សេចក្ដីប្រកាសរបស់សហភាពសហជីពកម្ពុជា ចុះថ្ងៃទី៩ ខែកក្កដា ទើបចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដានេះ បានអំពាវនាវដល់មន្ត្រីរាជការ និងពលរដ្ឋ ចូលរួមឲ្យបានច្រើន នៅក្នុងពិធីគម្រប់ខួបពីរឆ្នាំ ថ្ងៃទី១៥ ខែកក្កដា ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ ដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ។
លិខិតអំពាវនាវចុះហត្ថលេខារួម ដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា បានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថៃ ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីកម្ពុជា និងត្រូវគោរពកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងអំណាចសាលក្រមស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ឆ្នាំ១៩៦២។
បន្ថែមលើលិខិត លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ជំរុញឲ្យធ្វើយ៉ាងណា អាជ្ញាធរសៀមត្រូវតែគោរពទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧។ អនុសញ្ញាស្ដីពីការការពារវប្បធម៌ ក្នុងករណីមានជម្លោះប្រដាប់អាវុធ។ អំណាចសាលក្រមស្ថាពរតុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២»។
ពិធីរំលឹកថ្ងៃចងកំហឹងស្នេហាជាតិ ដែលសហភាពសហជីពកម្ពុជា គ្រោងប្រារព្ធឡើង នៅថ្ងៃទី១៥ ខែកក្កដាទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលជាច្រើននៅកម្ពុជា ដោយពួកគេចាត់ទុកថា ពិធីនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋកម្ពុជា និងជាសារមួយបញ្ជាក់ទៅរដ្ឋាភិបាលថៃថា ពលរដ្ឋកម្ពុជា មិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលថៃ ចូលមកឈ្លានពានទឹកដីកម្ពុជានោះទេ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលមិនជំទាស់គម្រោងជួបជុំរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ ព្រោះមិនថាតែមន្ត្រីរាជការ មន្ត្រីសង្គមស៊ីវិល ឬពលរដ្ឋនោះទេ គឺមានសិទ្ធិថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួន ប៉ុន្តែស្នើឲ្យមានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមិនត្រូវធ្វើឲ្យខាតប្រយោជន៍ជាតិនោះទេ។
លោក ផៃ ស៊ីផាន ៖ «យុទ្ធសាស្ត្ររបស់យើង សម្ដេចតេជោ ហ៊ុន សែន លោករក្សាតំបន់ដែលមានការឈ្លានពានហ្នឹង ឲ្យទៅជាតំបន់សុខសាន្តដដែល រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ បញ្ចៀសរាល់អំពើហិង្សា អាចក្លាយទៅជាការធ្វើសង្គ្រាមរវាងកម្ពុជា-ថៃ»។
មន្ត្រីសាលារាជធានីភ្នំពេញ មិនបញ្ចេញឈ្មោះ និងសំឡេងឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដានេះ សាលារាជធានីនឹងកោះហៅលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ទៅសួរនាំជុំវិញការដាក់លិខិតជូនដំណឹង ចុះថ្ងៃទី៦ ខែកក្កដា ស្ដីពីគម្រោងជួបជុំ នៅថ្ងៃទី១៥ ខែកក្កដាខាងមុខ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា សាលាក្រុងនឹងអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិលរៀបចំពិធីទៅតាមការគ្រោងទុក ឬយ៉ាងណានៅឡើយទេ។
អង្គការសហប្រជាជាតិទទួលបន្ទុកការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ ហៅកាត់ UNESCO បានដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិក ប្រទេសកាណាដា។
ប៉ុន្តែ១សប្ដាហ៍ក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រដ្ឋាភិបាលថៃ បានបញ្ជូនកងទ័ពទៅតំបន់ព្រំដែនជិតប្រាសាទព្រះវិហារ ក្នុងទឹកដីខ្មែរ រហូតមកដល់សព្វថ្ងៃ មិនទាន់ដកថយនៅឡើយ៕
យើងខ្ញុំមានដាក់ CAPTCHA នៅកន្លែងបញ្ចេញមតិ ខាងក្រោមអត្ថបទ នៃគេហទំព័រវិទ្យុអាស៊ីសេរី គឺក្នុងគោលបំណងរក្សាសុវត្ថិភាព កាត់បន្ថយសារមិនបានការ (spam) និងមិនទទួលខុសត្រូវចំពោះរាល់មតិយោបល់តែប៉ុណ្ណោះ។ ការដាក់ CAPTCHA នេះ ក៏ពុំបានជំរុញឲ្យមានការលាតត្រដាងអត្តសញ្ញាណអ្នកបញ្ចេញមតិដែរ៕
