អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងបានថ្លែងថា សំណើរបស់ខ្លួនទៅតុលាការឲ្យដោះលែងអ្នកកាសែតខ្មែរ គឺលោក ហង្ស ចក្រា ចាងហ្វាងកាសែត និងលោក រស់ សុឃិត អ្នកយកព័ត៌មានកំពុងតែស្ថិតនៅក្នុងភាពស្រពេចស្រពិលពុំមានការបញ្ជាក់ជាផ្លូវការនៅឡើយទេរហូតមកដល់ពេលនេះ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី មានប្រសាសន៍ថា លោកកំពុងរង់ចាំការឆ្លើយតបពីក្រសួងយុត្តិធម៌ចំពោះការស្នើសុំឲ្យតុលាការធ្វើការដោះលែងលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក និងលោក រស់ សុឃិត អ្នកយកព័ត៌មានទស្សនាវដ្តី GLOBE ឲ្យមានសេរីភាពឡើងវិញដោយស្របទៅនឹងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌថ្មី។
លោក យឹម សុវណ្ណ ថ្លែងថា ៖ «ក្រសួងយុត្តិធម៌ដូចជាមិនមានមូលហេតុអីបដិសេធទេ ព្រោះអានេះជាច្បាប់ដែលបានចែងក្នុងច្បាប់ព្រហ្មទណ្ឌថ្មីត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខារួចហើយ»។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកត្រូវបានតុលាការរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុកចំនួន ១២ខែនិងផាកពិន័យជាប្រាក់៩លានរៀល ក្រោមបទចោទប្រកាន់ថា បានផ្សាយព័ត៌មានមិនពិតដោយសារបានចុះផ្សាយថា លោក ហ៊ុន សែន បានបំបែកសម្បុកមន្រ្តីអាក្រក់និងពុករលួយនៅជុំវិញលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក្រោមមាត្រាទី៦២ និង៦៣ នៃច្បាប់អ៊ុនតាក់។ ចំណែកលោក រស់ សុឃិត អាយុ ៤០ឆ្នាំ កាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០០៩ តុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់គុក២ឆ្នាំក្រោមបទផ្សាយព័ត៌មានមិនពិត ដោយសារតែបានផ្ញើរសារតាមទូរស័ព្ទដៃចូលទៅទូរស័ព្ទរបស់លោក សយ សុភាព ដើម្បីសាកសួរពីការជំរិតទារប្រាក់ និងបញ្ហាពុករលួយ។
ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពពត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ទិត សុធា មានប្រសាសន៍ថា ករណីនេះជានីតិវិធីរបស់តុលាការ ពីព្រោះអ្នកទាំងពីរត្រូវបានតុលាការសម្រេចសេចក្តីឲ្យមានទោសទណ្ឌរួចហើយ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីគួរតែបង្វែររឿងនេះទៅឲ្យអ្នកសារព័ត៌មានទាំងអស់គោរពតាមវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។
លោក ទិត សុធា បញ្ជាក់ថា ៖ «ខ្ញុំយល់ថា បើសិនជាមានការដោះលែងណាមួយគួរត្រូវបានទទួលទោស២ភាគ៣ជាមុនសិន ហើយជាការពិចារណាតាមក្រោយពេលដែលតុលាការមានការពិនិត្យពិច័យថា បុគ្គល២នាក់ហ្នឹងបានកែប្រែហើយ ដំណាក់កាលលើកក្រោយគេអាចបញ្ជូនសំណុំរឿងហ្នឹងទៅក្រសួងយុត្តិធម៌ នឹងពិចារណា រួចបញ្ជូនមកសម្តេចតេជោ រួចបញ្ជូនទៅព្រះមហាក្សត្រ»។
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ខៀវ កាញារីទ្ធ ដើម្បីឆ្លើយតបពីបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី២៤ ធ្នូ៕
