ការបង្ហាញជំហរ និងបញ្ជាក់ពីភាពស្អាតស្អំរបស់សមាគមន៍អ្នកប្រជាធិបតេយ្យនេះ ធ្វើឡើងក្នុងរយៈពេលជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងទៅលើប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ តែលោកមិនបញ្ចេញឈ្មោះ។ ប៉ុន្តែគេដឹងថា ប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យនោះ គឺលោក ម៉ម សូណង់ដូ។
លោក ជា បំរុង អនុប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ លោកមានប្រសាសន៍នៅថ្ងៃទី៦ ខែកក្កដា ថា អ្វីដែលលោក ប៊ុន រដ្ឋា និងខ្សែបណ្ដាញមួយចំនួនទៀតដែលបានធ្វើសកម្មភាពនៅខេត្តក្រចេះ នោះ គឺពុំជាប់ទាក់ទិនជាមួយលោក ម៉ម សូណង់ដូ និងគោលការណ៍របស់សមាគមន៍អ្នកប្រជាធិបតេយ្យទេ។
លោកបញ្ជាក់ថា លក្ខន្តិករបស់សមាគមន៍ គឺផ្អែកទៅតាមសេចក្ដីសម្រេចដែលចេញដោយក្រសួងមហាផ្ទៃ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៖ «ខាងប្រធានសមាគមន៍ខេត្តក្រចេះ ហ្នឹង ក៏គាត់អត់បានដឹង។ ហើយខេត្តក្រចេះ នេះ មិនដែលលោកប្រធាន ម៉ម សូណង់ដូ ឬខ្ញុំបានទៅធ្វើការលើកស្លាកទេ។ ហើយក៏មិនទាន់មានសមាជិកច្រើនដែរ ព្រោះឆ្ងាយណាស់។ ហើយតាមការពិតទៅ លោក ប៊ុន រដ្ឋា នេះ គាត់ជាសមាជិកសមាគមន៍មែន ប៉ុន្តែគាត់នៅឯខាងខេត្តកំពង់ចាម ឯណេះទេ។ អញ្ចឹង ខ្ញុំមិនអាចដឹងហ្មងរឿងហ្នឹង ហើយក៏គ្មានទាក់ទងនឹងសមាគមន៍ទាល់តែសោះ»។
តំណាងសមាគមន៍តាមបណ្ដាខេត្តមួយចំនួន ប្រមាណ៤០០នាក់ ដែលចូលរួមនៅក្នុងសន្និសីទកាសែត នាថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា នៅទីស្នាក់ការរបស់វិទ្យុសំបុកឃ្មុំ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពួកគាត់បានបញ្ជាក់ជំហរថា ទិសដៅរបស់សមាគមន៍ពុំមានចេតនាប្រឆាំងនឹងរដ្ឋាភិបាលទេ។ ពួកគេចាត់ទុកថា អ្វីដែលកើតឡើងនោះ គឺជាការសម្រេចចិត្តដោយឯកច្ឆន្ទរបស់លោក ប៊ុន រដ្ឋា ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៦ ខែមិថុនា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមានចាត់វិធានការតាមច្បាប់ប្រឆាំងនឹងលោក ម៉ម សូណង់ដូ ប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ។ ការបញ្ជាក់ជំហររបស់ប្រមុខរដ្ឋាភិបាល ដែលមិនបង្ហាញឈ្មោះដោយត្រង់ តែគេដឹងថាគឺជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យនោះ លោក ហ៊ុន សែន រកឃើញថា លោក ម៉ម សូណង់ដូ គឺជាអ្នកដែលស្ថិតនៅពីក្រោយចេតនាបង្កើតតំបន់អបគមន៍ ចង់បំបែករដ្ឋនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ក៏ប៉ុន្តែ លោក អ៊ំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការ លីកាដូ (Licadho) ដែលចុះឃ្លាំមើលនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ ខែកក្កដា លោកហៅការចោទប្រកាន់របស់រដ្ឋាភិបាលនេះថា គឺកើតចេញពីការព្រួយបារម្ភចំពោះការគ្រប់គ្រងដីធ្លីមិនបានល្អ។ លោក អ៊ំ សំអាត គិតថា ពុំមានហេតុផលណាមួយដែលរកឃើញថា ជម្លោះកើតពីបញ្ហាដីធ្លីនេះ បំណងចង់បង្កើតតំបន់អបគមន៍នោះទេ។
លោក អ៊ំ សំអាត៖ «របស់ប្រទេសមួយ ហើយនៅក្នុងរដ្ឋមួយ យើងគិតថា តាំងពីកម្លាំងប្រដាប់អាវុធ តាំងពីហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង អាហ្នឹងបានកើតជាតំបន់អបគមន៍។ ប៉ុន្តែ ដោយឡែកនៅក្នុងរឿងនេះ យើងឃើញហើយថាដំបូងទី វាមានបញ្ហាដីធ្លី រហូតដល់មិនដឹងមានការចាប់ខ្លួន ចាប់អីជាបន្តបន្ទាប់មក»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោកគិតថា ការសម្រេចចោទប្រកាន់ ឬចាប់ខ្លួនទៅបានចំពោះប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ លុះត្រាតែមានដីកាបង្គាប់ពីតុលាការជាមុនសិន។ ប៉ុន្តែ នៅពេលនេះ គឺពុំទាន់មានដីកាជាផ្លូវការណាមួយ ពីតុលាការនៅឡើយទេ៖ «រហូតដល់ពេលនេះ ខ្ញុំអត់ទាន់ឃើញមានករណីណាមួយ ដែលគេធ្វើការប្រឆាំងជាមួយអើ...នឹងបុគ្គលម្នាក់ឈ្មោះ ម៉ម សូណង់ដូ នោះឡើយ។ ជាផ្លូវការ ខ្ញុំអត់ឃើញបាទ»។
ទោះយ៉ាងណាក្តី អនុប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យអះអាងថា លោក ម៉ម សូណង់ដូ នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
