វិភាគ​លើ​លទ្ធផល​នៃ​ជំនួប​មេ​ដឹក​នាំ​ខ្មែរ-​ថៃ​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន

អ្នក​វិភាគ​ស្ថានភាព​នយោបាយ​ទំនាក់​ទំនង​ខ្មែរ-​ថៃ កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ជំនួប​ទ្វេ​ភាគី​រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ ដែល​គេ​គ្រោង​នឹង​ជួប​នៅ​ក្នុង​ឱកាស​កិច្ច​ប្រជុំ​មេ​ដឹក​នាំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​ស្ដី​ពី​ស្ថានភាព​ទំនាក់​ទំនង​កម្ពុជា-​ថៃ បាន​បង្ហាញ​ថា ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ចំណង​ការទូត​ជាមួយ​គ្នា​ឡើង​វិញ​នោះ ការ​ដោះ​ស្រាយ​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទ្រឹង ដោយ​ពុំ​ទាន់​មាន​សភាពការណ៍​ណា​មួយ​ដែល​គេ​មើល​ឃើញ​ថា មាន​ការវិវឌ្ឍន៍​ទៅ​មុខ​នោះ​ឡើយ រហូត​មក​ដល់​ពេល​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​តាម​ដាន​ស្ថានការណ៍​ជម្លោះ​កម្ពុជា-​ថៃ មិន​រំពឹង​ថា ជំនួប​មេ​ដឹក​នាំ​ខ្មែរ លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅ​សហរដ្ឋ​អាមេរិក នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នោះ​ឡើយ។

លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ ហើយ​តែងតែ​ធ្វើការ​តាម​ដាន​យ៉ាង​ដិតដល់​លើ​បញ្ហា​ខ្មែរ-​ថៃ បាន​មាន​ប្រសាសន៍​ពន្យល់​ថា តាម​ការ​សិក្សា​របស់​លោក ការ​ជួប​គ្នា​រវាង ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយករដ្ឋមន្រ្តី​ថៃ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គឺ​ពុំ​អាច​ឲ្យ​សង្ឃឹម​បាន​ថា នឹង​មាន​លទ្ធផល​ល្អ​ជា​ដុំ​កំភួន​នោះ​ទេ។

លោក​បណ្ឌិត​បន្ត​ថា ពីព្រោះ​លោក អាភីស៊ិត ពុំ​មែន​ជា​កូន​សោ​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ខ្មែរ​ថៃ​នោះ​ឡើយ ៖ «នយោបាយ​នេះ​ខ្ញុំ​ជឿ​ជាក់​ថា ការចរចា​ថ្នាក់​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋ​មាន​ភាព​លំបាក។ នៅ​ពេល​ណា​ដែល​មួយ​ដើរ​ចេញ​ធ្វើ​ជា​តួ​ចរចា ប៉ុន្តែ​ពន្លិច​តួ​មួយ​ទៀត​ដើម្បី​ធ្វើ​នយោបាយ​អមិត្ត​ក្នុង​ប្រទេស​ទាំង​ពីរ ឃើញ​ថា​មាន​ភាព​លំបាក វា​ទាល់​តែ​តួអង្គ​ថ្មី​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ថៃ​ហ្នឹង ថា​ជា​តួអង្គ​មួយ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​រយៈពេល ៥​ឆ្នាំ ឬ ៤​ឆ្នាំ​ក្នុង​អាណត្តិ​របស់​ប្រទេស​ថៃ​ហ្នឹង​តែម្ដង ហើយ​បើ​សិន​ជា​តួអង្គ អាភីស៊ិត កំពុង​តែ​ធ្លាក់​ប្រជាប្រិយភាព វា​គ្រាន់​តែ​ជា​ជំនួប​មួយ​ដើម្បី​បង្ហាញ​ពិភពលោក​ថា ប្រទេស​ទាំង​ពីរ​ចង់​រក​ដំណោះស្រាយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​កំពុង​តែ​កេង​យក​ផល​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន ពិសេស​ខាង​ភាគី​ថៃ»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ក៏​ពុំ​មាន​ជំនឿ​ថា កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​ខ្មែរ-​ ថៃ ដែល​គេ​គ្រោង​ជួប​គ្នា​នៅ​សហរដ្ឋ​អាមេរិក​នោះ នឹង​មិន​មាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​ឈ្លាន​ពាន​ចូល​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ពី​សំណាក់​ភាគី​ប្រទេស​ថៃ ដែល​គួរ​ឲ្យ​សាធារណជន​រំពឹង​ទុក​នោះ​ដែរ។

ប៉ុន្តែ​លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ជំនួប​រវាង​មេ​ដឹក​នាំ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក អាភីស៊ិត បាន​ស្នើ​ឡើង​ដោយ​ភាគី​ថៃ ហើយ​កន្លង​មក​ថ្មីៗ​នេះ គេ​ឃើញ​ថា ថៃ​បាន​បន្ទន់​ឥរិយាបថ​ច្រើន នេះ​ជា​ហេតុផល​មួយ​បញ្ជាក់​ថា ជំនួប​នេះ​នឹង​មាន​ពន្លឺ​ជា​វិជ្ជមាន​ល្អ​ទៅ​មុខ​ជា​មិន​ខាន​ឡើយ។

លោក សុន ឆ័យ នៅ​តែ​ប្រកាន់​ជំហរ​ថា ដំណោះស្រាយ​ដែល​ប្រសើរ ហើយ​ចំណេញ​ពេល​វេលា និង​ថវិកា​នោះ គឺ​ការ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​គេ​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រក​យុត្តិធម៌​ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នេះ។

លោក​បណ្ឌិត សុក ទូច បាន​ពន្យល់​ដែរ​ថា ការ​ដោះស្រាយ​ជម្លោះ​ខ្មែរ-​ថៃ ទាំង​ឡាយ​ណា​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះ​ត្រា​តែ​ស្ថានភាព​នៅ​ប្រទេស​ថៃ មាន​ភាព​ប្រាកដ​ប្រជា​ខាង​នយោបាយ​ផ្ទៃ​ក្នុង​ជា​មុន​សិន។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​២០ ខែ​កញ្ញា បាន​ច្រាន​ចោល​យុទ្ធនាការ​ដែល​ហៅ​ថា ការ​បំពុល​បរិយាកាស ដើម្បី​ទម្លាក់​កំហុស​មក​កម្ពុជា និង​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ថៃ ហើយ​យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​កាសែត ឌឹ ណេសិន (The Nation) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០ ដែល​មាន​ចំណង​ជើង​ថា សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង ដោយសារ​ពាក្យ​ចចាមអារ៉ាម​អំពី​ផែនការ​លួច​ធ្វើ​ឃាត​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់។

កាសែត​ដដែល​នេះ​បាន​សរសេរ​ថា លោក សាន់ថន ឆៃយ៉ាណន់ (Santhan Chayanont) ធ្លាប់​បាន​អះអាង​ថា មាន​ក្រុម​បុរស​ឈុត​ខ្មៅ​ធ្លាប់​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​កម្ពុជា សម្រាប់​ប្រយុទ្ធ កំពុង​ឃ្លាំ​មើល​ផ្ទះ​របស់​លោក អាភីស៊ិត វេតឆាឈីវ៉ាក់។

តែ​ទោះ​យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​​ថា ការ​ចោទ​ប្រកាន់​របស់​ថៃ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​ទេ។

នៅ​ក្នុង​សុន្ទរកថា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ស្ពាន​ព្រែកព្នៅ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា បាន​រក្សា​ការ​ស្ងៀមស្ងាត់ ដោយ​ពុំ​បាន​អត្ថាធិប្បាយ​ចំ​អំពី​​ការ​ចោទ​ប្រកាន់​របស់​ថៃ​ខាង​លើ​នេះ​ទេ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចូល​រួម​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ហើយ​លោក​ក៏​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ ដើម្បី​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ទ្វេ​ភាគី។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​កញ្ញា លោក កុយ គួង មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ ៖ «ដូច​បាន​បញ្ជាក់​អ៊ីចឹង គឺ​លោក (ហ៊ុន សែន) នឹង​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​ភាគី​ថៃ ប៉ុន្តែ​ប្រធាន​បទ​លម្អិត​នោះ​ខ្ញុំ​អត់​បាន​ទទួល​ទេ...»

នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​កញ្ញា វ៉ឹបសៃថ៍ ឬ​គេហទំព័រ​របស់​រដ្ឋាភិបាល​ថៃ ឈ្មោះ www.thaigov.go.th បាន​ផ្សព្វផ្សាយ​ កម្មវិធី​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ ក្នុង​អំឡុង​កិច្ចប្រជុំ​មេ​ដឹក​នាំ​អាស៊ាន​និង​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ខាង​មុខ​នេះ ដែល​ចេញ​ដោយ​ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ ផ្នែក​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ថៃ នឹង​មាន​ឱកាស​ជួប​ជាមួយ​ស្ថាប័ន​អ្នក​វិនិយោគ​នៅ​សហរដ្ឋ​អាមេរិក នៅ​ឯ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក និង​អាស៊ាន។

ក្រៅ​ពី​នេះ នឹង​មាន​វគ្គ​សំណួរ​ចម្លើយ ដែល​នាយករដ្ឋមន្ត្រី​ថៃ នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​សួរ​ដេញ​ដោល​លើ​បញ្ហា​ជា​ច្រើន ក្នុង​នោះ​មាន​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដែន​ដី​ជាមួយ​កម្ពុជា​ផង​ដែរ។ ប៉ុន្តែ​ក្នុង​នោះ ពុំ​មាន​បង្ហាញ​ពី​កម្មវិធី​ណា​មួយ​ក្នុង​ការ​ណាត់​ជួប​ពិភាក្សា​ជាមួយ លោក ហ៊ុន សែន​ទេ៕