នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានទទួលស្គាល់ថា បើទោះជាគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចអនុម័តនូវផែនការរបស់កម្ពុជាស្ដីពីការគ្រប់គ្រង និងអភិរក្សតំបន់ និងប្រាសាទព្រះវិហារនោះក៏ដោយ វានឹងមិនប៉ះពាល់លើដីជម្លោះទំហំជាង ៤គីឡូម៉ែត្រនៅតំបន់ប្រាសាទព្រះវិហារឡើយ។
ប្រទេសថៃបានបញ្ជាក់ជំហរថា ថៃនឹងមិនសហការជាមួយអង្គការយូណេស្កូជាដាច់ខាត ហើយទន្ទឹមនេះដែរ ថៃក៏បានទទូចសុំឲ្យអង្គការយូណេស្កូ ប្រឹងប្រែងជំរុញឲ្យមានសន្តិភាព ចៀសវាងឲ្យមានជម្លោះរវាងថៃ និងកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាអត់មានយោបល់អ្វីទេក្នុងរឿងជំហររបស់ថៃ ពីព្រោះនេះជាសិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលថៃ។
លោក កុយ គួង បានបញ្ជាក់ថា ៖ «ការគំរាមដើរចេញពីកិច្ចប្រជុំ និងការដកខ្លួនចេញពីសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ របស់ថៃនេះ គឺថា យើងអត់មានប្រតិកម្មអ្វីទេ គឺជាសិទ្ធិរបស់ខាងរដ្ឋាភិបាលថៃខ្លួនឯង។ ...ចេញក៏ចេញទៅ នៅក៏នៅទៅ យើងអត់មានខ្វល់ខ្វាយអីទេ! ពីព្រោះកន្លងមកដូចខាងរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ច្បាស់ហើយថា ផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារនេះ គឺមិនមានប៉ះពាល់អ្វីទៅលើបូរណភាពទឹកដី សូម្បីតែបន្តិចណាមួយរបស់ថៃទេ! អត់មានទេ! គឺយើងធ្វើតែក្នុងដែនដីបូរណភាពរបស់កម្ពុជាយើង ១០០% អត់ឲ្យប៉ះទៅលើអ្នកណាទេ...»។
លោកបានបន្តថា ៖ «...ចំពោះបញ្ហាស្ថានភាពកងទ័ព មកដល់ពេលនេះគឺមិនទាន់ឃើញមានសភាពយ៉ាងណាទេ គឺសភាពហាក់ដូចជានៅស្ងប់ស្ងាត់ទេ។ ចំពោះការចល័តកងទ័ពណាមួយរបស់ភាគីថៃ អាហ្នឹងឲ្យតែធ្វើនៅលើទឹកដីថៃ កម្ពុជាយើងមិនមានប្រតិកម្មអ្វីទេ កុំឲ្យតែធ្វើមកចូលក្នុងដែនបូរណភាពទឹកដីកម្ពុជា។ កងទ័ពយើងនៅទីនោះក៏បានត្រៀមខ្លួនជាស្រេច ចំពោះទង្វើបែបណាមួយរបស់ថៃ ដែលចូលមកឈ្លានពានកម្ពុជានោះ គឺកងទ័ពយើងបានត្រៀមរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជានឹងប្រើសិទ្ធិការពារខ្លួនឯងផងដែរ»។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលកំពុងប្រជុំនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល អាចនឹងអនុម័តលើគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ និងប្រាសាទព្រះវិហារនៅថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា ដែលត្រូវនឹងរាត្រីថ្ងៃព្រហស្បតិ៍ ម៉ោងនៅប្រទេសកម្ពុជា ទោះបីជាមានការរារាំងពីសំណាក់ប្រទេសថៃយ៉ាងណាក្ដី៕
