បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហការ​ក្នុង​ការ​ការពារ​ព្រៃ​ឡង់

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​បួន មាន​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ បាន​ធ្វើ​សន្និសីទ​កាសែត​ជា​ថ្មី​ម្តង​ទៅ​នៅ​ថ្ងៃ​ទី២២ ខែ​មករា ដោយ​អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ធ្វើ​ការ​កែប្រែ​ខ្លះ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​នៃ​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១១ និង​ពន្លឿន​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ​ឲ្យ​បាន​ឆាប់។

0:00 / 0:00

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចាត់​ទុក​សេចក្តី​ព្រាង​អនុក្រឹត្យ​លើ​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១១ របស់​រាជ​រដ្ឋាភិបាល មាន​ចំណុច​ល្អ​ជា​ច្រើន​ដែល​អាច​ជួយ​ការពារ​ព្រៃ​ឡង់ និង​អភិរក្ស​ជីវចម្រុះ ការពារ​ប្រភព​ទឹក និង​តុល្យភាព​បរិស្ថាន ព្រម​ទាំង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់។

ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​គួរ​មាន​ការ​កែប្រែ​មាត្រា​ខ្លះ និង​ដាក់​បញ្ចូល​សមាសភាព​របស់​បណ្ដាញ​សហគមន៍​ឲ្យ​ចូល​រួម​ផ្ទាល់​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ការពារ​ព្រៃ​ឡង់​នោះ។

តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ លោក ហឿន សុភាព ឲ្យ​ដឹង​ថា ក្នុង​មាត្រា​៦ ត្រង់​ចំណុច​ទី៧ នៃ​អនុក្រឹត្យ​ដែល​បាន​ហាម​ប្រាម​ការ​ប្រមូល​ផល និង​អនុផល​ព្រៃ​ឈើ​ទូទៅ ដែល​អាច​រួម​មាន​ការ​ប្រមូល​អនុផល​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច។ ត្រង់​មាត្រា​៣ និង​មាត្រា​៤ ដែល​កំណត់​ទំហំ​ដែន​ការពារ​អភិរក្ស និង​អាច​កែប្រែ​បាន​ប្រសិន​បើ​មាន​ករណី​ចាំបាច់ ជា​ចំណុច​ដែល​បណ្ដាញ​សហគមន៍​មិន​ពេញ​ចិត្ត និង​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ។

លោក ហឿន សុភាព៖ «ដោយ​សារ​តែ​មាន​ការ​កែប្រែ​អ៊ីចឹង សហគមន៍​យើង​អត់​សូវ​សប្បាយ​ចិត្ត ដោយ​ខ្លាច​គេ​កែប្រែ​ទំហំ​ផ្ទៃដី​តូច​ជាង​នោះ​ទៅ​ទៀត។ សហគមន៍​ខ្ញុំ​បាន​ពិភាក្សា យើង​បាន​ពិភាក្សា​គ្នា​ក្នុង​មាត្រា​នីមួយៗ គឺ​គេ​អត់​បាន​ដាក់​បញ្ចូល​សមាសភាព ឬ​ក៏​សហគមន៍​យើង​ការពារ និង​អភិរក្ស​លើ​តំបន់​ព្រៃ​ឡង់​ទាំង​មូល​ទេ គឺ​គេ​ដាក់​ទៅ​ក្រសួង​កសិកម្ម អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​មូលដ្ឋាន និង​អភិបាល​ខេត្ត»

សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ មាន ៤​ជំពូក និង ៩​មាត្រា។ សេចក្តី​ព្រាង​នេះ មាន​គោល​ដៅ​បង្កើត​តំបន់​ព្រៃ​ការពារ សម្រាប់​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ កំពង់ធំ ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង លើ​ទំហំ​ផ្ទៃ​ក្រឡា​សរុប ៦១៥.៣០៦​ហិកតារ។

សកម្មជន​សិទ្ធិ​មនុស្ស និង​ប្រជា​សហគមន៍​ព្រៃ​ឡង់ បាន​បើក​យុទ្ធនាការ​ជា​បន្ត​បន្ទាប់ ដើម្បី​ចូល​ល្បាត​ក្នុង​តំបន់​ព្រៃ​ឡង់ ដោយ​ចូល​រុករក និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​ផ្ទាល់ និង​បាន​បើក​យុទ្ធនាការ​នានា ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ។

អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ថ្លែង​ថា សេចក្តី​ព្រាង​អនុក្រឹត្យ​ការពារ​ព្រៃ​ឡង់ រាជ​រដ្ឋាភិបាល​ដាក់​តែ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ក្នុង​ការ​អភិរក្ស ហើយ​មិន​បាន​បញ្ចូល​សហគមន៍​ឲ្យ​មាន​តួនាទី​ចូល​រួម​អភិរក្ស​ក្នុង​តំបន់ ធ្វើ​ឲ្យ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ។

តាម​គំនិត​ផ្ទាល់​របស់​លោក ឈឹម សាវុធ សេចក្តី​ព្រាង​អនុក្រឹត្យ​ដែល​ធ្វើ​ឡើង ហាក់​មិន​មាន​ប្រយោជន៍​ទាល់​តែ​សោះ ហើយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ រឹត​តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​មិន​មាន​អាជ្ញាធរ​ទប់ស្កាត់៖ «ជា​ការ​ពង្រាង​មួយ​អត់​មាន​ប្រយោជន៍​អី​ទាល់​តែ​សោះ ហើយ​ការ​កាប់​បំផ្លាញ​រឹត​តែ​បន្ត​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង រហូត​មក​ដល់​ពេល​នេះ មាន​ការ​កាប់​ចម្ការ​រាប់​រយ​រាប់​ពាន់​ហិកតារ សឹង​អស់​ព្រៃ​ឡង់ ជាង​មួយ​ចំហៀង​ទៅ​ហើយ នៅ​តែ​គ្មាន​ការ​ទប់ស្កាត់»

កន្លង​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​កំពង់ធំ ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន​២៩ មាន​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស ដែល​មាន​ផ្ទៃដី​សរុប​ជាង ១​សែន​ហិកតារ។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​ឡង់ ដោយ​សារ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​ផ្ទៃដី​ដាំ​ដើម​កៅស៊ូ ពិសេស ប៉ះពាល់​ទៅ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ពួក​គាត់​រស់​នៅ​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ។

លោក ឈឹម សាវុធ បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅ​តែ​ពី​ក្រុមហ៊ុន​ឯកជន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​រាប់​រយ​រាប់​ពាន់​ម៉ែត្រ​គូប ក៏​នៅ​មាន​ការ​កាប់​ព្រៃ​ឈើ​រាន​យក​ដី​ធ្វើ​ចម្ការ​រាប់​ពាន់​ហិកតារ​បន្ថែម​ទៀត។ លោក​សង្ស័យ​ថា ប្រហែល​ជា​មាន​បទ​បញ្ជា​ណា​មួយ​ដាក់​កម្ទេច​តំបន់​ព្រៃ​ឡង់​នោះ​ចោល​តែ​ម្តង ទើប​មិន​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ។

លោក ឈឹម សាវុធ៖ «ប្រហែល​ជា​គេ​បើក​ដៃ​ដើម្បី​ឲ្យ​កម្ទេច​ព្រៃ​ហ្នឹង​ចោល​តែ​ម្តង ព្រោះ​ខ្ញុំ​គិត​ថា​បើ​មាន​អនុក្រឹត្យ និង​បទ​បញ្ជា​របស់​សម្ដេច ដែល​គាត់​ប្រកាស​រាល់​ថ្ងៃ គួរ​តែ​មាន​មន្ត្រី​ជំនាញ​ទប់ស្កាត់​ហើយ។ ប៉ុន្តែ​ដល់​ពេល​ឥឡូវ ពេល​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​រាល់​ដង អត់​ដែល​ឃើញ​មន្ត្រី​ជំនាញ​ណា ហើយ​ឈើ ទាំង​អនាធិបតេយ្យ ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នក​មាន​អំណាច ទាំង​ក្រុមហ៊ុន​សម្បទាន​ដែល​គាត់​ចូល​ទៅ​កាប់​ខុស ដី​សម្បទាន​របស់​គាត់ ហើយ​ដឹក​ឡាន​ខូង​ផ្លូវ​អស់​រាប់​រយ​រាប់​ពាន់​រាប់​ម៉ឺន​ម៉ែត្រ​គូប ជា​រៀង​រាល់​ថ្ងៃ។ អ៊ីចឹង​អនុក្រឹត្យ​ពង្រាង​ដែល​សហគមន៍​ហ្នឹង ខ្ញុំ​គិត​ថា​ចុង​ក្រោយ គឺ​គ្មាន​បាន​លទ្ធផល​អី​ទេ ព្រៃ​នឹង​រលាយ​ក្នុង​ពេល​ឆាប់ៗ»

តាម​រយៈ​ការ​ប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្នាក់​មូលដ្ឋាន ថ្នាក់​តំបន់ រហូត​ដល់​ថ្នាក់​ជាតិ​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ គេ​កត់​សម្គាល់​ឃើញ​ថា ខ្លឹមសារ​រួម​នៃ​សេចក្តី​ព្រាង​អនុក្រឹត្យ​ការពារ​ព្រៃ​ឡង់ បាន​ឆ្លើយ​តប​ចំពោះ​ច្បាប់​ដែល​ពាក់ព័ន្ធ​នានា រួម​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ច្បាប់​បរិស្ថាន ច្បាប់​ភូមិបាល ច្បាប់​ព្រៃ​ឈើ និង​ច្បាប់​ដទៃ​ទៀត។ សេចក្តី​ព្រាង​នោះ មាន​ចំណុច​ល្អ​ជា​ច្រើន​ដែល​អាច​ជួយ​ការពារ​ព្រៃ​ឡង់ និង​អភិរក្ស​ជីវចម្រុះ ព្រម​ទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់។

ក៏ប៉ុន្តែ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឡើយ​ទេ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ក៏​ដូច​ជា​បណ្ដាញ​សហគមន៍​ដទៃ​ទៀត អំពាវនាវ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល៖
-ទី១ រៀបចំ​ឲ្យ​មាន​ការ​ជួប​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ព្រៃ​ឡង់ រវាង​រដ្ឋាភិបាល និង​តំណាង​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខេត្ត។
-ទី២ ជំរុញ​ការ​អនុម័ត​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់។
-ទី៣ ឲ្យ​រដ្ឋាភិបាល​រក្សា​ទុក​នូវ​ទំហំ​ផ្ទៃដី​ព្រៃ​ឡង់ ៦១៥.៣០៦​ហិកតារ ក្នុង​សេចក្តី​ព្រាង​លើក​ទី១។
-ទី៤ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ព័ត៌មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់​ជា​សាធារណៈ។
-ទី៥ សូម​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច រ៉ែ សម្បទាន​ព្រៃ​ឈើ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់។
-ទី៦ សូម​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់ និង​គាំទ្រ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដែល​មាន​ស្រាប់។
-ទី៧ បណ្ដាញ​ព្រៃ​ឡង់ សូម​សហការ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​ទាន់​ទទួល​បាន​នូវ​លិខិត​ស្នើសុំ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៖ «សេចក្តី​អំពាវនាវ​របស់​ប្រជាពលរដ្ឋ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​ទាន់​ទទួល​បាន​អី​ទេ ហើយ​ទី២ ជម្រាប​ជូន​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការងារ​ហ្នឹង មាន​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ដែល​ជា​ម្ចាស់​នៃ​ការ​ពង្រាង​អនុក្រឹត្យ​នេះ​ឯង អាស្រ័យ​ហេតុ​ដូច្នេះ ព័ត៌មាន​ដែល​យើង​ត្រូវ​ទទួល​បាន​នៅ​តាម​ក្រសួង​ទៅ​តាម​ក្រសួង​ដែល​ជា​ជំនាញ​ពាក់ព័ន្ធ ក៏​ដូច​ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​យើង​មាន​តួនាទី និង​ទទួល​ព័ត៌មាន និង​ជម្រាប​ជូន​ដល់​សាមី​ក្រសួង»

តំបន់​ព្រៃ​ឡង់ មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ចំនួន​បួន មាន​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ។ វា​ជា​ព្រៃ​ធម្មជាតិ ដែល​មាន​ទំហំ​ធំ​ជាង​គេ​នៅ​ភូម​ភាគ​អាស៊ី។ តំបន់​ព្រៃ​ឡង់​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា ជា​ព្រៃ​ស្រោង និង​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ។ វា​ជា​ជម្រក​សត្វ​ព្រៃ​ចំនួន ២៧​ប្រភេទ និង​មាន​ឈើ​ប្រណិតៗ​ដ៏​មាន​តម្លៃ​ចំនួន ២០​ប្រភេទ។ ពលរដ្ឋ​នៅ​តំបន់​នោះ ត្រូវ​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ជាង ៧​សែន​នាក់ រស់​នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឡង់​ជា​រៀង​រាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។