ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក ប៉ា សុជាតិវង្ស បានទៅប្រកាសផ្ទេរតំណែងចៅសង្កាត់ព្រែកប្រា នៅព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១២។
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៨ ធ្នូ ថា ការដកតួនាទីចៅសង្កាត់ព្រែកប្រា ឈ្មោះ ជួប ស៊ីថា មកពីគណបក្សប្រជាជនកម្ពុជា នោះ គេធ្វើឡើងដោយអាថ៌កំបាំង មិនបានប្រកាសឲ្យប្រជាពលរដ្ឋដឹងជាមុនអំពីមូលហេតុនៃការដកតួនាទីចៅសង្កាត់នេះទេ។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ចៅសង្កាត់ឈ្មោះ ជួប ស៊ីថា ប្រជាពលរដ្ឋបានបោះឆ្នោតជូនចំនួនបីអាណត្តិមកហើយ ដោយសារលោកបានបំពេញតួនាទីល្អជូនប្រជាពលរដ្ឋ មិនស៊ីសំណូក និងជួយសម្រួលការងារជូនប្រជាពលរដ្ឋគ្រប់ពេល តែត្រូវបានសាលារាជធានីភ្នំពេញ ដកតួនាទីគាត់ទៅវិញ។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ រស់ សំអាង បានលើកឡើងថា ការដកតួនាទីចៅសង្កាត់នេះ ជារឿងមិនប្រក្រតី ពីព្រោះថា ចៅសង្កាត់ព្រែកប្រា នេះ បានជាប់ឆ្នោតដោយសារតែប្រជាពលរដ្ឋបោះឆ្នោតជូន តែមូលហេតុអ្វីបានជាប្រជាពលរដ្ឋបោះឆ្នោតជូនហើយ បែរជាថ្នាក់លើមកដកតួនាទីគាត់ទៅវិញ? អ្នកស្រីអះអាងថា ការធ្វើដូច្នេះជារឿងអយុត្តិធម៌។
ការបញ្ចេញប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីអភិបាលរងរាជធានីភ្នំពេញ និងអភិបាលខណ្ឌមានជ័យ បានទៅប្រកាសតែងតាំងជំទប់ទី១ ឈ្មោះ ហួ ហួត ជាចៅសង្កាត់ថ្មីជំនួសលោក ជួប ស៊ីថា។ លោក ប៉ា សុជាតិវង្ស បានលើកហេតុផលថា លោកចៅសង្កាត់ ជួប ស៊ីថា បានស្នើសុំលោកលាលែងពីតួនាទីពីចៅសង្កាត់ជាច្រើនលើក ដោយសារលោកមានជំងឺ និងចង់វិលទៅអង្គភាពចាស់របស់គាត់វិញ នៅកងពលតូចង៧០។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អតីតចៅសង្កាត់ព្រែកប្រា លោក ជួប ស៊ីថា បានបដិសេធថា លោកមិនដែលស្នើសុំលាលែងឈប់ពីតួនាទីជាចៅសង្កាត់ទេ ហើយលោកក៏មិនមានជំងឺអ្វីដែរ។ លោក ជួប ស៊ីថា អះអាងថា កន្លងមកលោក ប៉ា សុជាតិវង្ស បានហៅលោកទៅប្រជុំសម្ងាត់ ដោយបង្ខំឲ្យលោកលាលែងពីតួនាទី។ លោកបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស បានប្រាប់លោកថា ការឲ្យលោកលាលែងពីតួនាទីនេះ គឺមានចំណាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅដើមខែធ្នូ ឆ្នាំ២០១២ ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ បានយកលិខិតស្នើសុំលាលែងពីតួនាទីឲ្យលោកផ្ដិតមេដៃ។
ប្រធានគណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី នៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា មេឃុំ ឬចៅសង្កាត់ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ និងនៅក្រោមបក្ស ដូច្នេះ ប្រសិនបើដកតួនាទីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយនោះ លុះត្រាតែក្រុមប្រឹក្សាឃុំ-សង្កាត់នោះបានធ្វើខុសធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា លោកមិនទាន់ដឹងអំពីករណីនេះទេ ដោយលោកបានបង្វែរឲ្យសួរទៅលោក ឡេង វី ជាអគ្គនាយកអគ្គរដ្ឋបាលនៃក្រសួងមហាផ្ទៃ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឡេង វី ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី១៨ ធ្នូ។
សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកប្រា មានចំនួន ៩រូប ក្នុងនោះក្រុមប្រឹក្សាសង្កាត់នៃគណបក្សប្រជាជនកម្ពុជា ចំនួន ៧រូប និងសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្ស សម រង្ស៊ី ចំនួន ២រូប។ លោក ជួប ស៊ីថា ជាបក្ខជនមកពីគណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតជាចៅសង្កាត់ព្រែកប្រា ចំនួនបីអាណត្តិមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។