ចំនួន​ភ្ញៀវ​ទេសចរណ៍​ទៅ​ប្រាសាទ​ព្រះវិហារ​ឆ្នាំ ២០១១ ថយ​ចុះ

ក្នុង​រយៈ​ពេល ៩ ខែ ឆ្នាំ ២០១១ នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ មាន​ការ​ថយ​ចុះ ប្រៀបធៀប​នឹង​រយៈ​ពេល ៩ ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ ២០១០ កន្លង​ទៅ។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ទេសចរណ៍ ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នេះ ដោយសារ​មូលហេតុ​កាល​ពី​ខែ​កុម្ភៈ​កន្លងទៅ​ មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​តំបន់​នោះ​ បណ្ដាល​ឱ្យ​អ្នក​ទេសចរណ៍​អាក់ខាន​ទៅ​ទស្សនា​មួយ​រយៈ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​ បាន​អះអាង​ថា គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​បាន​ជះ​ឥទ្ធិពល​មួយ​ផ្នែក​ធំ​ថែម​ទៀត ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរ​កម្សាន្ត​របស់​អ្នក​ទេសចរណ៍​នៅ​កាន់​រមណីយដ្ឋាន​នានា​របស់​ខេត្ត​នេះ។

នៅ​ក្នុង​អំឡុង​រដូវ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន​ប្រមាណ​ជាង ៦០០ នាក់។

លោក គង់ វិបុល ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​២ ខែ​តុលា​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ឡើង​ភ្នំ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ​ពេល ៩ ខែ ឆ្នាំ ២០១១ នេះ បាន​ថយ​ចុះ​ប្រមាណ ២៦%។

លោក គង់ វិបុល៖ «នៅ​ច្រក​ប្រាសាទ​ព្រះវិហារ​ហ្នឹង យើង​ដឹង​ហើយ​គឺ​ឆ្នាំ​នេះ​ យើង​ឃើញ​ថា មាន​បញ្ហា​កើត​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ អីចឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ហ្នឹង​វា​ទាញ​តួ​លេខ​ធ្លាក់​ចុះ​ពី ២០១០ ព្រោះ ២០១០ គឺ ៩ ខែ​ដូច​គ្នា។ ប៉ុន្តែ វា​អត់​មាន​បញ្ហា​អី​ទេ។ ពី​ខែ​មករា​ដល់​ខែ​កញ្ញា​ហ្នឹង គឺ​ភ្ញៀវ​មាន​លក្ខណៈ​ថេរ​ឡើង»។

តួលេខ​អ្នក​ទេសចរណ៍ ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ ២០១១ គឺ​ភ្ញៀវ​ជាតិ មាន​ចំនួន​ប្រមាណ​ជិត ៤ ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ២.០០០នាក់​។

កាល​ពី​ឆ្នាំ ២០១០ កន្លង​ទៅ ក្នុង​រយៈ​ពេល ៩ ខែ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​ជាង ៥៣.៨០០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ជាង ១.០០០ នាក់ បាន​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា ថ្វី​បើ​តួ​លេខ​អ្នក​ទេសចរណ៍​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​ថយ​ចុះ។ ក៏​ប៉ុន្តែ បើ​បូក​សរុប​ទាំង​ចំនួន​អ្នក​ទេសចរណ៍ ដែល​ទៅ​ទស្សនា​ទី​រួម​ខេត្ត​ព្រះវិហារ​ផង ក្នុង​រយៈ​ពេល ៩ ខែ ឆ្នាំ ២០១១ គឺ​មាន​ការ​កើន​ឡើង ០.២១% ជាង​រយៈ​ពេល ៩ ខែ​កាលពីឆ្នាំ​មុន។

មន្ត្រី​ប៉ូលិស​បេតិកភណ្ឌ ដែល​កំពុង​ប្រចាំ​ការពារ​ប្រាសាទ​ព្រះវិហារ​មួយ​រូប មាន​ប្រ​សាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ បាន​ថយ​ចុះ កាល​ពី​រដូវ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ថ្មីៗ និង​នៅ​គ្រា​ដែល​ខេត្ត​ជា​ច្រើន​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​ទឹក​ជំនន់។

សំឡេង៖ «បរទេស​មាន​មក​ខ្លះៗ ដែរ។ ប៉ុន្តែ វា​ភាគ​តិច ហើយ​ខ្មែរ​យើង​មាន​តែ​អ្នក​ស្រុក​នៅ​ជិតៗ និង​ជុំវិញ​ប្រាសាទ​ហ្នឹង ដូចជា​នៅ​ត្រពាំង​ប្រាសាទ ស្រអែម​អី មិន​សូវ​មាន​អ្នក​ចម្ងាយ​ទេ។ មាន​តិចតួច​ណាស់​អ្នក​ចម្ងាយ។ ថយ​ចុះ​ជាង​មុន​ឆ្ងាយ​ជាង​មុន»។

គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​កាល​ពី​ពេល​ថ្មីៗ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​អ្នក​ទេសចរណ៍​មិន​បាន​ឡើង​ភ្នំ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​របស់​ខេត្ត​ព្រះវិហារ​ចំនួន ៣ ផ្សេងៗ ទៀត គឺ​នៅ​ប្រាសាទ​កោះកែរ​ប្រាសាទ​ព្រះ​ខ័ន និង​តំបន់​ទឹក​ធ្លាក់​ក្នុង​ស្រុក​ឆែប ក៏​មិន​មាន​ភ្ញៀវ​ទេសចរណ៍​ដែរ ដោយសារ​ទឹក​ជំនន់​បាន​ផ្ដាច់​ផ្លូវ​របស់​អ្នក​ទេសចរណ៍​ជា​ច្រើន​កន្លែង៕