្រតិកម្ម​ខឹង​នឹង​ការ​ប្រើ​ពាក្យ​សម្តី​ប្រមាថ​នេះ ហើយ​មាន​ប្រសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ ធ្វើការ​សុំ​ទោស​នាយក​រដ្ឋមន្ត្រី​ខ្មែរ។

នៅ​ជាមួយ​គ្នា​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ បាន​បញ្ជា​ឲ្យ​ទាហាន​ខ្មែរ​តាម​ព្រំដែន​ធ្វើការ​ត្រៀម​ការពារ​និង​វាយ​បក​ទៅ​ទាហាន​ថៃ ប្រសិន​ណា​បើ​មាន​ការ​លុកលុយ​ណា​មួយ​ពី​ទាហាន​ថៃ​មក​លើ​អធិបតេយ្យ​ជាតិ​ខ្មែរ។

នៅ​ថ្ងៃ​ទី​២ មេសា ទាហាន​ថៃ​មួយ​រូប​ឈ្មោះ Chalong Mody បាន​ដាច់​ជើង ដោយសារ​តែ​ដើរ​ជាន់​គ្រាប់​មីន​បង្កប់​នៅ​តំបន់​បរិវេណ​ប្រាសាទ​ព្រះវិហារ​ក្នុង​ទឹក​ដី​កម្ពុជា។ នៅ​ថ្ងៃ​ទី​២ មេសា ដដែល​នោះ ដែរ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក កាស៊ិត ភិរម្យ បាន​ធ្វើការ​សុំ​ទោស​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ចំពោះ​ការ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​ថា ជា​អ្នក​លេង។ ទោះ​ជា​យ៉ាង​ណា​ក្តី ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា នៅ​តែ​មិន​អាច​គេច​រួច។

នៅ​ថ្ងៃ​ទី​៣ មេសា​នោះ ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​មាន​ដល់​ទៅ ២​ដង រវាង​ទាហាន​ខ្មែរ​ថៃ ដែល​បណ្តាល​ឲ្យ​ទាហាន​ថៃ​២​នាក់​បាន​ស្លាប់។ ក្រោយ​ការ​ប៉ះ​ទង្គិច មន្ត្រី​សម្រប​សម្រួល​ខ្មែរ​-ថៃ ក៏​បាន​ជួប​គ្នា។

ការ​ជួប​ចរចា​គ្នា​កន្លង​មក​នោះ ត្រូវ​គេ​រាយការណ៍​ថា មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ទេ ខាង​ភាគី​ខ្មែរ​ស្នើ​សុំ​ឲ្យ​ទាហាន​ថៃ​ដក​កងទ័ព​ចេញ​ពី​ទី​វត្ត​កែវ​សិខាគិរីស្វរៈ​ពី​តំបន់​ជុំវិញ​វត្ត​និង​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ​ភាគី​ថៃ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ភាគី​ខ្មែរ​នោះ​ឡើយ។ នៅ​ជាមួយ​នោះ​វិញ ថៃ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ទៅ​តាម​សំនៀង​ថៃ​វិញ គឺ​ព្រះ​វិហាន ដែល​ភាគី​កម្ពុជា​មិន​ព្រម​ទទួល​យក​ឡើយ។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​១០ មេសា នាយក​រដ្ឋមន្ត្រី​ខ្មែរ​និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភិស៊ិត វេឆាឈីវ៉ាក់ ក៏​បាន​ជួប​ជជែក​គ្នា​នៅ​ប្រទេស​ថៃ។

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភិស៊ិត បាន​ថ្លែង​ក្រោយ​ការ​ជួប​និង​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្នា​កាល​ពី​ថ្ងៃ​ទី​៣ មេសា កន្លង​មក យ៉ាង​នេះ​ថា ៖ «ខ្ញុំ​និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ទូលំ​ទូលាយ ព្រម​ទាំង​បាន​យល់​ស្រប​គ្នា​ថា ព្រឹត្តិការណ៍​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​៣ កន្លង​ទៅ​នេះ ដែល​ជា​ការ​យល់​ច្រឡំ ឬ​ឧប្បត្តិហេតុ​ដែល​ធ្វើ​ឲ្យ​ការ​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដែល​យើង​នឹង​មិន​បណ្ដោយ​ឲ្យ​មក​ប៉ះ​ពាល់​ដល់​សម្ព័ន្ធភាព​និង​សហប្រតិបត្តិការ​ពហុ​វិស័យ​របស់​យើង​នោះ​ឡើយ ដែល​សហប្រតិបត្តិការ​នេះ នឹង​ត្រូវ​តែ​បន្ត​ឈាន​ទៅ​មុខ​ទៀត រួច​ហើយ​ភាគី​ទាំង​សង​ខាង​ក៏​នឹង​ប្រើ​ការ​ប្រុង​ប្រយ័ត្ន ប្រើ​មធ្យោបាយ​នៃ​ការ​ចរចា ព្រម​ទាំង​វិធី​ទំនាក់​ទំនង​គ្នា​ដោយ​ត្រង់ និង​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ទៀត»

ទោះ​ជា​យ៉ាង​ណា​ក្តី ១២​ថ្ងៃ​ក្រោយ​ការ​ជួប​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​២​មក​នេះ សេចក្តី​រាយការណ៍​ថ្មី​អំពី​ការ​ជ្រៀត​ចូល​សា​ជា​ថ្មី​របស់​ទាហាន​ថៃ ក៏​បាន​កើត​ឡើង​មក​ទៀត។

ទាហាន​ខ្មែរ​ដែល​ប្រចាំការ​កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​ទាំង​អស់​បាន​ប្រុង​ប្រយ័ត្ន​រួច​ជា​ស្រេច​ក្នុង​ស្ថានភាព​ត​ទល់​ជាមួយ​នឹង​ទាហាន​ថៃ​ដែល​បម្រុង​ចូល​ទន្ទ្រាន​ក្នុង​ទឹក​ដី​ខ្មែរ ៖ «មិន​តឹង​តែង​ទេ កំពុង​តែ​ត្រៀម​លក្ខណៈ​រៀង​ខ្លួន»

មន្ត្រី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​រដ្ឋាភិបាល​ខ្មែរ លោក ផៃ ស៊ីផាន បាន​ថ្លែង​ព្រមាន​កាល​ពី​ព្រឹក​មិញ​ថា កម្ពុជា ទោះ​មាន​ជំហរ​ទន់​ភ្លន់​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៃ​នោះ​មែន ប៉ុន្តែ​ទាហាន​ខ្មែរ​នឹង​មិន​អនុញ្ញាត​ឲ្យ​ទាហាន​បរទេស​ណា​ចូល​មក​ទន្ទ្រាន​ក្នុង​ទឹក​ដី​កម្ពុជា សូម្បី​តែ​មួយ​ចំអាម​ក៏​ដោយ៕