ក្រុមគ្រូបង្រៀនខ្លះនៅតាមសាលាបឋមសិក្សានានា ក្នុងខេត្តព្រះវិហារ បានត្អូញត្អែរថា មន្ទីរអប់រំ និងការិយាល័យអប់រំ បានកាត់យកប្រាក់បង្រៀនបន្ថែមម៉ោង។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់សំណើទៅក្រសួងអប់រំយុវជន និងកីឡា ឲ្យអន្តរាគមន៍ជាបន្ទាន់ទៅការិយាល័យអប់រំស្រុកនានា ក្នុងខេត្តព្រះវិហារ និងមន្ទីរអប់រំខេត្តព្រះវិហារ ដែលថាបានកាត់ប្រាក់បង្រៀនបន្ថែមថ្ងៃព្រហស្បតិ៍របស់លោកគ្រូអ្នកគ្រូចំនួន ១០ភាគរយ គឺជាអំពើពុករលួយ។ ក្នុងនោះមន្ទីរអប់រំយក ៥ភាគរយ និងការិយាល័យអប់រំយក ៥ភាគរយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃទី៥ ធ្នូ ថា ទង្វើបែបនេះជាការកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់គ្រូ គឺជាការប្រព្រឹត្តអំពើពុករលួយ ហើយក្រសួងអប់រំត្រូវមានវិធានការជាក់លាក់ចំពោះអំពើពុករលួយនេះ។
លោក រ៉ុង ឈុន៖ «ខ្ញុំគិតថា ក្រសួងមានសមត្ថកិច្ច ហើយមានសមត្ថភាពក្នុងការចាត់ការចំពោះមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយគ្រប់គ្រាន់ យើងសង្ឃឹមថា នឹងមានចំណាត់ការពីក្រសួងចំពោះអ្នកបានប្រព្រឹត្តហ្នឹង។ វាអត់មានច្បាប់ណាតម្រូវណាឲ្យទេ ពីព្រោះរឿងម៉ោងបន្ថែមហ្នឹង តែគាត់បានប៉ុន្មានប៉ុណ្ណឹងហើយ អត់មាននរណាមានសិទ្ធិប៉ះពាល់ថវិកាគាត់ទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយខុទ្ទកាល័យនៃក្រសួងអប់រំ យុវជន និងកីឡា លោក សួង សារុន បានទេ ដោយអ្នកលើកទូរស័ព្ទប្រាប់ថា គាត់មិននៅ។ ប៉ុន្តែប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លោក ហន ឆន បានបដិសេធថា មន្ទីរអប់រំ មិនបានកាត់យកប្រាក់បង្រៀនបន្ថែមថ្ងៃព្រហស្បតិ៍ របស់គ្រូបង្រៀននោះទេ មានហេតុផលសំខាន់គឺដោយសារការបំពេញបែបបទមកពីសាលារៀនមានភាពយឺតយ៉ាវ។
លោក ហន ឆន៖ «បញ្ហានេះមិនមែនយើងកេងប្រវ័ញ្ចយកទេ គឺថា យើងធ្វើឲ្យរៀងរាល់ឆ្នាំ គ្រាន់តែវាយឺតបន្តិច ប៉ុន្តែអត់ដែលបាត់ទេ។ យឺតដោយសារទី១ បែបបទធ្វើពីសាលារៀនមកវាយឺត ទី២ ជួនកាលពេលមកដល់ខេត្តអីវាខ្វះទឹកប្រាក់ ប៉ុន្តែរឿងថា បាត់អត់មានបាត់ទេ យើងបើកគ្រប់»។
យ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តព្រះវិហារ បានឲ្យដឹងដែរថា គ្រូបង្រៀននៅតាមសាលាបឋមសិក្សាស្ទើរទូទាំងខេត្តនេះ បានត្អូញត្អែរថា មន្ត្រីមន្ទីរអប់រំខេត្ត និងមន្ត្រីការិយាល័យអប់រំស្រុក បានកាត់ប្រាក់បង្រៀនបន្ថែមថ្ងៃព្រហស្បតិ៍ នេះដូចៗគ្នា។ ក្នុងមួយខែពួកគាត់អាចបង្រៀនសិស្សជាមធ្យមនៅថ្ងៃព្រហស្បតិ៍បានចំនួន ៣ដង និងមួយថ្ងៃធ្វើពលកម្ម ហើយការបង្រៀនថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបានចំនួន ១ម៉ឺនរៀល ហើយគាត់ត្រូវមន្ទីរអប់រំ និងការិយាល័យអប់រំស្រុកកាត់យក ៣ពាន់រៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
