លោក រស់ យ៉ន អាយុ៣០ឆ្នាំ នៅក្នុងភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាស្វាមីរបស់ស្រ្តីដែលបានស្លាប់បាត់បង់ជីវិតនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសៅរ៍ ទី៣១ ខែតុលានេះ ថា ក្រុមគ្រូពេទ្យត្រូវការប្រាក់ចំនួន២២៥.០០០រៀលសម្រាប់វះកាត់ ប៉ុន្តែគេត្រូវការឲ្យលោករកប្រាក់ចំនួនជាង២០ម៉ឺនរៀលទៀតសម្រាប់ទិញឈាមនៅមុនពេលវះកាត់។
លោក រស់ យ៉ន បានបញ្ជាក់ថា ៖ «ខ្ញុំមានលុយ២២៥.០០០ហ្នឹង យើងបង់ហើយ ក៏ប៉ុន្តែក្រោយមកគេមើលឈាម ឈាមយើងមានតែ៦ ដល់អ៊ីចឹងយើងត្រូវការឈាម វាអត់មានឈាម»។
សុខ សេរី ៖ អ៊ីចឹងត្រូវទិញឈាមគេ? រស់ យ៉ន ៖ អត់មានលទ្ធភាពទេ។ សុខ សេរី ៖ ឈាមគេលក់មួយកំប្លោកប៉ុន្មាន? រស់ យ៉ន ៖ ២០ម៉ឺន(រៀល)... ហើយលុយមានតែ២០ម៉ឺនហ្នឹង នៅសល់តែ២០ម៉ឺនហ្នឹង ទៅហ្នឹង បើទិញឈាមមួយកំប្លោកហ្នឹងដាច់តែម្ដង អស់រលីងពីខ្លួនតែម្ដង។
សុខ សេរី ៖ ដល់ពេលអត់មានលុយឲ្យគេ គេធ្វើយ៉ាងម៉េចទៅ? រស់ យ៉ន ៖ គេបញ្ជូនយើងទៅភ្នំពេញ ហើយទៅភ្នំពេញខ្ញុំមានលទ្ធភាពអីនឹងទៅ បើគ្រាន់តែសោហ៊ុយឡាន២០ម៉ឺនដែរហ្នឹង។
លោកស្រី អ៊ិច អិល អាយុ៥២ឆ្នាំ ជាម្តាយមីងរបស់ស្រ្តីរងគ្រោះនោះ បានថែ្លងថា ក្រុមគ្រូពេទ្យមិនសូវជាអើពើជាមួយលោកស្រីទេ។
លោកស្រី អ៊ិច អិល បានឲ្យដឹងថា ៖ «ពេទ្យហ្នឹងអត់យកចិត្តទុកដាក់ជាមួយខ្ញុំទេ គេធ្វើរាងព្រងើយកន្តើយជាមួយខ្ញុំ ដល់ខ្ញុំយំ វាឲ្យ៨ម៉ឺនមកវិញ។ ខ្ញុំឈឺចាប់អត់បាត់ទេ ខឹងណាស់ ខ្ញុំប្រាប់កូនថា បើអញឈឺមិនបាច់យកទៅពេទ្យទេកូន អញខឹងណាស់! ឥឡូវអស់យោបល់ហើយ ខ្ញុំនិយាយមិនកើតទេ»។
ទាក់ទងនឹងបញ្ហាខាងលើនេះ មន្រ្តីជាន់ខ្ពស់ម្នាក់នៃមន្ទីរពេទ្យបង្អែកនៅក្នុងខេត្តព្រៃវែងបានមានប្រសាសន៍បំភ្លឺថា ក្រុមគ្រូពេទ្យបានព្យាយាមអស់ពីលទ្ធភាពហើយក្នុងការសង្រ្គោះជាបន្ទាន់ ប៉ុន្តែមិនអាចធ្វើទៅបាន ពីព្រោះស្រ្តីរូបនោះមានជំងឺទឹកនោមផែ្អមផង ទឹកនោមប្រៃផងនិងហើមផង។
មន្ត្រីដដែលបានបញ្ជាក់ថា ៖ «គាត់ទឹកនោមផ្អែម៣បូក ហើយទឹកនោមប្រៃហ្នឹង៣បូក រួចហើយហើមហ្នឹងធំមែនទែន ហើមទាល់តែក្រុមខ្ញុំខ្លាច អត់ហ៊ានធ្វើអី។ គាត់មកដល់ គាត់មានលុយ២០ម៉ឺនមែន ហើយគាត់មកប្រាប់ខ្ញុំ បុគ្គលិកខ្ញុំគេឲ្យបង់បួនដប់ម៉ឺន។ ខ្ញុំប្រាប់ថា លើកលែងថ្លៃឲ្យគាត់ទាំងអស់ទៅ ហើយជូនគាត់ទៅភ្នំពេញទៅ ហើយគាត់អត់មានលទ្ធភាពទៅណាទៅណី នៅដេកហ្នឹងទៅ ក៏ស្លាប់ទៅ។ ចៃដន្យថ្ងៃហ្នឹងឡានខ្ញុំត្រូវបញ្ជូនអ្នកជំងឺ គេមកភ្នំពេញពីព្រឹកបាត់ហើយ»។
ស្រ្តីរងគ្រោះនោះមានឈ្មោះ ហោ អឿង អាយុ៣០ឆ្នាំ បានស្លាប់កាលពីល្ងាចថៃ្ងសុក្រ ទី៣០ ខែតុលាថ្មីៗនេះ វេលាម៉ោង៤:៣០នាទីល្ងាច នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនោះ ហើយសាកសពត្រូវបានក្រុមគ្រួសារបានបូជារួចហើយ។
ប្រភពនានានៃការសិក្សាស្រាវជ្រាវនិងមន្រ្តីរបស់ក្រសួងសុខាភិបាលកន្លងមកបានទទួលស្គាល់ថា អត្រាមរណភាពរបស់មាតាឬទារកនៅពេលសម្រាលកូនគឺមានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ដោយសារមានមូលហេតុនានា រាប់ទាំងភាពក្រីក្រផងដែរ។ ប៉ុន្តែយ៉ាងដូច្នេះក្តី គេនៅតែមិនទាន់ឃើញរដ្ឋាភិបាលចាត់វិធានការច្បាស់លាស់នៅឡើយទេក្នុងការសង្គ្រោះបន្ទាន់ទៅលើក្រុមអ្នកក្រដែលស្វែងរកសេវាសុខភាពរបស់រដ្ឋ៕
