មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ នៅថ្ងៃទី២៩ ឧសភា ថា កម្ពុជាមិនជួបពិភាក្សាគ្នាអំពីបញ្ហាតំបន់ប្រាសាទព្រះវិហារ ដោយភ្ជាប់នឹងបញ្ហាតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ក្បែរប្រាសាទព្រះវិហារ ដែលថៃអះអាងថាជាតំបន់ជម្លោះនោះទេ។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារ កម្ពុជាបានយករឿងនេះដាក់ជួនតុលាការអន្តរជាតិទីក្រុងឡាអេរួចរាល់ហើយ គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅដល់ប្រទេសស្វីសហើយដែរ ដូច្នេះទោះបីជាថៃទាមទារយ៉ាងណាក៏ដោយ វាអាស្រ័យលើតុលាការអន្តរជាតិជាអ្នកសម្រេច។
ការបញ្ចេញប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរដូច្នេះ នៅបន្ទាប់ពីរដ្ឋមន្ត្រីធនធានទឹក និងបរិស្ថានរបស់ថៃ លោក សូវិត ឃុនគិទិ (Suwit Khunkitti) ត្រូវបានកាសែតបាងកកប៉ុស្តិ៍ថៃស្រង់សំដីលោកនៅថ្ងៃទី២៩ ឧសភា នៅខណៈដែលលោកបានវិលត្រលប់ពីទីក្រុងប៉ារីស ប្រទេសបារាំងថា កម្ពុជា និងថៃ នឹងត្រូវជួបពិភាក្សាជាច្រើនលើកទៀត លើផែនការគ្រប់គ្រងតំបន់ព្រះវិហារ គឺតំបន់ ៤,៦គីឡូម៉ែត្រក្រឡា នៅតំបន់ក្បែរប្រាសាទព្រះវិហារ។
លោក សូវិត ឃុនគិទិ បានបញ្ជាក់ទៀតថា ទោះបីជាលោក សុខ អាន បានព្យាយាមលើកពីផែនការគ្រប់គ្រង និងផែនការអភិរក្សប្រាសាទព្រះវិហារនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ឧសភា នៅទីស្នាក់ការយូណេស្កូ នៅទីក្រុងប៉ារីសយ៉ាងណាក្ដី ប៉ុន្តែលោកជឿជាក់ថា អង្គការយូណេស្កូ នឹងឈប់ពិចារណាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៥ ដែលគេគ្រោងធ្វើឡើងនៅស្នាក់ការយូនីស្កូ នៅទីក្រុងប៉ារីស ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ មិថុនា ខាងមុខ លុះត្រាណាប្រទេសទាំងពីរបានបោះបង្គោលខណ្ឌសីមារួចរាល់សិន។
ទាក់ទងទៅនឹងករណីនេះ លោក ផៃ ស៊ីផាន បានពន្យល់ថា កិច្ចប្រជុំនៅអង្គការយូណេស្កូលើកទី៣៥ ខាងមុខ គឺជារឿងវប្បធម៌សុទ្ធសាធ។
ទោះជាយ៉ាងណាក៏ដោយ អគ្គនាយកអង្គការយូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកស្រីមិនចង់ឃើញជម្លោះខ្មែរ-ថៃ រីករាលដាលកាន់តែធំទេ។ លោកស្រីបានសម្ដែងការសោកស្ដាយដែលប្រតិភូកម្ពុជា-ថៃ បានបរាជ័យនៅក្នុងការស្វែងរកកិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារ។
បញ្ហាដែលមិនឈានទៅរកកិច្ចព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសនោះ ដោយសារតែភាគីថៃទប់ស្កាត់មិនឲ្យបញ្ជូនអ្នកជំនាញការមកសិក្សាពីការខូចខាតប្រាសាទព្រះវិហារ ថៃចង់ផ្អាកគម្រោងអភិវឌ្ឍន៍ និងគ្រប់គ្រងប្រាសាទព្រះវិហារដែលសម្រេចក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោករបស់យូនីស្កូកាលពីខែមិថុនា ឆ្នាំ២០០៩ នៅប្រទេសប្រេស៊ីល និងថៃចង់ឲ្យមានការចរចាទ្វេភាគីដោយមិនឲ្យមានវត្តមានរបស់យូនីស្កូ ហើយការស្នើឡើងនេះត្រូវបានកម្ពុជា និងយូណេស្កូបដិសេធ៕