លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី២៩ ខែកក្កដានេះថា ភាគីថៃដែលចេះតែលើកយកបញ្ហាប្រាសាទព្រះវិហារ គឺជាដើមហេតុបង្ហាញឲ្យឃើញពីភាពល្ងង់ខ្លៅ ការប៉ុនប៉ងបញ្ឆេះសង្គ្រាមជាមួយកម្ពុជា។ លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ បន្ទាប់ពីមានព័ត៌មានមកថា រដ្ឋាភិបាលថៃ គ្រោងប្រើកម្លាំងទ័ពដើម្បីទន្ទ្រានយកដី ៤,៦គីឡូម៉ែត្រក្រឡា នៅតំបន់ជុំវិញប្រាសាទព្រះវិហាររួចមក។
លោកបន្តថា ប្រាសាទព្រះវិហារត្រូវបានតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានប្រកាសសាលក្រមឲ្យកម្ពុជាជាអ្នកឈ្នះក្ដី តាំងពីឆ្នាំ១៩៦២ មកម្ល៉េះ។ លោកផៃ ស៊ីផាន មានប្រសាសន៍ ៖ «គួរឲ្យសោកស្ដាយ ប្រជាជាតិមួយ ដែលមានអរិយធម៌ថ្លៃថ្នូរ មកប្រកាសសង្គ្រាម ប្រើកម្លាំងបាយ។ បង្ហាញឲ្យឃើញពីភាពអត់ខ្សោយ និងស៊ីវិល័យ»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា កើតឡើងនៅគ្រាដែលលោក ផាននីខាន វាតានាយ៉ាកន មន្ត្រីនាំពាក្យរងរដ្ឋាភិបាលថៃ បាននិយាយតាមទូរទស្សន៍ប៉ុស្តិ៍ថៃ លេខ៣ កាលពីថ្ងៃទី២៩ ខែកក្កដាថា រដ្ឋាភិបាលថៃ នឹងប្រើកងទ័ពទន្ទ្រានយកដី ៤,៦គីឡូម៉ែត្រក្រឡា នៅក្បែរប្រាសាទព្រះវិហារ។
កងទ័ពថៃ និងកម្ពុជាបានពើបប្រយុទ្ធគ្នា ជាច្រើនដងកន្លងមក ដោយសារជម្លោះព្រំដែននេះ ដែលបណ្ដាលឲ្យភាគីទាំងសងខាងស្លាប់ និងរបួសរៀងៗខ្លួន ចាប់តាំងពីភាគីថៃបញ្ជូនកងទ័ពចូលលុកលុយតំបន់មួយចំនួន នៅក្បែរប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ រួចមក។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀន បានចាត់ទុកមហិច្ឆតាបង្កសង្គ្រាមទៅលើប្រាសាទព្រះវិហារថា បានធ្វើឡើងដោយងងឹតងងល់ និងមិនដឹងពីច្បាប់ទម្លាប់។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ការគំរាមពីសំណាក់អាជ្ញាធរសៀម មកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាយើង ជាពិសេសតំបន់ប្រាសាទព្រះវិហារ វាជារឿងរំលោភច្បាប់អន្តរជាតិ។ ពីព្រោះសាលក្រមតុលាការអន្តរជាតិទីក្រុងឡាអេ នៅតែជាធរមាននៅឡើយ។ ហើយយើងក៏បានឮជំហររដ្ឋាភិបាលអាមេរិក ដែលបានធ្វើខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៅតែគាំទ្រទៅលើអំណាចសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការបំភ្លឺពីតំណាងស្ថានទូតថៃ ប្រចាំទីក្រុងភ្នំពេញបានទេនៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ៕
