សហគមន៍ទាំងនោះបានអះអាងថា ឈើប្រមាណ៥០០ទៅ៦០០ម៉ែត្រគូប ត្រូវបានគេកាប់អារគរទុកក្នុងព្រៃ និងដីរាប់រយហិកតារ ត្រូវបានគេកាប់រានទុកធ្វើចម្ការ ដែលធ្វើឡើងពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរ។
បណ្ដាញសហគមន៍ការពារព្រៃឡង់ គ្រោងដាក់របាយការណ៍ស្ដីពីការកាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ធំ ទៅរដ្ឋាភិបាល ដើម្បីឲ្យទប់ស្កាត់ និងចាត់វិធានការជនល្មើសតាមច្បាប់។
ការគ្រោងដាក់របាយការណ៍កាប់បំផ្លាញព្រៃឈើនេះ គឺបានធ្វើឡើងបន្ទាប់ពីបណ្ដាញសហគមន៍ព្រៃឡង់ មកពីភូមិចំនួន៦ ក្នុងខេត្តកំពង់ធំ បាននាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃឡង់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ដើម្បីល្បាត និងរុករកបទល្មើសព្រៃឈើ។
សហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហឿន សុភាព ដែលបានចុះល្បាតព្រៃឡង់ បានឲ្យដឹងនៅថ្ងៃទី១៥ សីហា ថា ពួកគាត់បានចុះល្បាតក្នុងព្រៃចំនួន៣ថ្ងៃមកនេះ បានរកឃើញថា មានបទល្មើសកាប់រុករានដីព្រៃរាប់រយហិកតារ និងដើមឈើដែលគេបានកាប់ថ្មីៗផ្ដួលរលំគរទុកជាច្រើនកន្លែង ក្នុង១កន្លែងប្រហែលជា២០០ម៉ែត្រគូប។
លោក ហឿន សុភាព៖ «ចំណុចដែលគេបានឃើញកាប់រុករានដីព្រៃ ទី១គឺមានចំណុចឃុំដងកាំបិត ឃុំសណ្ដាន់ ហើយទី៣គឺក្នុងទឹកដីឃុំមានរិទ្ធ។ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើនៅខាងជើងព្រៃឡង់ តំបន់ដែលយើងបានឃើញមានតំបន់អូឆ្នូរ តំបន់ច្រកតោ»។
អ្នកសម្របសម្រួលគម្រោងពង្រឹងអំណាចសហគមន៍ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ឈឹម សាវុធ ដែលនឹងឃ្លាំមើលបណ្ដាញសហគមន៍ព្រៃឡង់ ថ្លែងថា បណ្ដាញសហគមន៍បានរកឃើញថា អ្នកដែលជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើទាំងនោះ មានទាំងប៉ូលិស ប៉េអិម អធិការស្រុក អាជ្ញាធរឃុំ មន្ត្រីបរិស្ថានស្រុក មន្ត្រីអង្គការការពារព្រៃឈើនៅក្នុងស្រុកសណ្ដាន់ និងអ្នកមានលុយកាក់មួយចំនួន សរុបជាង២០នាក់។ លោកថា បណ្ដាញសហគមន៍ព្រៃឡង់ នឹងប្រមូលរបាយការណ៍នេះដាក់ទៅស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាល នៅសប្ដាហ៍ក្រោយ។
លោក ឈឹម សាវុធ៖ «យើងអត់មានរឹបអូស ឬក៏អត់ដុតចោលទាំងអស់ លើកនេះយើងចង់បានឯកសារភស្តុតាងជាក់ស្ដែង ដើម្បីប្រមូលទាំងអស់ហ្នឹង ហើយធ្វើរបាយការណ៍លម្អិត។ យើងយកទាំងឈ្មោះបុគ្គលល្មើសហ្នឹង ប្រជាពលរដ្ឋ និងពួកល្មើសមួយចំនួនដែលគាត់តែងតែនិយាយជាមួយប្រជាពលរដ្ឋថា គាត់បង់លុយឲ្យស្ថាប័នណាប៉ុន្មានក្នុងមួយខែ អ៊ីចឹង យើងយកព័ត៌មានទាំងអស់ហ្នឹងដាក់ទៅក្រសួងកសិកម្ម និងនាយករដ្ឋមន្ត្រី»។
យ៉ាងណាក៏ដោយ អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ បានមានប្រសាសន៍កាលពីថ្ងៃទី១៤ សីហា ដោយទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាបានកើតឡើងនៅក្នុងខេត្តរបស់លោកពិតប្រាកដមែន។ លោកថា បញ្ហានេះទុកឲ្យស្ថាប័នជំនាញជាអ្នកចាត់ការទៅតាមផ្លូវច្បាប់។
បណ្ដាញសហគមន៍ទាំងនោះបានអះអាងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ បានធ្វើឲ្យពួកគាត់ប្រឈមមុខបញ្ហាជីវភាព។
តំបន់ព្រៃឡង់មានព្រំប្រទល់ជាប់ខេត្តចំនួនបួន មានកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ វាជាព្រៃធម្មជាតិ ដែលមានទំហំធំជាងគេនៅភូមភាគអាស៊ី។ តំបន់ព្រៃឡង់មានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា ជាព្រៃស្រោង និងសម្បូរទៅដោយជីវចម្រុះ។ វាជាជម្រកសត្វព្រៃចំនួន២៧ប្រភេទ និងមានឈើប្រណិតៗដ៏មានតម្លៃចំនួន២០ប្រភេទ។ ពលរដ្ឋនៅតំបន់នោះ ត្រូវគេប៉ាន់ស្មានថា មានចំនួនជាង ៧សែននាក់ រស់នៅពឹងផ្អែកលើអនុផលព្រៃឡង់ ជារៀងរាល់ថ្ងៃ។
រដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ធំ ឲ្យទៅក្រុមហ៊ុនចំនួន២៩មានទាំង ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដែលមានផ្ទៃដីសរុបជាង១សែនហិកតារ។ ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ បានធ្វើឲ្យប៉ះពាល់ដល់ព្រៃឡង់ ដោយសារក្រុមហ៊ុនមួយចំនួននោះបានកាប់បំផ្លាញព្រៃឈើ ដើម្បីយកផ្ទៃដីដាំដើមកៅស៊ូ។ ពិសេស ប៉ះពាល់ទៅដល់ជនជាតិដើមភាគតិច ដែលពួកគាត់រស់នៅអាស្រ័យលើអនុផលព្រៃឈើ។
រដ្ឋាភិបាលកម្ពុជា កាលពីខែមេសា ឆ្នាំ២០១០ ធ្លាប់បានដកតួនាទី លោក ទី សុគន្ធ អតីតប្រធានរដ្ឋបាលព្រៃឈើពីតំណែង ដោយសារគាត់ជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
