ពលរដ្ឋ​នៅ​ព្រះវិហារ​ចោទ​អាជ្ញាធរ​ថា​ចាប់​ឧបករណ៍​រក​រ៉ែ​ជំរិត​ទារ​ប្រាក់

អាជ្ញាធរ​ខេត្ត​ព្រះវិហារ មាន​វិធានការ​តឹងតែង និង​ចុះ​ចាប់​ប្រជាពលរដ្ឋ​ដែល​រុក​រ៉ែ​នៅ​ក្បែរ​តំបន់​ការដ្ឋាន​រុក​រក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន។ ប៉ុន្តែ​ពលរដ្ឋ​បាន​អះអាង​ថា វិធាន​ការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់។

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​សមត្ថកិច្ច​ខេត្ត​ថា បាន​រឹប​អូស​យក​ឧបករណ៍​រុករក​រ៉ែ​មាស​របស់​ពួកគាត់ ដើម្បី​ជំរិត​ទារ​លុយ។

ពលរដ្ឋ​ម្នាក់ ឈ្មោះ ឌី ជឿន រស់នៅ​ភូមិ​រំដេង ឃុំ​រុំទុំ ស្រុក​រវៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មេសា ថា ក្រុម​សមត្ថកិច្ច​ដែល​មាន​ទាំង​ប៉ូលិស ប៉េអិម​ជា​ច្រើន​នាក់ បាន​ធ្វើ​សកម្មភាព​រឹបអូស​យក​ឧបករណ៍​រក​រ៉ែ​មាស និង​ម៉ាស៊ីន​បូម​ទឹក​របស់​ពួកគាត់ ដែល​ប្រកបរបរ​រក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​សរុប​ប្រមាណ ៣០​គ្រឿង​ក្នុង​ឃុំ​រុំទុំ​នេះ។ គាត់​បន្ត​ថា ក្រុម​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​បញ្ជា​ក្រុមហ៊ុន​ចិន ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ដាប់ប៊ែលយូ.ស៊ី.អេស (WCS) និង​បាន​ចោទ​ប្រកាន់​ពួកគាត់​ថា ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ សុគន្ធ ដែល​អះអាង​សមត្ថកិច្ច​បាន​រឹបអូស​ម៉ាស៊ីន​បូម​ដី​របស់​គាត់​ដែរ​ថ្លែង​ថា ពួកគាត់​រុក​រក​រ៉ែ​មាស​នេះ គឺ​មាន​ចម្ងាយ​ជាង ៣​គីឡូ​ម៉ែត្រ​ពី​ការដ្ឋាន​របស់​ក្រុមហ៊ុន​ចិន គឺ​មិន​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន​នោះ​ទេ។

ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ស្នងការ​ខេត្ត​ព្រះវិហារ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​នេះ​ចុះ​ធ្វើ​កិច្ចការ​នេះ​គឺ​យោង​ទៅ​តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ​ហៅ​កាត់​ថា WCS និង​បញ្ជា​ពី​អភិបាល​ខេត្ត។ លោក​ថា អាជីវកម្ម​មួយ​ចំនួន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ទេ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​បដិសេធ​ថា គ្មាន​មន្ត្រី​ណា​ពាក់ព័ន្ធ​និង​ការ​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ​ជា​ថ្នូរ​ទៅ​នឹង​ការ​រឹប​អូស​យក​ឧបករណ៍​នោះ​ទេ។

ប្រជាពលរដ្ឋ​បាន​រិះគន់​រដ្ឋាភិបាល​ថា បាន​សម្បទាន​តំបន់​រ៉ែ​ឲ្យ​ក្រុមហ៊ុន​ឯកជន ធ្វើ​អាជីវកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រុក​រក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​ជា​យូរ​លុង​ណាស់​មក​ហើយ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅ​តំបន់​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។