ក្រុមប្រជាពលរដ្ឋរស់នៅតំបន់បឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ ៣ ខណ្ឌមិត្តភាពប្រមាណ ១០០ នាក់ ជាតំណាងឲ្យពលរដ្ឋចំនួន ២០០ គ្រួសារ នៅវេលាម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ទី ១១ ខែសីហា បានឈរបិទផ្លូវជាតិលេខ៤ ត្រង់ចំណុចឃ្លាំងលើក្នុងសង្កាត់លេខ ១ ដើម្បីទាមទារឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពបណ្ដេញពួកគាត់ចេញពីលំនៅ ដែលបណ្ដាលឲ្យរថយន្តអ្នកដំណើររាប់រយគ្រឿងកកស្ទះ។
ពលរដ្ឋបានឲ្យដឹងថា គោលបំណងនៃការបិទផ្លូវ ប្រយោជន៍ចង់ឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍ និងជួយផ្ដល់ដីនៅជុំវិញតំបន់បឹងព្រែកទប់ ដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃ ទៅជាដីកម្មសិទ្ធិស្របច្បាប់ ព្រោះថាដីនេះពលរដ្ឋពួកគាត់ បានមករស់នៅតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។
សំឡេង៖ «មិនចង់ឲ្យដោះដូរទៅណាទេ ព្រោះដីនេះរស់នៅជាង ៣០ ឆ្នាំមកហើយ។ ឲ្យចេញយ៉ាងម៉េច។ ដាំដើមឈើមានផ្លែមានផ្កាអាចរស់បាន។ មានផ្ទះធំៗ អ្នកខ្លះមានដល់ផ្ទះថ្មពីរជាន់ មិនមែនរស់នៅមានលក្ខណៈអនាធិបតេយ្យនោះទេ។ ខ្ញុំតវ៉ាទាំងអស់គ្នា ដើម្បីឲ្យរាជរដ្ឋាភិបាលចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលរស់នៅកន្លែងណាឲ្យរស់នៅកន្លែងហ្នឹង។ បញ្ហារឿងដីធ្លី ខ្ញុំរស់នៅ ៣៣ ឆ្នាំហើយ។ ដល់ពេលឥឡូវហ្នឹងគាត់ចេញឲ្យខ្ញុំតែ ៤ ម៉ែត្រកន្លះ។ ខ្ញុំអត់យល់ព្រមទេ ហើយឥឡូវពួកខ្ញុំមកទាមទារសុំរស់នៅកន្លែងណានៅកន្លែងហ្នឹងវិញ»។
ទោះជាយ៉ាងណាក្ដី អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋបានសម្រេចបើកផ្លូវជាតិលេខ ៤ ឲ្យរថយន្តបើកឆ្លងកាត់ឡើងវិញ នៅម៉ោង ១១ ថ្ងៃដដែល បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋរួចមក។
លោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ករណីវិវាទកំពុងកើតមាននៅតំបន់បឹងព្រែកទប់ជាមួយប្រជាពលរដ្ឋ គឺកំពុងស្ថិតក្នុងដៃរបស់គណៈកម្មការអន្តរក្រសួង ដោយមានសមាសភាពចូលរួមពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ដែលត្រូវរកដំណោះស្រាយ។
លោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ បន្ថែមថា ៖ «កន្លងមកបញ្ហាបឹងព្រែកទប់ហ្នឹង យើងអាជ្ញាធរដែនដី យើងអត់មានសមត្ថកិច្ចកំណត់យ៉ាងម៉េចទេ។ យើងគ្រាន់តែថា ពាំនាំនូវសំណូមពររបស់គាត់រាយការណ៍ជូនទៅអន្តរក្រសួង ដើម្បីរាយការណ៍ជូនទៅរាជរដ្ឋាភិបាលទៅតាមសំណូមពររបស់ពលរដ្ឋ»។
ទោះយ៉ាងណាក្ដី ពលរដ្ឋបានឲ្យដឹងថា របាយការណ៍នៃស្មារតីអង្គប្រជុំរបស់គណៈកម្មការអន្តរក្រសួងចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១១ ដែលបានសម្រេចផ្ដល់ដីថ្នូរជូនពលរដ្ឋ ១ គ្រួសារ ស្មើនឹង៤ ម៉ែត្រកន្លះ គុណនឹង ២២ ម៉ែត្រ។ ពួកគាត់មិនអាចទទួលយកបានទេ ព្រោះបាននាំឲ្យបាត់បង់ដីធ្លីផលដំណាំ និងដីផ្ទះកំពុងរស់មានទំហំធំទូលាយ។
ទាក់ទងបញ្ហានេះដែរ លោក ប៊ុន ណ្ណាប្ញទ្ធិ មន្ត្រីសម្របសម្រួលអង្គការ លីកាដូ ប្រចាំខេត្តព្រះសីហនុ ដែលបានឃ្លាំមើលសកម្មភាពតវ៉ារបស់ពលរដ្ឋរស់នៅសង្កាត់ ៣ ខណ្ឌមិត្តភាព នៅព្រឹកថ្ងៃទី១១ ខែសីហា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែរកដំណោះស្រាយឲ្យបានសមរម្យ ជូនពលរដ្ឋ មុននឹងតម្រូវឲ្យពួកគេចាកចេញ ពីលំនៅធ្លាប់រស់នៅ ព្រោះមានពលរដ្ឋខ្លះបានមកតាំងលំនៅក្នុងមូលដ្ឋាននេះជាង ៣០ ឆ្នាំមកហើយ។
លោកប៊ុន ណ្ណាប្ញទ្ធិ បន្ថែម ៖ «គួរតែផ្ដល់លុយជាសំណងហ្នឹងឲ្យបានសមរម្យទៅដល់គាត់ទើបគាត់អស់ចិត្ត ហើយទីតាំងដែលផ្ដល់ដីហ្នឹង គឺនៅក្បែរចំណុចហ្នឹងដែរ ដែលគាត់អាចសង់ផ្ទះរកស៊ីរបរអីផ្សេង បានប្រហែលជាគាត់អាចយល់ព្រម»។
យោងតាមខ្លឹមសារអង្គប្រជុំរបស់អន្តរក្រសួង ចុះថ្ងៃទី៨ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរត្រូវការដីនៅតំបន់បឹងព្រែកទប់ ស្ថិតក្នុងសង្កាត់ ៣ ខណ្ឌមិត្តភាពចំនួន ៤៤ ហិកតារ ទុកសម្រាប់រក្សាបរិស្ថានជុំវិញបឹង និងទុកធ្វើជាផ្ទៃរងទឹកភ្លៀង សម្រាប់ផ្ដល់ទឹកផ្គត់ផ្គង់ទឹកស្អាតទូទាំងខេត្តព្រះសីហនុ។
ទោះជាយ៉ាងណាក្ដី ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា បើអាជ្ញាមិនមានដំណោះស្រាយឲ្យបានសមស្របទៅតាមការទាមទារទេ ពួកគាត់មានគម្រោងលើកគ្នាតវ៉ាទៅដល់មុខសាលាខេត្តព្រះសីហនុ និងមានគម្រោងឡើងមកសុំកិច្ចអន្តរាគមន៍ ដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាទីក្រុងភ្នំពេញទៀត ដើម្បីស្នើឲ្យប្រមុខដឹកនាំជួយរកដំណោះស្រាយ៕