ទេសចរ​រិះគន់​​​ទាហាន​ឈរ​សុំ​លុយ​ពី​ភ្ញៀវ​នៅ​ប្រាសាទ​ព្រះវិហារ

ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​នៅ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១២ នេះ មាន​ចំនួន​ជិត ១​ម៉ឺន​នាក់ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ដោយ​ពួក​គាត់​ចោទ​ថា នៅ​លើ​ប្រាសាទ​ព្រះវិហារ​នោះ​មាន​កង​ទាហាន​ខ្មែរ​ជា​ច្រើន​នាក់​ស្លៀក​ពាក់​ខោ​អាវ​យោធា​ឈរ​ចាំ​សុំ​លុយ​ពី​ភ្ញៀវ។

0:00 / 0:00

ក្រុម​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​បាន​រិះគន់​កង​យោធពលខេមរភូមិន្ទ​កម្ពុជា មួយ​ចំនួន​ដែល​បាន​នាំ​គ្នា​ឈរ​ចាំ​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ។ ពួកគាត់​ចោទ​ថា ការ​ឈរ​សុំ​លុយ​បណ្តាក់​គ្នា​របស់​កង​ទាហាន​ខ្មែរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​នេះ គឺ​កើត​មាន​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១២។

ភ្ញៀវ​ទេសចរ​ជា​ច្រើន​ពាន់​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មេសា ថា នៅ​លើ​ប្រាសាទ​ព្រះវិហារ​នោះ​មាន​កង​ទាហាន​ខ្មែរ​ជា​ច្រើន​ក្នុង​ឯកសណ្ឋាន​កង​យោធពលខេមរភូមិន្ទ បាន​ឈរ​បណ្ដាក់​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ។

ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​បន្ត​ថា ការ​ដែល​កង​ទាហាន​ខ្មែរ​នាំ​គ្នា​ទៅ​ឈរ​នៅ​តំបន់​ទេសចរណ៍​ចាំ​សុំ​លុយ​ដូច្នេះ មើល​ទៅ​ពុំ​សមរម្យ​នោះ​ទេ ព្រោះ​នៅ​តំបន់​នោះ​ជា​តំបន់​ទេសចរណ៍​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា៖ «ពួក​កងទ័ព​ខ្មែរ​យើង​ហ្នឹង​កម្សត់​ណាស់! គាត់​ដើរ​សុំ​លុយ​សុំ​អី​ពី​អ្នក​ដែល​ទៅ​ទស្សនា សុំ​លុយ មក​សុំ ១​ពាន់ សុំ ២​ពាន់ សុំ​ថ្លៃ​បន្លែ ទិញ​បន្លែ​ថ្ងៃ​នេះ ខ្លះ​ទៅ​សុំ​ទិញ​ស្រា​កន្លះ​លីត្រ​មក គាត់​ដើរ​សុំ ហើយ​គាត់​ដាក់​គ្រប់​ច្រក​ទាំង​អស់​នៅ​កន្លែង​ទស្សនា​លើ​ប្រាសាទ​ព្រះវិហារ គាត់​ដាក់​គ្រប់​កន្លែង ដាក់​រាយ​គ្នា...»

ទេសចរ​ម្នាក់​ទៀត​បាន​ថ្លែង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅ​ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០១២ នេះ ប៉ុន្តែ​នៅ​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​គាត់​ធ្លាប់​ឃើញ​តែ​ជន​ពិការ​ជើង​ដៃ ក្មេង​តូចៗ និង​ជន​ក្រីក្រ​ជា​អ្នក​នៅ​ចាំ​ឈរ​សុំ​ទាន​គេ។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១២ នេះ នៅ​លើ​ប្រាសាទ​ព្រះវិហារ បែរ​ជា​សំបូរ​ទៅ​ដោយ​កង​ទាហាន​ខ្មែរ​ជា​អ្នក​ឈរ​ចាំ​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​ទៅ​វិញ៖ «ខ្ញុំ​យល់​ឃើញ​ថា ដល់​ធ្វើ​អ៊ីចឹង ដូច​ថា អត់​មាន​អារម្មណ៍​ចង់​ដើរ​លេង​សប្បាយ​ចិត្ត​អី​ទេ ណា​មួយ​ថវិកា​យើង​វា​ខ្សត់ខ្សោយ​ផង បើ​ថា មិន​ឲ្យ​ទៅ​វា​អាណិត បើ​ថា​ឲ្យ​ទៅ​វា​ពិបាក​ក្នុង​ខ្លួន​យើង។ មាន​អារម្មណ៍​ចង់​ដើរ​ទៅ​ឲ្យ​សប្បាយ ទោះ​ចង់​អង្គុយ​ហូប​អី​ក៏​មិន​ហ៊ាន​ដែរ បើ​ឃើញ​គ្នា​ដើរ​មក បើ​យើង​មិន​ឲ្យ​ទៅ​ដូច​វា​មិន​កើត»។

លោក ស្រី ឌឹក មេបញ្ជាការ​កងពលធំ​លេខ​៣ ការពារ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ លោក​ថ្លែង​ថា អង្គភាព​កងទ័ព​ប្រចាំ​ការ​នៅ​តំបន់​នោះ ពុំ​បាន​អនុញ្ញាត​ឲ្យ​មាន​ទាហាន​នាំ​គ្នា​ទៅ​ឈរ​ចាំ​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​ទេ ប៉ុន្តែ​លោក​ថា វត្តមាន​ទាហាន​នាំ​គ្នា​ឈរ​ចាំ​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​នោះ គឺ​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

លោក ស្រី ឌឹក៖ «វា​អត់​សមរម្យ​ទេ​រឿង​អ៊ីចឹង។ យើង​ខ្ញុំ​ទាំង​អស់​មិន​បាន​ដឹកនាំ​ទៅ​ធ្វើ​អ៊ីចឹង​ទេ ប៉ុន្តែ​បុគ្គល​ទេ​ដែល​ខូច ប៉ុន្តែ​ភាគ​ច្រើន​បង​ប្អូន​មិន​អាច​ធ្វើ​អ៊ីចឹង​ទេ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​ទាំង​អស់ មិន​ដឹង​ថា អង្គភាព​ណា​ទេ ភាគ​ច្រើន​និយាយ​មាន​វិធានការ​ពង្រឹង​រឿង​ការងារ​ទាំង​អស់​ហ្នឹង​នោះ»

លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ។ ទាក់ទិន​បញ្ហា​ទាហាន​នាំ​គ្នា​ឈរ​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​នោះ លោក​ថ្លែង​ថា មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ មាន​កត់​សម្គាល់​ឃើញ​មាន​ទាហាន​ឈរ​សុំ​លុយ​ដូច្នេះ​មែន ប៉ុន្តែ​លោក​ថា កិច្ច​ការងារ​នេះ ថ្នាក់​ដឹក​នាំ​នឹង​ធ្វើការ​កែ​សម្រួល​នៅ​ពេល​ដែល​កម្ពុជា អនុវត្ត​ខ្លឹមសារ​នៃ​សេចក្ដី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ ក្នុង​ការ​ដក​កង​កម្លាំង​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក គង់ វិបុល៖ «បញ្ហា​នេះ​យើង​សង្ឃឹម​ថា ទៅ​មុខ​នឹង​មាន​ការ​កែ​សម្រួល​ឲ្យ​មាន​សណ្ដាប់ធ្នាប់​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រោះ​ឥឡូវ​នេះ​ភ្ញៀវ​គាត់​ទៅ​លេង មិន​មែន​ដូន​មុន​ទេ ភ្ញៀវ​ទៅ​លេង គឺ​ដើម្បី​កំសាន្ត​សប្បាយ ដើម្បី​ទៅ​លំហែ​កាយ ដើម្បី​ចង់​ដឹង ចង់​ស្គាល់​បេតិកភណ្ឌ​ពិភពលោក​របស់​ជាតិ​យើង វា​ខុស​ប្លែក​អំពី​ការ​ទៅ​សាកសួរ​សុខ​ទុក្ខ​កងកម្លាំង​ដូច​កាល​យើង​មាន​បញ្ហា​ប្រឈម​គ្នា​កន្លង​មក​នេះ អ៊ីចឹង​បញ្ហា​នេះ​នឹង​មាន​ការ​កែ​សម្រួល​នៅ​ពេល​ខាង​មុខ​នេះ ហើយ​ថ្នាក់ដឹក​នាំ​ក៏​បាន​គិតគូរ​ដែរ​ពី​បញ្ហា​នេះ មិន​មែន​ថា មិន​បាន​ចាប់​អារម្មណ៍​ទេ»

ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​នៅ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​២០១២នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១១ កន្លង​ទៅ។ លោក​ថា ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅ​ប្រាសាទ​ព្រះវិហារ មាន​ការ​កើន​ចំនួន ៥.៣៦៥​នាក់។ ចំណែក​ឯ​ភ្ញៀវ​អន្តរជាតិ​ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ មាន ៤៣​នាក់ ក្នុង​រយៈពេល​បី​ថ្ងៃ បើ​ប្រៀប​ធៀ​ប​ទៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ គឺ​មាន​ការ​កើន​ឡើង ៣៥​នាក់។

លោក​បន្ត​ថា នៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​កន្លែង​ទេសចរ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត នៅ​ពេល​មាន​បុណ្យ​ទាន​ដូច្នេះ មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន។ នៅ​ឆ្នាំ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង ដោយសារ​ស្ថានភាព​នៅ​តំបន់​នោះ​មាន​អំណោយ​ផល​ល្អ។ លោក​ថា ការ​ប្រឈម​បញ្ហា​នានា​ជា​មួយ​ប្រទេស​ថៃ នៅ​តំបន់​នោះ មាន​ភាព​ស្ងប់ស្ងាត់ ជា​ពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​អំណោយ​ផល​ល្អ​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ជាតិ និង​ទេសចរ​បរទេស៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។