ទោះបីជាយ៉ាងក៏ដោយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពន្យារពេលដើម្បីធ្វើការពិចារណាទៅលើគម្រោងរៀបចំប្រាសាទព្រះវិហារទៅឆ្នាំក្រោយវិញ ដែលនឹងប្រព្រឹត្តទៅនៅឯប្រទេស បារ៉េន (Bahrain)។
ទន្ទឹមពេលនេះដែរ ភាគីថៃក៏បានប្រកាសថា ខ្លួនបានឈ្នះកម្ពុជាលើកទី១ ក្នុងការប្រឆាំងមិនឲ្យគណៈកម្មការបេតិកភណ្ឌពិភពលោក ទទួលស្គាល់គម្រោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារ ដែលស្នើឡើងដោយភាគីកម្ពុជាផងដែរ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ពីប្រទេសប្រេស៊ីល នៅថ្ងៃសុក្រ ទី៣០ កក្កដា ថា កម្ពុជាបានទទួលជ័យជម្នះក្នុងការដាក់គម្រោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារ ទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសថៃ កុំឲ្យទទួលស្គាល់គម្រោងរបស់កម្ពុជាក៏ដោយ។
ការប្រកាសរបស់កម្ពុជាធ្វើឡើងស្របពេលដែលថៃបានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការជំទាស់របស់ខ្លួន ដោយសារគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចពន្យារពេលការពិនិត្យទទួលយកគម្រោងរបស់កម្ពុជាទៅឆ្នាំក្រោយ នៅឯប្រទេស បារ៉េន។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃសុក្រ ទី៣០ កក្កដានេះ លោក សុខ អាន មានប្រសាសន៍ថា ទោះបីជាគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពន្យារការពិចារណាគម្រោងគ្រប់គ្រងប្រាសាទព្រះវិហារក៏ដោយ គណៈកម្មការនេះថាទទួលយកផែនការទាំងឡាយរបស់កម្ពុជា។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចលើ ៥ចំណុច ក្នុងនោះ ៤ចំណុចដែលកម្ពុជា និងថៃចុះហត្ថលេខាទទួលស្គាល់ថាមានផលវិជ្ជមានដល់កម្ពុជា។
កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី៣០ កក្កដានេះដែរ បានផ្សាយថា រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានថៃ លោក ស៊ូវិត ឃន់គិទិ (Suwit Khunkitti) បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានអរគុណលោក និងក្រុមការងារដែលបានធ្វើការយ៉ាងលំបាក ក្នុងការការពារបូរណភាពរបស់ប្រទេសខ្លួន។
លោក សុខ អាន ក៏បានបដិសេធព័ត៌មានរបស់ភាគីថៃ ដែលថាខ្លួនបានឈ្នះកម្ពុជានោះដែរ។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅមិនទាន់បានចេញផ្សាយសេចក្ដីសម្រេចរបស់ខ្លួននៅឡើយទេ ទាក់ទងនឹងគម្រោងរៀបចំប្រាសាទព្រះវិហារ។
លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានព្រមានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ថា ប្រទេសថៃនឹងពិនិត្យសើរើសមាជិកភាពរបស់ខ្លួន ដែលអាចនឹងដកខ្លួនចេញពីអង្គការយូណេស្កូ ប្រសិនគណៈកម្មាធិការនេះសម្រេចដាក់បញ្ចូលគម្រោងគ្រប់គ្រងថែរក្សា និងអភិរក្សតំបន់ប្រាសាទព្រះវិហារទៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំនោះ៕
