កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

សោភ័ណភាព​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មាន​សភាព​ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា ដោយសារ​តែ​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​មាន​មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​លើ​ពិភពលោក​មក​ចូលរួម។

0:00 / 0:00

បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សមត្ថកិច្ច និង​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ បាន​មមាញឹក​ក្នុង​ការ​រៀបចំ​សួនច្បារ សណ្ដាប់ធ្នាប់ និង​សន្តិសុខ នៅ​តាម​ដង​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​តាម​ដង​វិថី​ដែល​គណៈប្រតិភូ​ធ្វើ​ដំណើរ​ឆ្លង​កាត់។

បញ្ហា​សុវត្ថិភាព​គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ចំពោះ​គណៈប្រតិភូ​ដែល​មក​ចូលរួម​ប្រជុំ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​មាន​មេដឹកនាំ​ប្រទេស​មហា​អំណាច​ធំៗ​ចូលរួម​ដែរ​នោះ។

សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ បាន​រៀបចំ​រួច​ជា​ស្រេច ដើម្បី​ត្រៀម​ខ្លួន​ទទួល​គណៈប្រតិភូ មន្ត្រី​អ្នក​មុខ​អ្នក​ការ និង​ភ្ញៀវ​មក​ពី​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន និង​បណ្ដា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា កងកម្លាំង​ការពារ​ចម្រុះ​នឹង​ចូលរួម​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់ និង​បង្ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​នៅ​ក្នុង​ពេល​កិច្ច​ប្រជុំ​នេះ។

លោក ជួន សុវណ្ណ៖ «យើង​បាន​ពង្រឹង​គ្រប់​វិធានការ​ទាំង​អស់​ដើម្បី​ការពារ​កិច្ច​ប្រជុំ​អាស៊ាន​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ ក្នុង​នោះ​គឺ​យើង​បាន​ប្រើប្រាស់​វិធានការ​ច្រើន។ បើ​យើង​និយាយ​អំពី​កម្លាំង​វិញ គឺ​យើង​ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​ធ្វើ​ការងារ​ការពារ​នេះ។ ប្រតិភូ​នៅ​បណ្ដា​ប្រទេស​មួយៗ ដែល​គេ​អញ្ជើញ​មក​គេ​តែង​តែ​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន​គេ​មក​ជាប់​ជា​មួយ។ ប៉ុន្តែ​អ្វី​ដែល​យើង​សង្កេត​ឃើញ​ថា ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ប្រាកដប្រជា​ក្នុង​ការងារ​ការពារ​នេះ គឺ​អ្វី​ដែល​ជា​ច្បាប់​សម្រាប់​ប្រទេស​យើង គឺ​ត្រូវ​បាន​គេ​គោរព​ទាំង​កម្លាំង​ការពារ ទាំង​អាវុធ​ដែល​ត្រូវ​យក​ចូល​មក​ការពារ គឺ​សុទ្ធ​តែ​បាន​បញ្ជាក់​ជូន​ក្រសួង​ការបរទេស មាន​កំណត់​ទូត​ត្រឹមត្រូវ​មក​សមត្ថកិច្ច​សម្រាប់​ការងារ​អនុវត្ត»

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្ដម​សេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធិ បាន​ប្រាប់​អ្នក​កាសែត​ថា អាជ្ញាធរ​ប្រើ​កង​កម្លាំង​ចម្រុះ​សរុប​ជាង ១​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ ក្នុង​នោះ​មាន​កង​រាជ​អាវុធ​ហត្ថ នគរបាល​ជាតិ និង​កង​កម្លាំង​ប្រឆាំង​ភេរវកម្ម។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ នឹង​មាន​មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ចូលរួម​ដូចជា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) ព្រម​ទាំង​មេ​ដឹក​នាំ​នៃ​ប្រទេស​ឥណ្ឌា (India) ជប៉ុន (Japan) អូស្រ្តាលី (Australia) ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) និង​ប្រទេស​រ៉ុស្ស៊ី (Russia) ជាដើម។

យ៉ាង​ណា​ក៏​ដោយ​ទាក់ទង​និង​បញ្ហា​សន្តិសុខ សុវត្ថិភាព​នេះ មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បដិសេធ​អត្ថាធិប្បាយ​ព្រោះ​ជា​រឿង​កិច្ចការ​សន្តិសុខ។

ទន្ទឹម​នឹង​ការ​គិតគូរ​ពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​នេះ និយាយ​អំពី​សោភ័ណ​ក្រុង​វិញ ក៏​មិន​អន់​ប៉ុន្មាន​ដែរ។ ទីក្រុង​ភ្នំពេញ​មាន​សភាព​ខុស​ប្លែក​ពី​ធម្មតា ក្រុម​កម្មករ​របស់​សាលាក្រុង​បាន​មមាញឹក​ណាស់ ក្នុង​ការ​ថែទាំ​បរិស្ថាន​នៅ​ក្នុង​ទីក្រុង ដូចជា ការ​បំពាក់​ភ្លើង​អគ្គិសនី​បន្ថែម​នៅ​តាម​សួនច្បារ ថែ​សួន កាត់​ដើម​ឈើ​ដែល​ដុះ​នៅ​ស៊ុបទ្រុប​នៅ​តាម​ដង​ផ្លូវ​ជា​ដើម។

បុគ្គលិក​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក្រុង​ភ្នំពេញ លោក មិន សាវុធ បាន​ថ្លែង​ថា គាត់​និង​ក្រុម​ការងារ​បាន​យក​ទង់ជាតិ​របស់​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ចង​នៅ​តាម​មហាវិថី​សំខាន់ៗ ដើម្បី​ជា​ការ​អបអរ​សាទរ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ។ គាត់​បន្ត​ថា ការងារ​នេះ​លៃ​យ៉ាង​ណា​ធ្វើ​ឲ្យ​បាន​រួច​រាល់​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា មុន​មួយ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​មក​ដល់៖ «គណៈកម្មាធិការ​បុណ្យ​ជាតិ​ចង​ទង់​ជាតិ​អាស៊ាន។ តាម​ផ្លូវ​ធំៗ តាម​ស្ថានទូត គិត​ទៅ​ចង​តាំង​ពី​តារាង​កប៉ាល់ហោះ​ពោធិចិនតុង​មក​រហូត ទៅ​ដល់​ចំការមន​ស្ថានទូត​កូរ៉េ។ ចង​ម្សិល​មិញ នៅ​មួយ​ថ្ងៃ​ហ្នឹង​ពេញ​ទៀត បាន​ហើយ»

រីឯ​បញ្ហា​បរិស្ថាន​និង​អនាម័យ​ក្រុង​វិញ នាយក​រង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី លោក សេង ចំរើន បាន​ថ្លែង​ថា កម្មករ​របស់​ក្រុមហ៊ុន​ប្រមាណ ១​ពាន់​នាក់ បាន​ត្រៀម​ធ្វើ​ការ​បន្ថែម​ម៉ោង​លើស​ពី​ថ្ងៃ​ធម្មតា ក្នុង​ការ​ប្រមូល​សំរាម និង​កាក​សំណល់​នានា សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ៖ «ថ្ងៃ​អាស៊ាន​នេះ​ដែល​មាន​គណៈប្រតិភូ​ពី​គ្រប់​ប្រទេស​លើ​ពិភពលោក​យើង​មក​ចំ​ផ្លូវ​ហ្នឹង ហើយ​ខាង​ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​សាលា​រាជធានី​ភ្នំពេញ ដាក់​ផែនការ​អស់​ហ្នឹង​ជជែក​គ្នា យើង​ធ្វើ​បន្ថែម​ដូច​ខ្ញុំ​កំពុង​និយាយ​ហ្នឹង យើង​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​បាន​ស្អាត»

ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​កំពូល​នេះ សាកល​វិទ្យាល័យ និង​សាលា​រៀន​មួយ​ចំនួន ក៏​នឹង​តម្រូវ​ឲ្យ​មាន​ការ​ផ្អាក​ការ​សិក្សា​បណ្ដោះ​អាសន្ន​ដែរ។ និស្សិត​និង​សិស្ស​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ និង​សាលា​រៀន​នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​មហា​វិថី​ម៉ៅសេទុង ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​សម្រួល​ដល់​រដ្ឋមន្ត្រី និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ដែល​នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ជៀសវាង​ការ​រំខាន​ដោយ​ការ​កក​ស្ទះ​ចរាចរណ៍។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យោគយល់ ចំពោះ​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​នានា នៅ​ភ្នំពេញ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​រដ្ឋាភិបាល ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ ក្នុង​នាម​ជា​ម្ចាស់ផ្ទះនៃ​កិច្ចប្រជុំ​កំពូល​នេះ។

លោក ហ៊ុន សែន៖ «គឺ​សុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឋានៈ​យើង​ជា​ម្ចាស់​ផ្ទះ​ប្រធាន​អាស៊ាន មិនមែន​មាន​តែ ហ៊ុន សែន មួយ​ទេ យើង​ទាំងអស់​គ្នា​ជា​ជនជាតិ​កម្ពុជា ជា​ប្រធាន​អាស៊ាន។ ហើយ​ក្នុង​ហ្នឹង​ទីក្រុង​ភ្នំពេញ គឺ​ជា​ទីកន្លែង​ដែល​យើង​ទាំង​អស់​នេះ ទទួល​ស្វាគមន៍​ភ្ញៀវ​ក្នុង​ឋានៈ​យើង​ជា​ម្ចាស់​ផ្ទះ។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ស្នើ​សុំ​បិទ​សាលា​មួយ​ចំនួន ដែល​ឋិត​នៅ​តាម​ដង​ផ្លូវ​នៃ​ការ​ធ្វើ​ដំណើរ​របស់​គណៈប្រតិភូ​ដើម្បី​ចេញ​ចូល​ការ​ប្រជុំ ខ្ញុំ​ក៏​បាន​ចារ​យល់​ព្រម​ហើយ​ដែរ។គឺ​បិទ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២១»

យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ចេញ​ជា​បន្ត​បន្ទាប់ បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ដង​វិថី​សំខាន់ៗ ដែល​មាន​គណៈប្រតិភូ​ឆ្លងកាត់ និង​ស្នាក់​នៅ ធ្វើ​យ៉ាង​ណា​រួម​ចំណែក​អនាម័យ​បរិស្ថាន និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ សេចក្ដី​ណែនាំ​មួយ​ទៀត បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រកប​អាជីវកម្ម លក់​ដើមផ្កា លើក​ដើម​ឈើ និង​លក់​រថយន្ត​តាម​មហាវិថី​សហព័ន្ធ​រុស្សី និង​មហាវិថី​ព្រះ​នរោត្តម ក៏​ត្រូវ​ផ្អាក​អាជីវកម្ម​ក្នុង​អំឡុង​ពេល​ប្រជុំ​នេះ​ដែរ។

យ៉ាង​ណា​មិញ​នៅ​គ្រា​ដែល​កិច្ច​ប្រជុំ​អាស៊ាន​ដំណើរការ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប្រកាស​ដាច់​អហង្ការ​ថា ដើម្បី​រក្សា​សន្តិសុខ និង​ការពារ​សុវត្ថិភាព​របស់​មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន ដែល​មក​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​នេះ រដ្ឋាភិបាល​មិន​អនុញ្ញាត​ជា​ដាច់​ខាត គឺ​មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ណា​មួយ នៅ​តាម​ដង​ផ្លូវ​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។